ដូចដឹងស្រាប់ហើយ សម័យនេះធ្វើព្យាបាលធ្មេញ ដាក់ធ្មេញ ថែទាំធ្មេញឲ្យមានសុខភាពល្អ ត្រូវចាយលុយច្រើនណាស់ ហើយខាតពេលច្រើនទៀត។ សម្រាប់យើង អាចនឹងហួសពេល ប៉ុន្តែកូនៗយើងមានទាន់ហួសពេលឯណា។ គួរតែសាកល្បងវិធីសាស្ត្រថែទាំធ្មេញរបស់ “Hello គ្រូពេទ្យ” លមើល៍ ប្រហែលអាចជួយបាន ហើយជួយឲ្យកូនមានធ្មេញរឹងមាំល្អ។
១- គួរចាប់ផ្ដើមពេលណា?
តាមធម្មជាតិ ការលូតលាស់របស់ធ្មេញ ចាប់ផ្តើមតាំងពីក្នុងពោះម៉ាក់ៗមកម្ល៉េះ អំឡុងត្រីមាសទី ២ ក្រោយពពោះ។ ទោះជាពេលសម្រាលរួច យើងនៅមិនទាន់ឃើញអូនៗមានធ្មេញក៏ពិតមែន ប៉ុន្តែជាធម្មតា អូនៗអាចមានធ្មេញ ២០ រួចទៅហើយ ដោយកប់ក្រោមអញ្ចាញ និងបន្តលូតលាស់រហូត ហេតុនេះការថែទាំធ្មេញគួរធ្វើឡើង នៅពេលពន្លកធ្មេញដំបូងលានចេញមកក្រៅ ដោយប្រើវិធីថែទាំដូចជា៖
– មុនពេលធ្មេញដុះចេញមកក្រៅ ត្រូវសម្អាតអញ្ចាញធ្មេញ និងក្រអូមមាត់បេប៊ី ចៀសវាងបង្ករោគរបស់បាក់តេរី គួរប្រើកូនកន្សែងទន់ៗ។
– ពេលមានពន្លកធ្មេញ ត្រូវជ្រើសច្រាសណាដែលមានសរសៃទន់ និងថ្នាំដុះធ្មេញ ទៅតាមអាយុអូនៗ។
– អាចប្រើខ្សែរូសធ្មេញបាន ក្នុងករណីចាំបាច់
– ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ អាចប្រើថ្នាំដុះធ្មេញបាន ដោយដាក់ចំណុះប៉ុនគ្រាប់សណ្ដែក
– អូនៗអាយុក្រោម ៦ឆ្នាំ ត្រូវមានមនុស្សធំ ចាំតាមមើលពេលដុសធ្មេញម្ដងៗ ខ្លាចលេប មិនខ្ជាក់ថ្នាំចេញ ព្រោះថ្នាំដុសធ្មេញក្មេងបច្ចុប្បន្នមានក្លិនក្រអូប និងត្រជាក់ៗ ងាយស្រួលឲ្យអូនៗច្រឡំស្ករគ្រាប់។
២- ការពារកុំឲ្យពុកធ្មេញ
ដើម្បីការពារបញ្ហាទាំងនេះ ម៉ាក់ប៉ា ត្រូវចាប់ផ្ដើមសម្អាតតាំងពីប៉ុន្មានថ្ងៃក្រោយផ្តល់កំណើតទើបល្អ ដូចបានរៀបរាប់ខាងលើអញ្ចឹង។ ចៀសវាងប្រើដបទឹកដោះគោអូនៗលាយឡំគ្នា ដូចជា ដាក់ឲ្យបៅទឹកផ្លែឈើ ក្នុងដបដដែល ជាដើម ហើយត្រូវសម្អាត និងចំហុយសម្លាប់មេរោគឲ្យបានត្រឹមត្រូវ។
៣- អំឡុងពេលត្រូវការជំនួយ
អំឡុងពេលធ្មេញអូនៗកំពុងលូតលាស់ យើងអាចជួបបញ្ហាធ្មេញចៀសមិនផុត ដូចជា៖
– ប៉ះទង្គិចរហូតដល់បាក់ធ្មេញ៖ ត្រូវរក្សាធ្មេញឲ្យមានសំណើមជាប់រហូត ដូចជា ដាក់ក្នុងមាត់ និងត្រាំក្នុងទឹកដោះគោ បន្ទាប់មកត្រូវទៅជួបទន្តពេទ្យជាបន្ទាន់
– ប្រេះធ្មេញ៖ ខ្ពុលទឹកក្ដៅឧណ្ហៗ និងស្អំកន្សែងត្រជាក់នៅលើថ្ពាល់ដែលហើម
– ខាំអណ្ដាត ឬបបូរមាត់ចេញឈាម៖ ត្រូវលាងសម្អាត និងស្អំកន្សែងត្រជាក់
– ជាប់កម្ទេចក្នុងធ្មេញ៖ ប្រើខ្សែរួសធ្មេញ ឬឈើចាក់ធ្មេញបាន តែត្រូវប្រុងប្រយ័ត្នបំផុត។
៤- ក្មេងជញ្ជក់មេដៃ
នេះជាឥរិយាបថធម្មជាតិមួយរបស់ក្មេងៗ តែវានឹងបាត់ទៅវិញនៅពេលអាយុបាន ៤ ឆ្នាំ។ បើអូនៗនៅតែបន្តបៀមដៃទៀត ធ្មេញរបស់អូនៗ អាចធំទៅ ដុះមិនត្រង់ជួរ ហេតុនេះគួរទៅពិគ្រោះជាមួយទន្តពេទ្យ ដើម្បីស្វែងរកវិធីដោះស្រាយសមស្រប។
នៅមានវិធីច្រើនទៀត និងបញ្ហាជាច្រើនជុំវិញសុខភាពមាត់ធ្មេញ ដែលយើងជាប៉ាម៉ាក់ នឹងជួបប្រទះ ប៉ុន្តែអ្វីសំខាន់ គឺត្រូវថែទាំ និងបង្ការតាមតែអាចធ្វើទៅបាន ដើម្បីចៀសវាងផលវិបាកទៅថ្ងៃក្រោយ៕
[embed-health-tool-bmi]