ចូលដល់វ័យគ្រប់ការស្ត្រីនឹងធ្លាក់ឈាមរដូវ ហើយការមករដូវនេះមានលក្ខណៈស្រដៀងគ្នាទាំងអស់ គឺមកជារៀងរាល់មួយខែម្ដង។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី។
លោកបន្ថែមទៀតថា ស្ត្រីខ្លះរដូវមិនមែនសុទ្ធតែមកជាទៀងទាត់រាល់ខែឡើយ។ ការមករដូវមិនទៀងទាត់នេះ ពេលខ្លះចាត់ទុកថាវាជារឿងធម្មតា ប៉ុន្តែក៏មានបញ្ហាខ្លះទៀត ជារឿងមិនមែនធម្មតា ដូចនេះស្ត្រីត្រូវស្វែងយល់ និងប្រុងប្រយ័ត្នចំពោះសុខភាព។
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីរូបនោះបានឲ្យនិយមន័យរដូវទៀង និងរដូវមិនទៀងថា រដូវទៀងជាធម្មតាឈាមធ្លាក់មករៀងរាល់ខែ វដ្តរដូវជាមធ្យម ២៨ ថ្ងៃ គឺនៅចន្លោះគម្លាតពី ២១-៣៥ ថ្ងៃ ហើយធ្លាក់ឈាម ៣-៤ ថ្ងៃ ឬ ១ សប្ដាហ៍។ ឧទាហរណ៍៖ ស្ត្រីខ្លះមានវដ្តរដូវ ២៨ ថ្ងៃ រាល់ ២៨ ថ្ងៃមកម្ដង ឬ ៣០ថ្ងៃមកម្ដង។ ខែក្រោយរដូវមកមុន ២ ថ្ងៃ ឬលើស ២ ថ្ងៃ នោះមិនជាបញ្ហាអ្វីទេ។ ករណីបែបនេះមិនបាច់ព្រួយបារម្ភទេ។
ចំណែកករណីរដូវមកលើសពី ៣៥ ថ្ងៃ ឬតិចជាង ២១ ថ្ងៃ យើងហៅថារដូវមិនទៀង។ ការធ្លាក់ឈាមរដូវមានច្រើនបែប ច្រើនសណ្ឋាន។ ស្ត្រីត្រូវដឹងថារដូវមិនទៀងបែបណា ដែលយើងចាត់ទុកថាជារឿងធម្មតា និងរដូវមិនទៀងប្រភេទណាយើងចាត់ទុកថា ជារឿងមិនធម្មតា។
១- មករដូវបែបធម្មតា
– ការធ្លាក់ឈាមរដូវនៅពាក់កណ្ដាលខែ៖ ស្ត្រីមានធ្លាក់ឈាមតិចៗរយៈពេល ១-៣ ថ្ងៃ នៅពាក់កណ្ដាលខួបរដូវ ហាក់ដូចជារដូវធ្លាក់ ១៥ ថ្ងៃម្ដង។ ករណីនេះពុំចាំបាច់ធ្វើការព្យាបាលទេ នោះចាត់ទុកថា រដូវមកទៀងធម្មតា។ តែប្រសិនបើធ្លាក់ឈាមច្រើន ត្រូវព្យាបាល។
– ការធ្លាក់ឈាមមុនពេលមករដូវ៖ ស្ត្រីមករដូវនៅថ្ងៃទី១ ប៉ុន្តែនៅថ្ងៃទី ២៤ មានធ្លាក់ឈាមរដូវទៀត។ ករណីនេះ បើឈាមមកតិចៗ ហើយមានពណ៌ក្រហមក្រមៅ ក៏មិនមានបញ្ហាអ្វីព្រួយបារម្ភ។ ផ្ទុយទៅវិញបើឈាមនោះមានធ្លាក់ច្រើន យើងគួរទៅជួបជាមួយគ្រូពេទ្យជំនាញ។
២- មករដូវបែបមិនធម្មតា
– រដូវធ្លាក់ញាប់៖ វដ្តរដូវខ្លីការមករដូវមានរយៈពេលពី ១៨ ទៅ ២១ ថ្ងៃម្ដង តែចំណុះឈាមរដូវមកប៉ុនគ្នា ហើយរយៈពេល ៣-៤ ថ្ងៃក៏ដូចគ្នាដែរ។ លក្ខណៈនេះគឺមិនធម្មតាទេ ស្ត្រីត្រូវស្វែងរកការព្យាបាល។
– រដូវរង្វើល៖ គឺវដ្តរដូវលើសពី ៣៥ ថ្ងៃ វាអាចមាន ៤៥ ថ្ងៃទើបមករដូវម្ដង។ អ្នកខ្លះ ៣ ឬ៤ ខែទើបមកម្ដង តែមករដូវមានរយៈពេល ៣-៤ ថ្ងៃដូចគ្នា។ ការមករដូវបែបនេះ មិនចាំបាច់ធ្វើការព្យាបាលទេ នេះគ្រាន់តែខួបរដូវមានរយៈពេលវែងប៉ុណ្ណោះ តែវាមានផលវិបាកបន្តិចត្រង់ថា ពិបាកក្នុងការបង្កកំណើត (ពិបាកមានកូន)។
– រដូវមកច្រើន៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឲ្យមានសភាពស្លេកស្លាំង។ ករណីនេះស្ត្រីច្រើនតែកើតមានជំងឺសរីរាង្គប្រដាប់បន្តពូជ ដូចជាជំងឺស្បូន ជំងឺមហារីក ស្ត្រីត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
– ឈាមរដូវធ្លាក់មិនស៊ីសង្វាក់គ្នា៖ ក្នុងមួយខែស្ត្រីធ្លាក់ឈាមរដូវ ៣-៤ ដង ករណីនេះច្រើនតែកើត មាននៅលើស្ត្រីគ្រប់ការ។ ចំពោះស្ត្រីនៅវ័យក្មេងក៏អត់មានបញ្ហាដែរ ប៉ុន្តែចំពោះស្ត្រីវ័យចំណាស់អាចមានជំងឺដុំសាច់ក្នុងស្បូន ឬជំងឺមហារីក។
– រដូវមិនទៀងពេលចូលវ័យអស់រដូវ៖ ជាធម្មតាស្ត្រីអស់រដូវនៅវ័យចាប់ពី ៤៥-៥៥ ឆ្នាំ បើមករដូវមិនទៀង រដូវមក ១ ខែ ពី ២-៣ ដង នៅវ័យជិតអស់រដូវ ករណីនេះអាចនឹងមានជំងឺសរីរាង្គបន្តពូជត្រូវទៅជួបគ្រូពេទ្យជំនាញ។ លក្ខណៈសម្គាល់ថា អស់រដូវលុះត្រាតែស្ត្រីអស់រដូវមួយឆ្នាំពេញ ទើបហៅថាអស់រដូវមែនទែន។
កំណត់ចំណាំ៖ បើនារីវ័យគ្រប់ការហើយ (២០ឆ្នាំ) តែគ្មានរដូវ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាល។ បញ្ហាដែលអាចកើតឡើង គាត់អាចមានដូចជាជំងឺស្បូនតូច សន្ទះព្រហ្មចារីបិទជិត ជំងឺមហារីក សរីរាង្គបន្តពូជផ្សេងៗជាដើម។
មានកត្តាមួយចំនួន ដែលធ្វើឲ្យរដូវស្ត្រីមករដូងមិនទៀងទាត់៖
– ញ៉ាំអាហារមិនគ្រប់គ្រាន់
– ព្រួយចិត្តច្រើនពេក សប្បាយចិត្តពេក និងការមានអារម្មណ៍មិនធម្មតា
– ប្រើថ្នាំពេទ្យមួយចំនួន។
[embed-health-tool-ovulation]