ការថែទាំក្រចកឲ្យមានសុខភាពល្អ និងមើលទៅស្រស់ស្អាត គឺមិនចាំបាច់ចំណាយលុយ ឬពេលវេលាច្រើនឡើយ។ ពិតណាស់ ក្រចកក៏ជាផ្នែកមួយនៃសោភ័ណភាពរបស់ស្រីៗយើងដែរ ហើយនៅពេលដែលក្រចកយើងស្ងួតខ្លាំង និងមានពណ៌ស្លេកស្លាំងមិនគួរឲ្យទាក់ទាញ យើងក៏បាត់បង់នូវទំនុកចិត្តចំពោះខ្លួនឯងមួយផ្នែកដែរ។
យ៉ាងណាមិញ ទម្លាប់ថែទាំក្រចកជាប្រចាំ នឹងធ្វើឲ្យក្រចកមានភាពរឹងមាំ ព្រមទាំងជៀសផុតពីការឆ្លងបាក់តេរីផ្សេងៗ។ ដូចនេះ ដើម្បីទទួលបាននូវក្រចកដែលគួរឲ្យចង់គយគន់ ស្រីៗយើងមិនចាំបាច់ទៅរកជាងធ្វើក្រចកញឹកញាប់ពេកនោះទេប៉ុន្តែអាចមកសាកល្បងនូវតិចនិកថែទាំក្រចកដោយខ្លួនឯងងាយៗទាំងនេះវិញម្ដង។
១. រក្សាជាតិទឹកនៃក្រចក
ចូរត្រដុសប្រេងចាហួយ ឬឡេលាបក្រចកក្នុងបរិមាណតិចល្មម នៅលើស្បែកគល់ក្រចក និងស្បែកជុំវិញក្រចកថ្មមៗ ជារៀងរាល់ល្ងាចមុនពេលចូលគេង ឬនៅពេលដែលក្រចកស្ងួត ដើម្បីការពារកុំឲ្យក្រចកងាយបាក់។ ប្រសិនបើស្រីៗយើង មិនចូលចិត្តប្រេងចាហួយទេនោះ អាចជំនួសបានដោយប្រើប្រេងល្ហុងដែលផ្តល់ជាតិវីតាមីន E ឬប្រេងអូលីវក៏បាន។
២. ពាក់ស្រោមដៃ នៅពេលធ្វើកិច្ចការផ្ទះ ឬលាងចាន
ការធ្វើការងារផ្ទះ ដូចជាបោកខោអាវ ឬដុសសម្អាតខ្ទះ ឆ្នាំងផ្សេងៗ គឺមានគ្រោះថ្នាក់ដល់ក្រចករបស់យើងយ៉ាងខ្លាំង។ ហេតុនេះ ចូរពាក់ស្រោមដៃឲ្យបានខ្ជាប់ខ្ជួននៅពេលធ្វើការងារទាំងនេះ។ បន្ថែមពីនេះ ដើម្បីបញ្ចៀសផ្សិតក្រចក ចូរដោះស្រោមដៃចេញ ដោយពន្លាត់ខាងក្នុងដើម្បីហាលឲ្យស្ងួតល្អ នៅពេលយើងធ្វើកិច្ចការរួចរាល់។
៣. ចៀសវាងជូតសម្អាតដៃជាមួយនឹងខោ នៅពេលចេញពីបន្ទប់ទឹក
ប្រសិនបើស្រីៗយើងមានទម្លាប់ជូតសម្អាតដៃជាមួយនឹងខោ ក្រោយពេលចេញពីបន្ទប់ទឹករួច ចូរពិចារណាឡើងវិញ។ ទម្លាប់នេះ នឹងបង្កើននូវហានិភ័យនៃការឆ្លងមេរោគផ្សិតដោយមិនដឹងខ្លួន។ មួយវិញទៀត ក្រចកជើងក៏សំខាន់ដែរ ដូចនេះ ចូរជូតសម្អាតក្រចកជើងឲ្យបានស្ងួតល្អ និងលាបឡេ បន្ទាប់ពីហែលទឹក ឬងូតទឹករួច។ ជាមួយគ្នានេះដែរ ចូរប្រុងប្រយ័ត្នជាមួយនឹងទឹកអាកុលលាងដៃ ពីព្រោះវានឹងធ្វើឲ្យស្បែករបស់យើងស្ងួតខ្លាំង ព្រមទាំងអាចបណ្ដាលឲ្យក្រចកផុយស្រួយថែមទៀតផង។
៤. ចៀសវាងកាត់ស្បែកគល់ក្រចក
ស្រីៗយើងមួយចំនួនប្រហែលជាមិនធ្លាប់ដឹងទេថា ការកាត់ស្បែកគល់ក្រចក អាចនឹងមានគ្រោះថ្នាក់ដល់សុខភាពក្រចកយើងយ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលឲ្យមានមេរោគឆ្លងផ្សេងៗថែមទៀតផង។ ស្បែកត្រង់គល់ក្រចក គឺជារនាំងការពារក្រចកយើងពីបាក់តេរី និងពពួកផ្សិតមិនល្អៗបានយ៉ាងមានប្រសិទ្ធិភាព។
៥. សម្អាតក្រចកជាមួយនឹងច្រាស
ការសម្អាតក្រចកដោយប្រើច្រាស់ គឺអាចសម្អាតបានស្អាតល្អនៅត្រង់ចន្លោះម្រាម ជាជាងការប្រើដែកស្រួចវែងដែលភ្ជាប់ជាមួយនឹងសំដីជូត។ ដូចនេះ ដើម្បីទទួលបានក្រចកដែលមានសុខភាពល្អ និងបញ្ចៀសការឆ្លងបាក់តេរី ឬពពួកផ្សិតផ្សេងៗ យើងគួរសម្អាតក្រចកដៃនិងក្រចកជើងជាប្រចាំ ដោយប្រើច្រាស់ដុសថ្នមៗជំនួសវិញ។
៦. កាត់តម្រឹមក្រចកជាទៀងទាត់
ដើម្បីឲ្យក្រចកមើលទៅស្រស់ស្អាត និងគួរឲ្យចង់គយគន់ ការកាត់តម្រឹមក្រចកជាប្រចាំ គឺជារឿងចាំបាច់ដែលយើងមិនគួរមើលរំលងឡើយ។ នៅពេលដែលយើងកាត់ក្រចកឲ្យខ្លី គឺវាស្រួលថែទាំជាងក្រចកវែង ហើយថែមទាំងមិនងាយបាក់ថែមទៀតផង។
៧. កុំខាំក្រចកលេងឲ្យសោះ
ទម្លាប់ខាំក្រចកលេង គឺជាការបង្កើននូវពពួកមេរោគ ដែលធ្វើឲ្យយើងឈឺបានយ៉ាងងាយ។ លើសពីនេះ វាក៏ធ្វើឲ្យក្រចកខូច និងផុយស្រួយផងដែរ។ បន្ថែមពីនេះ ទោះបីជាការមុតដ៏តូចតាចក៏អាចបង្កទៅជាការឆ្លងមេរោគបានដូចគ្នា។ ហេតុនេះហើយ សូមបញ្ឈប់ទម្លាប់ខាំក្រចកលេង បើមិនចង់ឲ្យក្រចកដ៏ស្រស់ស្អាតរបស់យើងត្រូវបំផ្លាញទេនោះ។
[embed-health-tool-due-date]