backup og meta

វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 23, 2021

    វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទ

    គ្នាយើង​មាន​បញ្ហា​មុខ​ឡើង​មុន មុខ​មាន​ខ្លាញ់ ឬ​ស្នាមជ្រួញ​មែន​ទេ? ការ​មាន​ស្បែក​ស្អាត​មិន​មែន​មក​ពី​កត្តាហ្សែន​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ការ​ថែទាំ​ស្បែកជាប្រចាំ​​ក៏​ជួយ​ដល់​សុខភាព​ស្បែក​ដែរ​ដោយ​ជួយ​សម្អាត កម្ចាត់​កោសិកា​ងាប់ និង​ផ្តល់​សំណើម​ដល់​មុខ។ យើង​អា​ចថែទាំ​ស្បែក​មុខបាន​ដោយ​ធ្វើ​​​ម៉ាសបិទ​មុខ​បាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ​របស់​យើង។

    . ម៉ាស​សម្រាប់​មុខ​ឡើង​មុន

    មុន​គឺ​ជា​បញ្ហា​ស្បែក​ទូទៅ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ។ មុន​កើត​ឡើង​នៅ​ពេល​ខ្លាញ់ កោសិកា​ស្បែក​ងាប់ និង​បាក់តេរី​ស្ទះ​នៅ​នឹង​រន្ធ​ញើស។ ប៉ុន្តែ​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ពណ៌​ស​អាច​កម្ចាត់​បាក់តេរី​នៅ​លើ​ស្បែក និង​ជួយ​បំបាត់​ស្នាម​ជាំ​បាន។

    គ្រឿង​ផ្សំ​៖ ​ស៊ុត​ពណ៌​ស​ ២ ទៅ ៣​ គ្រាប់។

    របៀប​ធ្វើ៖ ​យក​ស៊ុត​ពណ៌​ស​ដាក់​ក្នុង​ចាន​ រួច​យក​សំឡី​ជ្រលក់​នឹង​ស៊ុត​ពណ៌ស ហើយ​ជូត​ថ្នមៗ​លើ​មុខ។ ក្រោយ​ពី​ជូត​ហើយ​ទុក​ចោល​ ១០ ​ទៅ ១៥ ​នាទី និង​ជូត​សម្អាត​ជាមួយ​កន្សែង​សើម​។ បន្ទាប់​ពី​នេះ​លាប​ទឹក​សំណើម (moisturizer)លើ​ផ្ទៃមុខបន្ថែម

    . ម៉ាស​សម្រាប់​មុខ​ឡើង​ពណ៌​

    ការ​ប្រែ​ពណ៌​លើ​ស្បែក​កើត​ឡើង​នៅ​ពេល​ដែល​មុន​បាន​ជា​សះ​ស្បើយ ហើយ​វា​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ឡើង​ពណ៍​លើ​ស្បែក​ក្រោយ​មាន​ការ​រលាក (post-inflammatory hyperpigmentation)។ សម្រាប់​បញ្ហា​ស្បែក​បែបនេះ​យើង​អាច​ធ្វើ​ម៉ាស​ល្មៀត​ដោយ​ខ្លួន​ឯង​ដើម្បី​កាត់បន្ថយ​ការរលាក។

    គ្រឿង​ផ្សំ៖ ​ម្សៅ​ល្មៀត ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ឃ្មុំ ១ ទៅ ២​ស្លាបព្រាកាហ្វេ។

    របៀប​ធ្វើ៖ ​​យក​ម្សៅ​ល្មៀត​ទៅ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ រួច​យក​មក​ម៉ាស្សា​ថ្នមៗ​លើ​មុខ និង​ទុក​ចោល​ ១០ នាទី។ បន្ទាប់ពី​នេះ​លាង​សម្អាត​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ។

    . ម៉ាស​សម្អាត​រន្ធញើស

    Oatmeal និង​banking soda ​អាច​កម្ចាត់​កោសិកា​ស្បែក​ងាប់​ និង​សម្អាត​រន្ធ​ញើស​បាន។

    គ្រឿង​ផ្សំ​៖oatmeal ២​ ស្លាបព្រា​កាហ្វេ និង​Banking soda ១ ​ស្លាបព្រា​កាហ្វេ។

    របៀប​ធ្វើ៖ ​​លាយ ​oatmeal និង banking soda ជាមួយ​នឹង​ទឹក​បន្តិច​ រួច​យក​មក​ម៉ាស្សា​លើ​មុខ​ថ្នមៗ និង​ទុក​រហូត​ដល់​ម៉ាសស្ងួត​ទើប​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ។ ក្រោយ​ពី​លាង​សម្អាត​ហើយ​លាប​ទឹក​សំណើម (moisturizer)លើ​ផ្ទៃមុខបន្ថែម

