ដឹងឮច្រើនឆ្នាំថា ជក់បារី និងប្រើថ្នាំជក់ នាំឲ្យខូចសុខភាព ថែមទាំងអាចបណ្ដាលឲ្យមាន បញ្ហាមាត់ធ្មេញ និងបង្កជាជំងឺអញ្ចាញធ្មេញទៀត។
ដឹងឮច្រើនឆ្នាំថា ជក់បារី និងប្រើថ្នាំជក់ នាំឲ្យខូចសុខភាព ថែមទាំងអាចបណ្ដាលឲ្យមាន បញ្ហាមាត់ធ្មេញ និងបង្កជាជំងឺអញ្ចាញធ្មេញទៀត។

ជក់បារីអាចធ្វើឲ្យបាត់បង់ជាលិកាជុំវិញធ្មេញ និងកាត់ផ្ដាច់មុខងារកោសិការបស់អញ្ចាញធ្មេញ ធ្វើឲ្យងាយឆ្លងជំងឺផ្សេងៗ។ ខូចជាលិកាអញ្ចាញធ្មេញ អាចបង្អាក់ការដឹកនាំចរន្តឈាម មកចិញ្ចឹមអញ្ចាញធ្មេញ និងពន្យឺតការជាសះ។ បញ្ហាទាំងនោះមានអីខ្លះ?
១- #បញ្ហាពីបារីលើមាត់ធ្មេញ
ផ្សែងបារីប្រមូលផ្ដុំដោយជាតិពុលចម្រុះ និងបង្កបញ្ហាផ្សេងៗ បូករួមទាំងមហារីក។ នៅមានផលអាក្រក់ច្រើនណាស់សម្រាប់មាត់ធ្មេញ៖
– ស្រកឆ្អឹងថ្គាម
– មានកំបោរជាប់ជើងធ្មេញ
– ល្បឿនការជាសះចុះខ្សោយ
– ងាយកើតមហារីក (រាប់តែបរិវេណមាត់)
– ងាយមានជំងឺអញ្ចាញធ្មេញ និងធ្មេញរង្គើ
– រលាកជាលិកាក្នុងមាត់ និងមានជំងឺក្រពេញទឹកមាត់
– បើដាក់ធ្មេញ ហើយដាំបង្គោលក្នុងឆ្អឹងថ្គាម អត់សូវជាប់ល្អ
– ងាយកើតជំងឺផ្ទាំងស (leukoplakia) លើអណ្ដាត និងក្នុងមាត់។
២- #ប្រើខ្សៀនិងបារីស៊ីហ្គាមានគ្រោះថ្នាក់ទេ?
ពួកវាមានបញ្ហាដូចគ្នា ហើយជក់ស៊ីហ្គាច្រើន អាចប៉ះពាល់ ធ្វើឲ្យធ្មេញខ្សោយ បាក់ ប្ដូរពណ៌ និងបញ្ហាជាច្រើនទៀត។ ទោះបីជក់ខ្សៀ និងស៊ីហ្គា មិនមានផ្សែងចូលក្នុងសួត ប៉ុន្តែពួកគេនៅតែមានឱកាសកើតបញ្ហាមាត់ធ្មេញ និងមានក្លិនមាត់អាក្រក់ និងធ្មេញប្រែពណ៌។
៣- #ចុះពពួកថ្នាំហិតនិងទំពា?
មិនថាប្រភេទហិត ឬទំពា មានផ្ដុំសារធាតុគីមី ២៨ ប្រភេទ ដែលអាចបណ្ដាលឲ្យមហារីកមាត់ធ្មេញ បំពង់ក និងបំពង់អាហារ។ ម៉្យាងទៀត ថ្នាំទំពាមានកម្រិតជាតិនីកូទីនច្រើនជាងបារី និងឆាប់ញៀនជាង ហើយថ្នាំហិតមួយកំប៉ុង សម្បូរជាតិនីកូទីនច្រើនជាងបារី ៦០ ដើម។
ថ្នាំជក់ដែលគ្មានផ្សែង អាចបណ្ដាលឲ្យរលាក និងស្រកអញ្ចាញធ្មេញមើលឃើញដល់ឫសធ្មេញ ធ្វើឲ្យឆាប់មានរោគពុកធ្មេញ។ ពេលអញ្ចាញស្រកដល់ឫសធ្មេញ ធ្វើឲ្យធ្មេញឆាប់ស្រៀវ។
ម៉្យាងទៀត ជាតិស្ករនៅក្នុងថ្នាំជក់ដែលគ្មានផ្សែង ធ្វើឲ្យឆាប់ពុកធ្មេញ រួមទាំងផលិតផលថ្នាំជក់គ្មានផ្សែងច្រើនទៀត ដែលផ្ទុកនូវកម្ទេចខ្សាច់ និងថ្មធ្វើឲ្យធ្មេញឆាប់សឹក។
៤- #មធ្យោបាយផ្ដាច់បារី
អ្នកធ្លាប់ប្រើថ្នាំជក់រយៈពេលយូរ ហើយសម្រេចចិត្តផ្ដាច់ឥឡូវនេះមិនហួសពេលទេ ថែមទាំងធ្វើឲ្យសុខភាពមាត់ធ្មេញកាន់តែប្រសើរ។
បើមិនអាចផ្ដាច់បានទាំងស្រុង គួរព្យាយាមកាត់បន្ថយការជក់តាមដែលអាចធ្វើទៅបាន ព្រោះតាមការស្រាវជ្រាវបានបង្ហាញថា អ្នកជក់បារីដែលបានកាត់បន្ថយទម្លាប់ការជក់ច្រើន ធ្វើឲ្យមានហានិភ័យបញ្ហាមាត់ធ្មេញទាប។
តែបើនៅតែពិបាកផ្ដាច់ថ្នាំជក់ ឬបារី អ្នកអាចប្រឹក្សាដើម្បីសុំជំនួយពីពេទ្យ ចេញវេជ្ជបញ្ជា ឲ្យប្រើថ្នាំ ឬឲ្យពេទ្យណែនាំកម្មវិធីព្យាបាលក្នុងការផ្ដាច់ថ្នាំជក់។
កុំចេះតែមិនអី ឥទ្ធិពលរបស់ផ្សែងបារី អាក្រក់លើសអ្វីដែល “Hello គ្រូពេទ្យ” បញ្ជាក់!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Smoking and Oral Health. http://www.webmd.com/oral-health/guide/smoking-oral-health#1. Accessed May 17, 2017.
កំណែប្រែបច្ចុប្បន្ន
27/11/2019
អត្ថបទដោយ យ៉ានណែត នីគែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