អង្គែកើតមាននៅពេលកោសិកាស្បែកក្បាលដែលងាប់បានរបកជ្រុះ។ អង្គែមិនបង្កគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែអាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ខ្មាសគេដែរនៅពេលក្បាលមានអង្គែ និងពេលអង្គែធ្លាក់មកលើសម្លៀកបំពាក់ជាដើម។ មួយវិញទៀត ពេលខ្លះអង្គែក៏ធ្វើឲ្យយើងរមាស់ស្បែកក្បាលផងដែរ។
១. មូលហេតុបង្ក
អង្គែអាចបង្កឡើងដោយស្បែកក្បាលស្ងួត ប៉ុន្តែពេលខ្លះអង្គែក៏អាចបង្កឡើងដោយបញ្ហាសុខភាពធ្ងន់ធ្ងរដែរ។ បើសិនជាគ្នាយើងមើលឃើញថាបញ្ហាអង្គែមិនថមថយ និងកាត់តែអាក្រក់ឡើង ជាការល្អទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញខាងសើស្បែក ដើម្បីបានធ្វើការពិនិត្យ និងវិនិច្ឆ័យរោគច្បាស់លាស់។
២. ស្បែកក្បាលស្ងួត
ស្បែកក្បាលស្ងួតជាមូលហេតុទូទៅមួយនាំឲ្យកើតមានអង្គែ។ ពេលដែលស្បែកក្បាលស្ងួត កោសិកាដែលងាប់វានឹងរបកចេញ។ កត្តាមួយចំនួននាំឲ្យស្បែកក្បាលយើងស្ងួត៖
- កក់សក់ញឹកញាប់ពេក៖ ការកក់សក់ញឹកញាប់ ក៏អាចធ្វើឲ្យបាត់បង់ប្រេងធម្មជាតិ និងសំណើមនៅលើសក់។
- អាកាសធាតុប្រែប្រួល៖ ក្នុងអំឡុងពេលរដូវក្ដៅ ឬរដូវរងា ស្បែកក៏ប្រែទៅជាស្ងួតដែរ។ ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ ឬនៅជិតម៉ាស៊ីនកម្ដៅយូរក៏ធ្វើឲ្យស្បែកក្បាលយើងស្ងួតដែរ។
- ខ្វះជាតិទឹក៖ រាងកាយខ្វះជាតិទឹកធ្វើឲ្យស្បែកយើងស្ងួត។ ការខ្វះជាតិទឹកក៏ធ្វើឲ្យស្បែកក្បាលស្ងួតដូចគ្នា ដែលអាចនាំឲ្យកើតជាអង្គែ។
៣. ទម្លាប់មិនល្អ
ទម្លាប់មិនល្អ ចំពោះសុខភាពមួយចំនួន ពិសេសទាក់ទងនឹងរឿងអនាម័យក៏អាចបណ្ដាលឲ្យយើងកើតអង្គែដែរ។
- ខ្ជិលកក់សក់៖ ការមិនកក់សក់ឲ្យបានស្អាតល្អអាចធ្វើឲ្យខ្លាញ់កកជាប់នៅនឹងស្បែកក្បាលនាំ ឲ្យកើតអង្គែ។
- របបអាហារមិនត្រឹមត្រូវ៖ អាហារមួយចំនួនពេលយើងញ៉ាំទៅនឹងធ្វើឲ្យមានការផលិតខ្លាញ់ច្រើននៅស្បែក និងនាំឲ្យកើតអង្គែដែរ។ ដូចគ្នាដែរ បើរបបអាហារយើមិនមានវីតាមីនB គ្រប់គ្រាន់ ក៏អាចនាំឲ្យស្បែកក្បាលឡើងអង្គែដែរ។
- ស្ត្រេស៖ ស្ត្រេសធ្វើឲ្យអ័រម៉ូនមិនមានតុល្យភាព ការមិនមានតុល្យភាពនៃអ័រម៉ូនក៏ជាមូលហេតុមួយនាំឲ្យស្បែកក្បាលឡើងអង្គែដែរ។
៤. វិធីដោះស្រាយ
រមាស់ស្បែកក្បាល និងការកើតអង្គែ គឺអាចគ្រប់គ្រងបានស្ទើរទាំងស្រុង។ សម្រាប់បញ្ហាអង្គែកម្រិតស្រាល ជាដំបូងយើងអាចសាកល្បងប្រើសាប៊ូកក់សក់លាងសម្អាតប្រេង និងកោសិកាស្បែកងាប់ជាប់នៅលើស្បែកក្បាល។ បើវិធីនេះមិនបានផលទេ យើងអាចសាកប្រើសាប៊ូប្រភេទផ្សេងមួយទៀតដែលត្រូវនឹងស្បែកក្បាលរបស់យើង។ ការកម្ចាត់អង្គែមិនមែនធ្វើឡើងម្ដងចប់នោះទេ ត្រូវការពេល និងធ្វើឲ្យបានញឹកញាប់ដែរ។
មួយវិញទៀត បើគ្នាយើងប្រើសាប៊ូណាមួយ បែរជាចេញជារមាស់ឡើងក្រហម ឬក្រហាយ ត្រូវឈប់ប្រើវាភ្លាមដែរ។ ដូចគ្នាដែរ បើយើងចេញរោគសញ្ញាអាលែកហ្ស៊ី ដូចឡើងរមាស់ កន្ទាលត្រអាក ឬពិបាកដកដង្ហើម ពេលប្រើផលិតផលណាមួយ គួរស្វែងរកជំនួយពីគ្រូពេទ្យភ្លាមដែរ។
[embed-health-tool-due-date]