backup og meta

​ប៉ាម៉ាក់! នេះជាវិធីសាស្ត្រ​ថែទាំ​ធ្មេញ​កូនៗទៅតាម​​វ័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 20, 2021

    ​ប៉ាម៉ាក់! នេះជាវិធីសាស្ត្រ​ថែទាំ​ធ្មេញ​កូនៗទៅតាម​​វ័យ

    មាត់​របស់​យើង​គឺ​ជា​ប្រភព​​នៃ​បាក់តេរី​គ្រប់​ប្រភេទ​ ​​ដែល​តម្រូវ​ឲ្យ​យើង​ដុះ​ធ្មេញ​ យ៉ាង​តិច​ណាស់​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។​ យ៉ាង​ណា​មិញ​ ​ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់​អំពី​ការ​ថែទាំ​មាត់​ធ្មេញ​ទេ​នោះ​ វា​អាច​​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​ និង​ធ្មេញ​មាន​ការ​ឈឺចាប់​ និង​មិន​មាន​សុខភាព​ល្អ​ផង​ដែរ​។​ការ​បណ្ដុះ​ទម្លាប់​ថែទាំ​ធ្មេញ​តាំង​ពី​​នៅ​វ័យ​ក្មេង​ នឹង​អាច​ការពារ​បញ្ហា​ពុក​ធ្មេញ​ ក៏​ដូចជា​ដង្កូវ​ស៊ី​ធ្មេញ​នៅ​ពេល​​អនាគត​​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​​​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ថែទាំ​មាត់​ធ្មេញ​របស់​កូន​ៗ ដើម្បី​ធានា​​ថា​​​អញ្ចាញ​ និង​ធ្មេញ​របស់​ពួក​គេ​មាន​សុខភាព​ល្អ​នៅ​គ្រប់​វ័យ​ទាំង​អស់​។

    . អនាម័យ​មាត់​ធ្មេញ​សម្រាប់​ទារក

    ​​​​ប៉ា​ម៉ាក់​មិន​ចាំបាច់​រង់ចាំ​រហូត​ទាល់​តែ​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ទើប​​​ថែទាំ​អនាម័យ​មាត់​ធ្មេញ​របស់​​ពួក​គេ​ឡើយ​។ ចូរ​ប្រើប្រាស់​ក្រណាត់​​ស្អាត​ និង​ទន់​ មក​ជូត​អញ្ចាញ​ធ្មេញ​​របស់​ទារក​ដើម្បី​កម្ចាត់​បាក់តេរី​ផ្សេង​ៗ​​ បន្ទាប់​ពី​បំបៅ​រួច​។​ ​នៅ​ពេល​ដែល​ទារក​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ​នៅ​អាយុ​ចន្លោះ​៦ខែ ទៅ​១២​ខែ ប៉ា​ម៉ាក់​អាច​ចាប់ផ្ដើម​​ដុះ​ធ្មេញ​ឲ្យ​អា​អូន​ ដោយ​ប្រើ​​ច្រាស់​​ដុស​ធ្មេញ​ទន់​ៗ​សម្រាប់​ទារក​។

    ប៉ា​ម៉ាក់​គួរ​ដាក់​ថ្នាំ​ដុស​ធ្មេញ​តិច​បំផុត​ ​និង​ជា​ប្រភេទ​ថ្នាំ​ដុស​ធ្មេញ​ដែល​​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​ទារក។​ បន្ថែម​ពី​នេះ​ ចូរ​​កុំ​ឲ្យ​អា​អូន​​គេង​​ដោយ​​បៀម​​ដប​ទឹក​ដោះ​គោ​នៅ​ក្នុង​មាត់​ឲ្យ​សោះ​ ​ពីព្រោះ​​សារធាតុ​រាវ​នឹង​ដក់​ជាប់​នឹង​ធ្មេញ​របស់​ទារក​ ដែល​អាច​បង្ក​ទៅ​ជា​ដង្កូវ​ស៊ី​ធ្មេញ​ និង​ពុក​ធ្មេញ​ជាដើម​។

    . អនាម័យ​មាត់​ធ្មេញ​សម្រាប់​ក្មេង​អាយុ​២​ឆ្នាំ​ឡើង​ទៅ

    នៅ​ពេល​ដែល​កូន​​មាន​អាយុ​ចាប់​ពី​​២​ឆ្នាំ​ឡើង​ទៅ​ ​ប៉ា​ម៉ាក់​អាច​​​ឲ្យ​កូន​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ​​ផ្លអូ​រាយ​ (Fluoride) ​ដោយ​សារ​តែ​ក្មេង​នៅ​អាយុ​ប៉ុណ្ណឹង​​​​ចេះ​ខ្ជាក់​​ថ្នាំ​ដុស​ធ្មេញ​ចេញ​​ពី​មាត់​របស់​ពួកគេ​បាន​ ព្រម​ទាំង​​ត្រូវ​ប្រាកដ​ថា​បរិមាណ​នៃ​ថ្នាំ​ដុស​ធ្មេញ​ មិន​ត្រូវ​ឲ្យ​លើស​ពី​ទំហំ​គ្រាប់​សណ្ដែក​​ឡើយ​។​ បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ដុស​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​​ថ្ងៃ​​ ​និង​​ចៀសវាង​ការ​​លេប​ថ្នាំ​ដុស​ធ្មេញ​​ចូល​ពោះ​​ផង​ដែរ​។

    ធ្មេញ២

    . អនាម័យ​មាត់​ធ្មេញ​សម្រាប់​កុមារ​កំពុង​លូតលាស់ ​

    ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​ត្រូវ​ប្រាកដ​ថា​កូន​ដែល​ជិត​ចូល​វ័យ​ជំទង់​​របស់​ខ្លួន​ ដុស​ធ្មេញ​យ៉ាង​ហោច​ណាស់​ ចំនួន​ពីរ​នាទី​ និង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ ម្យ៉ាង​វិញ​ទៀត​ យើង​គួរ​ណែនាំ​កូន​ឲ្យ​ចេះ​ប្រើ​ខ្សែ​ទាក់​​កម្ទេចកំទី​ដែល​តោង​ជាប់​ធ្មេញ ដើម្បី​ការពារ​​​ពុក​ធ្មេញ​ និង​ដង្កូវ​ស៊ី​ធ្មេញ​។​ នៅ​ក្នុង​វ័យ​នេះ​ ប៉ា​ម៉ាក់​គួរ​បណ្ដុះ​ទម្លាប់​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ​ពីព្រោះ​ធ្មេញ​អចិន្ត្រៃយ៍​របស់​ក្មេង​នឹង​ចាប់ផ្ដើម​ដុះ​ចេញ​មក​បន្តិច​ៗ​។ ​ប្រសិនបើ​កូន​​មាន​បញ្ហា​ដុះ​ធ្មេញ​លយ​ចេញ​ក្រៅ ឬ​​មិន​ត្រង់​ជួរ​ ពេទ្យ​ធ្មេញ​អាច​​ណែនាំ​​ឲ្យ​​ពួក​គេ​ដាក់​​ដែក​ពត់​ធ្មេញ​​ផង​ដែរ​។​ នៅ​ក្នុង​ករណី​នេះ​​ ការ​ប្រើ​ខ្សែ​ទាក់​​កម្ទេចកំទី​ចេញ​ពី​ធ្មេញ គឺ​មាន​សារសំខាន់​ណាស់​ ដែល​តម្រូវ​ឲ្យ​កូន​ត្រូវ​ប្រើប្រាស់​វា​ជា​រៀង​រាល់​ថ្ងៃ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម