១-តើការប្រែប្រួលជាលិកា fibrocystic លើសុដន់មានអ្វីខ្លះ?
បម្រែបម្រួលជាលិកា Fibrocystic ក្នុងសុដន់ គឺបញ្ហាកើតឡើងញឹកញាប់លើស្រ្តីជាច្រើន។ បញ្ហាមួយនេះធ្វើស្រ្រីៗយើងមានអារម្មណ៍ថានៅលើសុដន់មានដុំពកៗ និងរឹងពេលយកដៃប៉ះ ឬពេលខ្លះទៀតឡើងហើមផងដែរ។ ពាក្យថាបម្រែបម្រួល ខាងលើនេះគឺសម្ដៅលើបញ្ហាចំនួនពីរ គឺជាលិកាសរសៃ និងដុំគីសមិនមែនជាសាច់មហារីក។
ជាលិកាសរសៃហ្វាយប្រឺស (Fibrocystic) គឺជាជាលិកាម្យ៉ាងនៅក្នុងសុដន់មានសភាពរឹង ដែលវានឹងធ្វើឲ្យស្រីៗមានអារម្មណ៍ថាសុដន់របស់ខ្លួនរឹង។ ដុំគីសស្លូត គឺជាដុំពកដែលមានផ្ទុកសារធាតុរាវនៅខាងក្នុង ដែលវានឹងទាញសាច់ជុំវិញដោះឲ្យយឺតតាមទំហំរបស់វា ហើយក៏ធ្វើឲ្យសុដន់របស់យើងឈឺដូចគ្នា។
២-ធ្វើដូចម្ដេចទើបដឹងមានបញ្ហាប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់?
បម្រែបម្រួលនៃជាលិការ Fibrocystic ក្នុងសុដន់ គឺធ្វើឲ្យសុដន់របស់យើងប្ដូររូបរាង។ ប៉ុន្តែការប្រែប្រួលនេះ ភាគច្រើនគឺមានសភាពប្រហាក់ប្រហែលគ្នា លើសុដន់ទាំងសងខាង។ ពេលខ្លះយើងអាចសង្កេតឃើញថាមានទឹករងៃពណ៌ត្នោតក្រម៉ៅ ឬបៃតងលេចចេញពីចុងសុដន់។ អំឡុងពេលយើងមករដូវ ដុំពកក្នុងសុដន់ អាចនឹងប្រែប្រួលទំហំ ហើយមុនពេលមករដូវ យើងក៏អាចនឹងមានអារម្មណ៍ឈឺក្នុងសុដន់ជាងធម្មតា និងពិបាកជាងរាល់ដង។
អត្ថបទពាក់ព័ន្ធ៖
- មហារីកសុដន់ អត់វ៉ាក់សាំងការពារមែន តែស្រីៗយើងអាចបង្ការបាន
- ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់អ៊ីចឹង
៣-ហេតុអ្វីយើងមានបញ្ហាប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់?
មនុស្សស្រីយើងជាច្រើន ដែលស្ថិតក្នុងវ័យបន្តពូជ ភាគច្រើនជួបបញ្ហាបម្រែបម្រួលជាលិកា fibrocystic ក្នុងសុដន់។ បញ្ហាមួយនេះមិនសូវកើតលើស្ត្រីអស់រដូវទេ ប៉ុន្តែវាអាចកើតឡើង ប្រសិនបើស្រ្តីទាំងនោះទទួលព្យាបាលដោយការប្រើប្រាស់អ័រម៉ូនជំនួយ។
អ្នកវិទ្យាសាស្ត្រក៏ជឿដែរថា មូលហេតុចម្បងនៃបម្រែបម្រួលនេះ គឺបណ្ដាលមកពីការចូលរួមនៃអ័រម៉ូនរបស់មនុស្សស្រី។ ប៉ុន្តែគេនៅមិនទាន់ដឹងបានថា អ័រម៉ូនទៅធ្វើឲ្យជាលិកាក្នុងសុដន់ប្រែប្រួលយ៉ាងដូចម្ដេច ហើយក៏មិនដឹងថាអ្វីជាកត្តាជំរុញឲ្យកើតបញ្ហានេះដូចគ្នា។ ពីមុនមកបើនិយាយអំពីបម្រែបម្រួលជាលិកា fibrocystic ក្នុងសុដន់ គឺគេហៅវាថាជាជំងឺបម្រែបម្រួលជាលិកា fibrocystic។ ប៉ុន្តែបើគិតតាមក្បួនពេទ្យ បញ្ហាមួយនេះមិនទាន់ចាត់ចូលជាជំងឺបាននៅឡើយទេ សូម្បីតែឈ្មោះរបស់វាគឺគិតត្រឹមការបម្រែបម្រួលតែប៉ុណ្ណោះ។
៤-អ៊ីចឹងបានន័យថាយើងកើតមហារីកមែនទេ?
ការប្រែប្រួលជាលិកា fibrocystic ក្នុងសុដន់ គឺមិនមែនជាការវិវត្ដនៃជំងឺមហារីក ឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរបស់ស្រីៗយើងនោះទេ។ ប៉ុន្តែការបម្រែបម្រួលនេះធ្វើឲ្យការពិនិត្យសុដន់មានការលំបាក។ ប្រសិនបើយើងសង្កេតឃើញថាមានបម្រែបម្រួលណាមួយក្នុងសុដន់ ត្រូវប្រញ៉ាប់ទៅជួបគ្រូពេទ្យឲ្យបានលឿន ដើម្បីរក្សាសុវត្ថិភាព។
គ្រូពេទ្យនឹងពិនិត្យសុដន់របស់យើងដោយដៃតាមធម្មតា ដើម្បីរកមើលភាពមិនប្រក្រតីក្នុងសុដន់។ ការពិនិត្យដោយថតអេកូ ឬប្រើម៉ាស៊ីនថតពិនិត្យដោះ អាចធ្វើឡើងបន្ទាប់ពីគ្រូពេទ្យពិនិត្យដោយដៃរួច។ ក្នុងករណីចាំបាច់គ្រូពេទ្យត្រូវច្រឹបសាច់សុដន់ យកទៅវិភាគបន្ថែម ដើម្បីប្រាកដថាវាជាកោសិកាមហារីកមែន ឬយ៉ាងណា។
៥-វិធីដោះស្រាយជាមួយការប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់?
ការប្រែប្រួលជាលិកា fibrocystic ក្នុងសុដន់ ពេលខ្លះគឺមិនចាំបាច់ត្រូវការការព្យាបាលទេ។ ប្រសិនបើយើងមានដុំគីស យើងអាចទៅឲ្យគ្រូពេទ្យបូមវាចេញ ដើម្បីកុំឲ្យមានអារម្មណ៍តឹង និងជួយកាត់បន្ថយការឈឺចាប់។ ប៉ុន្តែសារធាតុរាវក្នុងគីសនោះ ក៏អាចចេញមកក្រៅដោយខ្លួនវាបានដែរ។
មានក្រុមស្រ្តីមួយចំនួនបានលើកឡើងថា ស្ថានភាពរបស់ពួកគាត់បានធូរស្រាល បន្ទាប់ពីគាត់កាត់បន្ថយការទទួលទានកាហ្វេ ប៉ុន្តែគេមិនទាន់មានភស្ដុតាងសម្រាប់គាំទ្រការលើកឡើងមួយនេះឡើយ។ អ៊ីចឹងស្រីៗយើងអាចសាកល្បងដោយខ្លួនឯងបាន។ មួយវិញទៀត ការកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន អាចជួយកាត់បន្ថយការឈឺចាប់បានជាច្រើន៖
– កាត់បន្ថយការទទួលទានអំបិល ដើម្បីកាត់បន្ថយការហើម
– ប្រើថ្នាំបញ្ចុះទឹកនោម ដើម្បីនាំទឹកចេញពីក្នុងសុដន់
– ពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ផលិតផលណាមួយ ដើម្បីការពារប្រតិកម្មថ្នាំ និងផលរំខានរបស់ផលិតផលទាំងអស់នោះ
– ត្រូវគិតឲ្យច្បាស់មុនពេលទទួលការព្យាបាល ដោយប្រើប្រាស់អ័រម៉ូនជំនួយ ដោយសារតែវាអាចបណ្ដាលឲ្យមានផលរំខានធ្ងន់ធ្ងរកើតឡើង។
[embed-health-tool-ovulation]