១- និយមន័យ
តើអ្វីជាបញ្ហាស្ងួតគល់ធ្មេញ?
ស្ងួតគល់ធ្មេញ (Dry socket) ជាការឈឺចាប់គល់ធ្មេញ បន្ទាប់ពីដកធ្មេញរួច ដូចជាក្រោយពេលដកធ្មេញទាល់ជាដើម។ វាកើតឡើងនៅពេលឈាមទៅកកជាដុំនៅក្នុងរន្ធគល់ធ្មេញដែលទើបដក ដែលកន្លែងនោះគឺឆ្អឹង និងសរសៃប្រសាទនៅកណ្ដាលវាលតែម្ដង។ ប្រសិនបើគល់ធ្មេញយើងប្រែទៅស្ងួត នោះយើងនឹងចាប់ផ្ដើមឈឺក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃក្រោយពីដកធ្មេញ។ ប្រសិនបើឈឺធ្មេញបែបនេះ យើងត្រូវប្រញ៉ាប់ប្រាប់គ្រូពេទ្យធ្មេញឲ្យបានលឿន។
តើរោគសញ្ញារបស់បញ្ហាស្ងួតគល់ធ្មេញមានអ្វីខ្លះ?
ក្រោយពេលដកធ្មេញរួច យើងនឹងឃើញកន្លែងគល់ធ្មេញចំហ និងមានសភាពស្ងួត។ បើមានបញ្ហាស្ងួតគល់ធ្មេញ យើងនឹងឃើញឆ្អឹងពណ៌សត្រង់កន្លែងនោះ ដោយធម្មតាកន្លែងនោះ គួរមានឈាមកកពណ៌ក្រម៉ៅទេ។
សញ្ញារបស់បញ្ហាស្ងួតគល់ធ្មេញមានដូចជា៖
- ឈឺចាប់ខ្លាំងពីរបីថ្ងៃក្រោយពេលដកធ្មេញ
- មិនមានឈាមកកនៅកន្លែងដកធ្មេញចេញ ដែលធ្វើឲ្យគល់ធ្មេញ មានប្រហោងទទេ មិនមានអ្វីក្នុងនោះ
- អាចឃើញឆ្អឹងនៅគល់ធ្មេញ
- ឈឺចាប់ចាក់ពីគល់ធ្មេញដេញទៅដល់ត្រចៀក ភ្នែក សៀតផ្កា ឬក៏នៅខាងធ្មេញដែលដក
- ខ្យល់ដង្ហើមមានក្លិនស្អុយ
- មានរសជាតិមិនល្អលើអណ្តាត
- ឡើងហើមកូនកណ្ដុរក្រោមថ្គាម ឬក៏
- ក្ដៅខ្លួនតិចតួច
អាចមានរោគសញ្ញាផ្សេងខ្លះទៀតមិនបានរៀបរាប់នៅខាងលើ។ ដូចនេះប្រសិនបើគ្នាយើង មានរោគសញ្ញាគួរឲ្យព្រួយបារម្មណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿន។
២- ការព្យាបាល
តើយើងគួរធ្វើដូចម្ដេច?
ទោះបីជាបញ្ហាស្ងួតគល់ធ្មេញ មិនងាយបង្កជាការឆ្លងរោគ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរក្ដី តែយើងចាំបាច់ត្រូវគ្រប់គ្រងការឈឺចាប់របស់វាដែរ។ បន្ទាប់ពីដកធ្មេញរួច យើងអាចប្រើវិធីមួយចំនួន ដើម្បីជួយឲ្យធ្មេញឆាប់ជា និងកាត់បន្ថយរោគសញ្ញា ប្រសិនបើយើងមានបញ្ហាស្ងួតគល់ធ្មេញ ដោយអាចធ្វើតាមការណែនាំរបស់ពេទ្យធ្មេញ។
ខាងក្រោមនេះ គឺជាតិចនិចមួយចំនួនអាចជួយយើងបាន៖
- ស្អំទឹកកកនៅលើមុខ ក្នុងរយៈពេល ៤៨ម៉ោងដំបូងបន្ទាប់ពីដកធ្មេញ និងក្រោយពីនោះស្អំទឹកក្ដៅឧណ្ហៗ ដើម្បីកាត់បន្ថយការហើម និងជួយបំបាត់ឈឺ
- លេបថ្នាំបំបាត់ការឈឺចាប់របស់គ្រូពេទ្យ
- មិនត្រូវជក់បារី ឬប្រើផលិតផលថ្នាំជក់ជាដាច់ខាត
- ផឹកទឹកឲ្យបានច្រើន ដើម្បីផ្ដល់ជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន និងដើម្បីការពារកុំឲ្យចង្អោរចង់ក្អួត ក្រោយពេលលេបថ្នាំច្រើន
- ខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗ ឲ្យបានច្រើនដងក្នុងមួយថ្ងៃ
- ដុសធ្មេញថ្មមៗ ជុំវិញកន្លែងគល់ធ្មេញនោះ។
ត្រូវណាត់ជួបជាមួយពេទ្យធ្មេញ ដើម្បីសម្អាតមុខរបួស ឬធ្វើការតាមដានផ្សេងៗ។ ប្រសិនបើយើងចាប់ផ្ដើមឈឺឡើងវិញ ឬឈឺកាន់តែខ្លាំងមុនពេលដល់ថ្ងៃណាត់ជួប យើងត្រូវទាក់ទងសួរនាំពីបញ្ហានេះទៅកាន់គ្រូពេទ្យ។
តើយើងគួរទៅជួបពេទ្យធ្មេញនៅពេលណា?
