ជាទូទៅសក់របស់មនុស្សយើងអាចលូតលាស់បានប្រវែងប្រហែល១,២៥សង់ទីម៉ែត្រក្នុងមួយខែ ហើយការលូតលាស់លឿន ឬយឺតកម្រិតណានោះគឺអាស្រ័យលើកត្តាអាយុ សុខភាព ហ្សែន និងរបបអាហាររបស់យើង។
ទោះបីជាយើងមិនអាចកែប្រែកត្តាអាយុ និងហ្សែន បាន តែយើងអាចគ្រប់គ្រងរបបអាហារបាន ដើម្បីផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ជួយការពារបញ្ហាសក់ជ្រុះបាន។ ខាងក្រោមនេះជាអាហារមួយចំនួនគ្នាយើងគួរញ៉ាំដើម្បីសុខភាពសក់។
១. ស៊ុត
ស៊ុតជាប្រភពដ៏សំខាន់មួយនៃប្រូតេអ៊ីន និងBiotin ដែលជាធាតុសំខាន់សម្រាប់ជួយទ្រទ្រង់សុខភាពសក់ និងការលូតលាស់។ បើយើងខ្វះសារធាតុណាមួយក្នុងចំណោមធាតុទាំងពីរនេះ នឹងធ្វើឲ្យយើងប្រឈមនឹងបញ្ហាជ្រុះសក់។
២. ស្ពៃពួយឡេង
ស្ពៃពួយឡេង មានផ្ទុកជាតិដែក Folate វីតាមីន A និងC ដែលជួយដល់ការលូតលាស់របស់សក់។ បើសិនជាយើងខ្វះសារធាតុទាំងនេះ អាចធ្វើឲ្យយើងជួបបញ្ហាសក់ជ្រុះបាន។
៣. ដំឡូងជ្វា
ដំឡូងជ្វាសម្បូរទៅដោយវីតាមីន A ដែលជួយដល់ការផលិតសារធាតុម្យ៉ាងឈ្មោះថាSebum ល្អសម្រាប់ជួយទ្រទ្រង់សុខភាពសក់។ មួយវិញទៀត ដំឡូងជ្វាក៏មានសារធាតុជួយបង្កើនល្បឿននៃការលូតលាស់សក់ផងដែរ។
៤. ផ្លែបឺរ
ផ្លែបឺរសម្បូរដោយវីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយជំរុញដល់ការលូតលាស់របស់សក់។ ក្រៅពីនេះ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីដខ្លាញ់ល្អ ដែលទំនងជាមានសារៈសំខាន់សម្រាប់ថែរក្សាសុខភាពសក់ទៀតផង។
៥. សាច់
ដូចគ្នាយើងដឹងហើយថាសាច់ជាអាហារប្រចាំថ្ងៃរបស់យើងស្ទើរតែគ្រប់គ្នាទៅហើយ និងថែមទាំងសម្បូរដោយសារធាតុចិញ្ចឹមទៀតផង។ សាច់ជាប្រភពនៃប្រូតេអ៊ីន ល្អសម្រាប់សុខភាព និងជួយឲ្យសក់មានសភាពរឹងមាំ។ ជាពិសេសសាច់ក្រហមសម្បូរដោយជាតិដែក ដែលអាចជួយដល់ការលូតលាស់នៃសក់។
ចំណុចគួរចងចាំ
កង្វះសារធាតុចិញ្ចឹមដូចជាវីតាមីន A, B, C និង E ស័ង្កសី ដែក Biotin ប្រូតេអ៊ីន និងអាស៊ីដខ្លាញ់ល្អៗមួយចំនួនទៀត នឹងធ្វើឲ្យសក់យើងលូតលាស់យឺត ឬអាចដល់ជ្រុះសក់ទៀតផង។
ដូចនេះហើយ ការរៀបចំរបបអាហារបានត្រឹមត្រូវជួយការពារយើងពីបញ្ហាសក់ជ្រុះ និងជំរុញការលូតលាស់នៃសក់ទៀតផង។
[embed-health-tool-due-date]