អាកាសធាតុកំពុងតែក្ដៅខ្លាំង ដូចនេះយើងត្រូវតែប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសគួរតែថែទាំស្បែកឲ្យមែនទែន។ Helloគ្រូពេទ្យ សូមណែនាំពីផលវិបាកពីកម្ដៅថ្ងៃក្ដៅ ដែលធ្វើឲ្យស្បែកងាយប្រឈមមុខជាមួយបញ្ហាមួយចំនួន ដូច្នេះហើយយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានដិតដល់។
១- កន្ទួលក្រហម
ព្រោះតែកម្ដៅថ្ងៃខ្លាំងពេក ធ្វើឲ្យបែកញើសច្រើន ព្រមជាមួយ ភាពកខ្វក់ និងធូលីធ្វើឲ្យស្ទះរន្ធញើស។ មួយវិញទៀតសម្លៀកបំពាក់ក្រាស់ៗ មិនអាចស្រូបខ្យល់ចូល និងការកកិតជាមួយញើសក៏ជាផ្នែកមួយធ្វើឲ្យស្បែកក្រហម កន្ទួលរមាស់ រលាក និងពងបែកតូចៗលើស្បែក។
ដំណោះស្រាយ៖ រក្សាអនាម័យឲ្យបានល្អបំផុតនៅពេលយើងបែកញើសច្រើន ដោយងូតទឹកយ៉ាងហោចណាស់ឲ្យបាន ២ ដង/ថ្ងៃ និងប្រើសាប៊ូប្រឆាំងបាក់តេរី។ នៅពេលស្បែកមានសភាពបែបនោះ គួរយកដុំទឹកកកមកលុញថ្នមៗលើកន្លែងនោះ។ ប្រសិនបើស្បែកមានបញ្ហាខ្លាំង ត្រូវទៅជួបគ្រូពេទ្យជំនាញផ្នែកសើស្បែកជាបន្ទាន់។
២- ស្ងួតស្បែក
ការខ្វះជាតិទឹក នៅពេលយើងបែកញើស នឹងធ្វើឲ្យស្បែកប្រែជាស្ងួត ហើយគ្មានសំណើម។ ប្រសិនបើមិនមានការបិទបាំងស្បែកពីកម្ដៅឲ្យបានជិតល្អ ស្បែកនឹងរលាក ហើយបបូរមាត់ក៏ចាប់ផ្ដើមប្រេះ។
ដំណោះស្រាយ៖ គឺត្រូវផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទៅណាមកណាត្រូវយកដបទឹកទៅជាមួយ និងផឹករៀងរាល់កន្លះម៉ោងម្ដង។ លើសពីនេះទៅទៀតញ៉ាំទឹកផ្លែឈើ និងផ្លែឈើស្រស់ៗសម្បូរជាតិទឹក ដើម្បីបំពេញជាតិទឹក។
៣- រលាកស្បែក
កម្ដៅព្រះអាទិត្យនៅរដូវក្ដៅ អាចធ្វើឲ្យរបកស្បែក ពងបែក ក្រហម កន្ទួល និងវិវត្តជារលោក ឬក៏មហារីក។
ដំណោះស្រាយ៖ វិធីតែមួយគត់ ដើម្បីការពារស្បែករបស់យើងពីជំងឺមួយនេះ កាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ ប្រសិនបើគ្មានជម្រើស គឺត្រូវស្លៀកពាក់បិទបាំងស្បែកឲ្យជិត និងលាបឡេការពារកម្ដៅថ្ងៃមុនពេលចេញទៅក្រៅ។
៤- កើតមុន
ស្នាមញើសធ្វើឲ្យស្បែកក្លាយជាមេដែកទាក់ទាញធូលីដីបានយ៉ាងឆាប់រហ័ស បូករួមជាមួយកម្ដៅ និងភាពកខ្វក់ទៀតនោះ បណ្ដាលឲ្យស្បែកកើតមុនយ៉ាងងាយមិនថាមុខ ឬខ្លួនឡើយ។
ដំណោះស្រាយ៖ អ្នកគួរតែយកចិត្តទុកដាក់ថែរក្សាឲ្យបានស្អាតស្បែកជាប្រចាំ។ បន្ថែមពីលើនោះ ពេលលុបលាងខ្លួន និងមុខ ត្រូវតែប្រើទឹកស្អាត ហើយបើវាបន្តរីករាលដាលកាន់តែខ្លាំងគួរតែទៅជួបគ្រូពេទ្យជំនាញ។
៥- ការឆ្លងបាក់តេរី
សីតុណ្ហភាពក្ដៅផ្ដល់ឲ្យបាក់តេរី និងមេរោគរីកលូតលាស់បានយ៉ាងល្អ ហើយវាអាចនៅគ្រប់ទីកន្លែងដែលភ្នែកយើងទទេមើលមិនឃើញ។ នៅពេលអ្នកប៉ះពាល់អ្វីមួយដែល រួចយកដៃទៅកាន់មុខ ធ្វើឲ្យឆ្លងមេរោគលើស្បែក។
ដំណោះស្រាយ៖ ព្យាយាមសម្អាតដៃឲ្យបានស្អាតជានិច្ចរៀងរាល់ ២ ម៉ោងម្ដង។ ប្រសិនបើនៅឆ្ងាយពីកន្លែងមានទឹក គួរប្រើទឹកអនាម័យសម្រាប់លាងដៃក្រោយពេលចាប់ ឬកាន់អ្វីមួយ។
៦- ខ្មៅ ឬជាំស្បែក
នៅពេលដែលស្បែកប៉ះពាល់នឹងកាំរស្មីយូវីរបស់ព្រះអាទិត្យអាចបំផ្លាញមេឡានីន ហើយស្បែកក៏ប្រែជាខ្មៅ ឬជាំបាន។
ដំណោះស្រាយ៖ ប្រើឡេការពារកម្ដៅថ្ងៃដែលមាន ៣០ SPF។ ប្រសិនបើរងផលប៉ះពាល់ខ្លាំង ត្រូវប្រញាប់ទៅជួបអ្នកជំនាញ។
អត្ថបទពាក់ព័ន្ធ៖
- ត្រូវដឹង ក្មេងខ្វះជាតិទឹកមានអីសម្គាល់?
- ក្តៅកាន់តែខ្លាំង មកដឹងពីតិចនិកមិនឲ្យកូនតូចៗទាស់នំចំណី រាក-ក្អួត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]