ការឈឺចាប់តិចតួច និងអារម្មណ៍ពិបាកក្នុងមាត់ គឺជារឿងធម្មតាក្រោយពេលដកធ្មេញ។ បើគ្រាន់តែឈឺតិចតួចបែបនេះ យើងអាចលេបថ្នាំបំបាត់ឈឺចាប់ដោយខ្លួនឯង ហើយការឈឺចាប់នោះ វានឹងបាត់ទៅវិញបន្ដិចម្ដងៗ។ ប៉ុន្តែប្រសិនបើមានការឈឺចាប់ថ្មីកើតឡើង ឬឈឺខ្លាំងជាងមុនក្រោយពេលដកធ្មេញរួច ត្រូវប្រញ៉ាប់ទាក់ទងទៅពេទ្យធ្មេញវិញឲ្យបានលឿន។
៣- វិធីការពារ
តើយើងអាចការពារបញ្ហាស្ងួតគល់ធ្មេញបានដោយវិធីណា?
គ្រូពេទ្យប្រាកដជាប្រាប់ហើយថា ធ្មេញរបស់យើងត្រូវការរយៈពេលប៉ុន្មានទើបជាវិញ ហើយគាត់ក៏ប្រាប់វិធីថែមុខរបួស ក៏ដូចជារបៀបកាត់បន្ថយការឈឺចាប់ មានដូចខាងក្រោម៖
- ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល បីបួនថ្ងៃក្រោយដកធ្មេញហើយ។ ត្រូវកាត់បន្ថយការហាត់ប្រាណ ឬធ្វើសកម្មភាពធ្ងន់ៗក្នុងរយៈពេលមួយសប្ដាហ៍ដំបូងសិន ដើម្បីឲ្យឈាមកកក្នុងគល់ធ្មេញជាប់ល្អសិន។
- ផឹកទឹកឲ្យបានច្រើនក្រោយវះកាត់ មិនត្រូវពិសារគ្រឿងស្រវឹង ផឹកកាហ្វេ ឬភេសជ្ជៈមានផ្ទុកជាតិ កូបូន ឬភេសជ្ជៈក្ដៅៗ ក្នុងរយៈពេល ២៤ម៉ោងដំបូងក្រោយវះដកធ្មេញ។
- ក្នុងថ្ងៃដំបូង យើងគួរញ៉ាំតែអាហារទន់ៗសិនបានហើយ។ បើធ្មេញមិនសូវឈឺខ្លាំងពេកទេ យើងអាចញ៉ាំអាហារទន់ល្មមៗបាន។ ប៉ុន្តែមិនគួរញ៉ាំអាហារស្វិតៗ ឬហឹរនិងក្ដៅ ដោយកុំឲ្យវាទៅជាប់ក្នុងគល់ធ្មេញ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់មុខរបួសបាន។
- ក្រោយពេលវះកាត់ យើងត្រូវខ្ពុរមាត់ ដុសធ្មេញថ្នមៗ និងមិនត្រូវប៉ះកន្លែងដកធ្មេញទេ។ បន្ទាប់ពី ២៤ម៉ោងក្រោយវះដកធ្មេញរួច យើងអាចខ្ពុរមាត់ថ្នមៗ ជាមួយទឹកអំបិលក្ដៅឧណ្ហៗ ក្នុងរយៈពេលពីរម៉ោងម្ដង និងក្រោយពេលញ៉ាំអាហាររួច ដោយយើងត្រូវធ្វើបែបនេះក្នុងរយៈពេលមួយសប្ដាហ៍ ក្រោយពីវះដកធ្មេញរួច។
- ប្រសិនបើយើងជាអ្នកជក់បារី ត្រូវតមបារីក្នុងរយៈពេល ៤៨ម៉ោងដំបូងសិន។ ប្រសិនបើយើងជាអ្នកចុកថ្នាំជក់ យើងត្រូវផ្អាកវាយ៉ាងតិច ឲ្យបានមួយសប្ដាហ៍ដែរ ដោយសារផលិតផលថ្នាំជក់ ទៅធ្វើឲ្យមុខរបួសមិនងាយជាសះស្បើយ ហើយក៏បង្កឲ្យមានផលរំខានច្រើនដែរ។
[embed-health-tool-bmi]