១. ជំងឺគីសទឹកលើក្រពេញអូវែ
ជាទូទៅ ស្រីៗដែលមានជំងឺនេះ អាចមានវដ្ដរដូវយូរ ឬមិនប្រក្រតី ព្រមទាំងមានការកើនឡើងបរិមាណអ័រម៉ូនអង់ដ្រូសែន ដែលជាអ័រម៉ូនបុរសនៅក្នុងរាងកាយ។ ក្នុងលក្ខខណ្ឌនេះ ពងញី ជាច្រើន អាចលេចឡើងនៅលើអូវែ ដែលអាចរាំងស្ទះដល់ការបញ្ចេញពង។ មូលហេតុដែលបណ្ដាលឲ្យកើតមានជំងឺនេះ គឺដោយសារតែកម្រិតអ័រម៉ូនអង់ដ្រូសែន ក្នុងរាងកាយលើសកម្រិត ហ្សែន ឬដោយសារតែអាំងស៊ុយលីនច្រើនជ្រុល។ ភាគច្រើន ស្រីៗដែលជួបប្រទះជំងឺមួយនេះ អាចប្រឈមនឹងការដុះក្បាលពោះ កើតមុន ងាយកើតជំងឺទឹកនោមផ្អែម មករដូវមិនប្រក្រតី ឬអាចប្រឈមនឹងបញ្ហាគ្មានកូន។
២. រលាកទ្វារមាស
ស្រីៗដែលស្ថិតក្នុងដំណាក់កាលបន្តពូជ អាចជួបប្រទះការរលាកនៅក្នុងទ្វារមាស។ ការរលាកនេះ អាចកើតឡើងដោយសារតែការឆ្លងមេរោគ ការរួមភេទ ការប្រើប្រាស់ថ្នាំផ្សះ ការប្រើក្រែមលាបសំលាប់មេជីវិតឈ្មោល ឬដោយសារតែការផ្លាស់ប្ដូរអ័រម៉ូន។ ប្រសិនបើគ្នាយើងមានអាការៈរលាកនេះ យើងអាចនឹងឈឺចុកចាប់នៅពេលនោម រមាស់ទ្វារមាស ឬរលាកស្បែក ការបញ្ចេញទឹករម្អិលទ្វារមាសដែលមានក្លិនមិនល្អ ព្រមទាំងរោគសញ្ញាផ្សេងៗទៀត។