ធម្មតា ពេលស្បែកយើងឡើងក្រហម ឬឡើងកន្ទួល យើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានដោយគិតថា ប្រហែលជាមានសត្វល្អិតអីមកខាំធ្វើឲ្យឡើងក្រហម ឬកន្ទួលតែប៉ុណ្ណោះ គ្មានបញ្ហាអ្វីឡើយ។ ប៉ុន្តែគ្នាយើងត្រូវដឹងថា ស្បែកយើងក៏អាចកើតជំងឺសើស្បែកដូចជា ជំងឺត្រអកជាដើម។
យើងដឹងហើយថា ជំងឺត្រអកជាជំងឺសើស្បែកមួយប្រភេទដែលធ្វើឲ្យរលាកកោសិកាស្បែក បើធ្ងន់ធ្ងរក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពយើងផងដែរ។ ចំពោះជំងឺត្រអកនេះ កើតឡើងមិនរើសវ័យ និងភេទទេ ជាពិសេសក្មេងតូចៗ ងាយកើតជំងឺនេះជាងមនុស្សធំ។ នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
តាមពិតទៅ ជំងឺត្រអកនេះនៅមិនទាន់ដឹងពីមូលហេតុបង្កឲ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែខាងក្រុមគ្រូពេទ្យជំនាញជឿថា វាអាចកើតឡើងដោយសារកត្តាហ្សែន និងកត្តាបរិស្ថាន។ កត្តាបរិស្ថានខ្លះៗដែលអាចបណ្ដាលឲ្យចេញសញ្ញានៃជំងឺត្រអកមានដូចជា៖
- ការប្រតិកម្ម៖ វាអាចបណ្ដាលមកពីការប្រតិកម្មជាមួយសាប៊ូ ទឹកសម្លាប់មេរោគ សាច់ បន្លែ ឬទឹកផ្លែស្រស់ៗក៏ថាបាន។
- ភ្នាក់ងារធ្វើឲ្យអាលែកហ្ស៊ី៖ សត្វចិញ្ចឹម កម្ទេចធូលី ខ្យល់ពុល ឬពពួកផ្សិត សុទ្ធតែអាចបណ្ដាលឲ្យកើតជំងឺត្រអក ដែលយើងហៅថាជំងឺត្រអកអាលែកហ្ស៊ី។
- សីតុណ្ហភាពក្ដៅ និងត្រជាក់៖ អាកាសធាតុក្ដៅខ្លាំង និងត្រជាក់ខ្លាំង ឬញើសដែលបែកចេញពីរាងកាយក្រោយហាត់ប្រាណរួចក៏អាចបណ្ដាលឲ្យកើតជំងឺត្រអកដែរ។
- ចំណីអាហារ៖ អាហារផលិតពីទឹកដោះគោ ស៊ុត គ្រាប់ធញ្ញជាតិ អាហារផលិតពីសណ្ដែកសៀង និងស្រូវសាឡី សុទ្ធតែអាចបង្កជំងឺត្រអកកើតឡើង។
- អ័រម៉ូន៖ ស្ត្រីអាចបង្កើនហានិភ័យកើតជំងឺត្រអកនេះ នៅពេលដែលកម្រិតអ័រម៉ូនមានការប្រែប្រួល អំឡុងពពោះ ឬពេលណាមួយអំឡុងវដ្ដរដូវ។
- ស្ត្រេស៖ ដ្បិតតែស្ត្រេសមិនមែនជាកត្តាចម្បងធ្វើឲ្យយើងកើតជំងឺត្រអក តែស្ត្រេសអាចធ្វើឲ្យអាការៈជំងឺត្រអកកាន់តែធ្ងន់ធ្ងរ។
លោកបន្តថា ក្មេងៗភាគច្រើនអាចកើតជំងឺត្រអក ប្រសិនបើម៉ាក់ប៉ាធ្លាប់កើតជំងឺនេះ ហើយបើទាំងម៉ាក់ទាំងប៉ាមានហ្សែនជំងឺត្រអក កូនៗមានភាគរយខ្ពស់នឹងកើតជំងឺនេះ។ មួយវិញទៀត សម្រាប់ជំងឺត្រអកនេះនៅមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ប៉ុន្តែយើងអាចព្យាបាល និងទប់ស្កាត់ជំងឺត្រអកបានដោយប្រើក្បួនធម្មជាតិ ឡេ ឬគ្រីមផ្ដល់សំណើម ថ្នាំ និងការផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន។
[embed-health-tool-due-date]