ក្មេងៗពេលណាបាក់ធ្មេញព្រៃ ហើយដុះធ្មេញស្រុកមកជំនួសវិញ? ចម្ងល់នេះម៉ាក់ប៉ាដែលមានកូនដំបូងច្បាស់ជាចង់ដឹង។ ធ្មេញព្រៃ ជាទូទៅក្មេងចាប់ដុះនៅអាយុ ៦ខែ ហើយនឹងដុះធ្មេញព្រៃគ្រប់ទាំង ២០ ធ្មេញ នៅអាយុ ៣៣ខែ។
ទន្តបណ្ឌិត ផន ពេជ្រចន្តា បម្រើការងារនៅមន្ទីរព្យាបាលធ្មេញកម្ពុជា បានបកស្រាយថា ធ្មេញព្រៃនឹងត្រូវជំនួសដោយធ្មេញស្រុកនៅពេលក្មេងអាយុ ៦ឆ្នាំ មានន័យថា ឈានដល់អាយុ ៦ឆ្នាំ ធ្មេញស្រុកចាប់ផ្តើមដុះឡើងមក ហើយធ្មេញព្រៃចាប់ផ្តើមបាក់ ដោយធ្មេញដែលដុះមុនគេ នឹងត្រូវបាក់មុនគេដែរ។ ក្មេងៗនឹងចាប់ផ្តើមដុះធ្មេញស្រុកចាប់ពីអាយុ ៦ ដល់១៣ឆ្នាំ ពោលគឺរហូតធ្មេញព្រៃបាក់អស់ ធ្មេញស្រុកនឹងដុះគ្រប់ទាំង ៣២ធ្មេញ នៅអាយុ ២១ឆ្នាំ។
ប៉ុន្តែអ្វីដែលម៉ាក់ប៉ាគួរកត់សម្គាល់នោះ នៅក្នុងអំឡុងអាយុ ៦ឆ្នាំ នឹងមានធ្មេញស្រុក១ ដែលដុះមក ដោយគ្មានធ្មេញព្រៃនៅពីលើនោះ ធ្មេញស្រុកនេះនឹងដុះមកឯកឯងនៅខាងក្រោយបង្អស់។
ចំពោះតិចនិកសម្អាត និងថែទាំធ្មេញកូនវិញ នៅអំឡុងកូនម៉ឹមដោះម្តាយ ឬទឹកដោះគោ អាយុ ១ឆ្នាំជាងចុះក្រោម ទន្តបណ្ឌិតរូបនេះណែនាំសម្អាតធ្មេញកូនដោយប្រើកំប្រេស ឬសម្លីស្អាត យកទៅជូតអញ្ចាញ និងធ្មេញកូន ក្រោយបំបៅរួច។ រហូតដល់ក្មេងកាន់តែធំ ដុះធ្មេញព្រៃកាន់តែច្រើន អាយុប្រហែល ២ឆ្នាំទៅ ទើបយើងអាចប្រើច្រាស់ទន់ៗមកដុសធ្មេញកូន ដោយជ្រើសរើសថ្នាំដុសធ្មេញដែលមានជាតិភ្លុយអរទាប និងត្រូវដុសធ្មេញយ៉ាងហោចណាស់ ២-៣ដង/ថ្ងៃ។
ពាក់ព័ន្ធនឹងបញ្ហាក្មេងដុះធ្មេញស្រុកមក បែរជាច្រពើស វិញ ទន្តបណ្ឌិត ផន ពេជ្រចន្តា ពន្យល់ថា អាចមកពីកត្តាធម្មជាតិ និងការថែទាំធ្មេញព្រៃមិនបានល្អ។
មួយទៀតអាចមកពីម៉ាក់ប៉ាមានធ្មេញច្រពើស នោះកូនក៏អាចមានធ្មេញច្រពើសដែរ។ ចំណែកមូលហេតុផ្សេងទៀតបណ្តាលមកពីម៉ាក់ប៉ាមិនបានយកចិត្តទុកដាក់រក្សាធ្មេញព្រៃរបស់កូនបានល្អ មានដង្កូវស៊ី បាក់មុនកំណត់ ធ្វើឲ្យធ្មេញស្រុកបាត់បង់អ្នកនាំផ្លូវ រកកន្លែងដុះខ្លួនឯង ទៅជាដុះខុសទីតាំង។
“ឧ. ធ្មេញព្រៃមាន ២គ្រាប់លើ ២គ្រាប់ក្រោម ចន្លោះដែលត្រូវបាក់ធ្មេញព្រៃនៅអាយុ ៦-៧ឆ្នាំ ប៉ុន្តែចៃដន្យអីពុំមានការថែទាំបានល្អ ធ្វើឲ្យធ្មេញដង្កូវស៊ី បាក់មុនពេល។ កាលណាបាក់មុនពេលកំណត់ ធ្មេញស្រុកបាត់បង់អ្នកនាំផ្លូវឲ្យចេញមក អត់ដឹងថាចេញទៅផ្លូវណាទេ គឺរកកន្លែងចេញដោយខ្លួនឯង អ៊ីចឹងធ្មេញហ្នឹងដុះខុសទីតាំង ទៅជាច្រពើស”។ ទន្តបណ្ឌិត ផន ពេជ្រចន្តា រៀបរាប់។
[embed-health-tool-bmi]