ចំពោះស្រីៗ បើមានសក់ស្អាតនោះកាន់តែធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯងបានមួយកម្រិតទៀត។ ដូចនេះ ការកក់សក់ក៏ជាផ្នែកចាំបាច់មួយក្នុងការជួយថែរក្សាសក់យើងឲ្យស្អាត ប៉ុន្តែ បើយើងមិនដឹងតិចនិកកក់បានល្អ មិនដឹងពីអ្វីគួរ និងមិនគួរធ្វើពេលកក់សក់ វាអាចមិនជួយដល់សុខភាពសក់យើងវិញបាន។
អ្វីដែលគួរធ្វើពេលកក់សក់
១. លាងសក់ឲ្យសព្វ
មុនពេលកក់សក់ យើងត្រូវលាងសក់ជាមួយទឹកឲ្យស្អាតជាមុនសិន សឹមប្រើសាប៊ូកក់សក់។ ធ្វើដូចនេះ វាអាចឲ្យសាប៊ូជ្រាបចូលសរសៃសក់បានល្អជាងសក់ស្ងួត ហើយយើងប្រើសាប៊ូតិចជាងពេលសក់មិនសូវសើមល្អ។ យកល្អ គួរលាងសក់ជាមួយទឹកក្ដៅឧណ្ហៗ ព្រោះវាជួយបើករន្ធគល់សក់ ដែលធ្វើឲ្យសាប៊ូជ្រាបចូលបានជ្រៅទៅសម្អាត ធូលីកខ្វក់លើស្បែកក្បាលយើង។
២. លាយសាប៊ូនឹងទឹក
ចៀសវាងប្រើសាប៊ូដោយផ្ទាល់ទៅលើស្បែកក្បាល យើងគួរតែលាយវាជាមួយទឹកបន្តិច ដើម្បីធានាថា សាប៊ូអាចជ្រាបបានសព្វគ្រប់កន្លែងនៅលើស្បែកក្បាលរបស់យើង។ លើសពីនេះ ការធ្វើបែបនេះក៏ជួយសន្សំសំចៃសាប៊ូកក់សក់ ធ្វើឲ្យយើងប្រើសាប៊ូតិចជាងដាក់សាប៊ូផ្ទាល់ទៅលើសក់តែម្ដង។
អ្វីមិនគួរធ្វើពេលកក់សក់
១.កក់សក់មិនសម្អាតស្បែកក្បាល
នៅពេលកក់សក់ ស្បែកក្បាលគឺជាផ្នែកដែលយើងត្រូវយកចិត្តទុកដាក់បំផុត ព្រោះវាជាកន្លែងដែលសម្បូរប្រេងជាងគេចុងសក់។ ចំណែកចុងសក់មានសភាពស្ងួតជាងគល់សក់ពេលកក់សក់ហើយ។ ដូចនេះហើយ ពេលកក់សក់យើងត្រូវផ្ដោតសំខាន់លើការសម្អាតស្បែកក្បាលជាងចុងសក់។
២.កក់សក់ខ្លាំងៗ
គ្នាយើងភាគច្រើនចូលចិត្តប្រើក្រចកយកទៅ កោសៗស្បែកក្បាលពេលកក់សក់ ត្បិតតែវាស្រួលខ្លួនមែន ប៉ុន្តែវាអាចបណ្ដាលឲ្យរហែកស្បែក ឬឆ្លងមេរោគបាន។ ពេលកក់សក់ យើងគួរប្រើម្រាមដៃ ញីៗស្បែកក្បាល ពីគល់ដល់ចុងសក់បានហើយ។
៣.ប្រើគ្រីមបន្ទន់សក់លើស្បែកក្បាល
ត្រូវចាំថា មិនត្រូវប្រើគ្រីមបន្ទន់សក់នៅលើស្បែកក្បាលទេ ព្រោះវាកាន់តែធ្វើឲ្យស្បែកក្បាលឆាប់ឡើងប្រេង។ ពេលដែលយើងប្រើគ្រីមបន្ទន់ យើងគួរតែប្រើចាប់ពីពាក់កណ្ដាលសក់ចុះទៅចុងសក់បានហើយ ព្រោះវាជួយផ្ដល់សំណើមដល់ចុងសក់ដែលជាផ្នែកងាយស្ងួតបន្ទាន់ពីកក់សក់ហើយ។
៤. ញីសក់ឲ្យស្ងួត
យើងមិនត្រូវយកកន្សែងមកញីៗសក់រហូតទាល់តែវាស្ងួតទេ។ យកល្អ ពេលកក់សក់ហើយ គ្រាន់តែយកកន្សែងមកជូតសក់ឲ្យស្ងួតទឹកថ្នមៗ រួចទុកឲ្យសក់ស្ងួតដោយខ្លួនឯង តាមបែបធម្មជាតិៗ។
[embed-health-tool-due-date]