នៅពេលដែលស្ត្រីចូលដល់វ័យ ៤៥-៥៥ឆ្នាំ ហើយរាំងរដូវរយៈពេល១២ខែជាប់ៗគ្នា មានន័យថាស្ត្រីនោះអស់រដូវហើយ។ មានស្ត្រីមួយចំនួនយល់ច្រឡំរវាងការអស់រដូវទៅនឹង រាំងរដូវ កំណត់សម្គាល់ គឺអាយុរបស់ស្ត្រីផ្ទាល់តែម្ដង និងតាមការណែនាំខាងលើ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ក្នុងពេលអស់រដូវ ស្ត្រីអាចលេចចេញ ឬប្រឈមនឹងជំងឺផ្សេងៗ ឬអាចហៅថា ជំងឺមនុស្សចាស់ច្រើនដូចជា លើសសម្ពាធឈាម ទឹកនោមផ្អែម ពុកឆ្អឹង និងប្រឈមកើតជំងឺមហារីកមាត់ស្បូន គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាដើម។ ដូចនេះលោកបានណែនាំ ពីវិធីការពារសុខភាពដល់ស្ត្រី ដើម្បីចៀសវាងបញ្ហាសុខភាពចុះខ្សោយ ពេលអស់រដូវរួមមាន៖
១. ពេលជិតអស់រដូវ ស្ត្រីឈានដល់ពេលប្រឈមនឹងបញ្ហាពុកឆ្អឹងខ្ពស់ ដូចនេះស្ត្រីត្រូវវាស់កំហាប់ឆ្អឹង ធ្វើតេស្តមើលកម្រិត កង្វះកាល់ស្យូម។ ខាងគ្រូពេទ្យ និងផ្ដល់ថ្នាំជាតិកាល់ស្យូម និងវីតាមីនD ដើម្បីការពារពុកឆ្អឹងមុនពេល។
២. ស្ត្រីត្រូវតែស្វែងរកសេវាពិនិត្យឆែកមើលជាតិខ្លាញ់ តេស្តឈាមមើលជាតិស្ករ ពិនិត្យរកមហារីកមាត់ស្បូន (១-២ឆ្នាំម្ដង) ថតកៀបសុដន់ រកមើលមហារីកសុដន់ (Mamo) ១ឆ្នាំ/ម្ដង។
៣. ស្ត្រីត្រូវញ៉ាំអាហារដែលមានតុល្យភាព អាហារក្នុងមួយពេលអាចញ៉ាំតិចៗ កុំឲ្យឆ្អែតពេក (៥ពេល/ថ្ងៃ ទប់លំនឹងការឡើងទម្ងន់) និងត្រូវហាត់ប្រាណឲ្យបានទៀងទាត់។ នៅពេលដែលអស់រដូវ ភាគច្រើនស្ត្រីធាត់ និងឡើងគីឡូ។
វេជ្ជបណ្ឌិតរូបនេះបន្តទៀតថា ក្នុងករណីដែលស្ត្រីមានអាការៈធ្វើទុក្ខពីការអស់រដូវធ្ងន់ធ្ងរ រំខានដល់ការរស់នៅខ្លាំងក្លា គ្រូពេទ្យជំនាញអាចឲ្យថ្នាំធ្វើឲ្យរដូវត្រឡប់មកវិញ ដោយអាស្រ័យទៅតាមអាយុស្ត្រី និងផ្អែកលើកត្តាផ្សេងមួយចំនួនទៀត ដើម្បីកាត់បន្ថយអាការៈធ្ងន់ធ្ងរដែលបណ្ដាលមកពីការអស់រដូវនោះ។ លោកបញ្ជាក់ថា ការដែលឲ្យប្រើថ្នាំនេះ គឺនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ បើប្រើយូរពេក អាចបណ្ដាលមានផលវិបាកដូចជាកើតជំងឺមហារីកសុដន់ទៅវិញទេ។
[embed-health-tool-ovulation]