    . ម៉ាស​សម្រាប់​មុខ​ខ្លាញ់

    មុខ​សម្បូរ​ខ្លាញ់​ដោយសារ​រន្ធញើស​របស់​យើង​ផលិត​ខ្លាញ់​ច្រើន​។ ខ្លាញ់​នេះ​អាច​កក​នៅ​ក្នុង​រន្ធ​ញើស​ដែល​បណ្ដាល​ឲ្យ​មុខ​ឡើង​មុន​ និង​​រលាក។ ផ្លែ​ចេក​អាច​ជួយ​ស្រូប​យក​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក ខណៈ​ក្រូចឆ្មារ​ជួយ​សម្អាត​រន្ធញើស។

    គ្រឿងផ្សំ៖ ​​ផ្លែចេក​ ១ ផ្លែ ទឹកក្រូចឆ្មារ ១ មិល្លីលីត្រ​ និង​ប្រេង​អូលីវ ១​ ស្លាបព្រា​កាហ្វេ។

    របៀបធ្វើ​៖ ​យក​ផ្លែ​ចេក​ទៅ​កិន រួច​លាយ​ជាមួយ​នឹង​ទឹកក្រូចឆ្មារ និង​ប្រេង​អូលីវ។ ក្រោយ​ពី​លាយ​រួច​យក​ទៅបិទ​លើ​មុខ និង​ទុក​ចោល ១៥ នាទី​ទើប​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។

    ម៉ាសរមៀត១

    . ម៉ាស​សម្រាប់​មុខ​ស្ងួត​

    ម៉ាស់​នេះ​គឺ​ជួយ​ឲ្យ​ស្បែក​រក្សា​ជាតិ​សំណើម និង​ជួយ​បំបាត់​អាការៈ​រមាស់ និង​ស្បែក​ស្រអាប់។

    គ្រឿង​ផ្សំ​៖ មាន​ផ្លែ​ត្រសក់កន្លះ​ផ្លែ និង​ជែល​ប្រទាល​កន្ទុយ​ក្រពើ ២ ​ស្លាបព្រាកាហ្វេ។

    របៀបធ្វើ៖ ​​យក​ត្រសក់​ទៅ​កិន និង​លាយ​ជាមួយ​ជែល​ប្រទាល​កន្ទុយក្រពើ រួច​យក​មក​ម៉ាស្សា​ថ្នមៗ​លើ​មុខ និង​ទុក​ចោល​ ៣០ នាទី​ទើប​លាង​សម្អាត​នឹង​ទឹកចេញវិញ។

    . ម៉ាស​សម្រាប់​ស្នាម​ជ្រួញ

    ការ​ព្យាបាល​មុខ​ជា​ប្រចាំ​អាច​កាត់បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​បាន ហើយ​ជួយ​ឲ្យ​ស្បែក​តឹងផង​ដែរ។ ការ​ប្រើ​ប្រាស់​ផ្លែ​បឺរ និង​ម្សៅកាកាវ​ជួយ​ជំរុញ​ដល់​ការ​ផលិត​ខូឡាជេន រីឯ​ទឹកឃ្មុំ​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួយ​ឲ្យ​ស្បែក​ទន់។

    គ្រឿងផ្សំ៖ ​ផ្លែ​បឺរ ២ ​ផ្លែ ទឹកឃ្មុំ ១​ ស្លាបព្រា​កាហ្វេ និង​ម្សៅ​កាកាវ​ ២ ស្លាបព្រា​កាហ្វេ។

    របៀប​ធ្វើ៖ ​យក​ផ្លែ​បឺរ​ទៅ​កិន ហើយ​លាយ​ជាមួយ​នឹង​ម្សៅ​កាកាវ និង​ទឹកឃ្មុំ រួច​យក​​ទៅ​ម៉ាស្សា​ថ្នម​លើមុខ និង​ទុក​ចោល​ ២០ នាទី​ទើប​លាងសម្អាត​នឹង​ទឹកក្ដៅ​ឧណ្ហៗ។

    ​អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ពីម៉ាស៖

    គួរធ្វើ៖

  • មុន​នឹង​បិទ​ម៉ាស​គួរ​សម្អាត​មុខ​ជា​មុន​សិន
  • ទុក​ម៉ាស​ចោល​ចន្លោះ​ ១០ ​ទៅ ៣០ ​នាទី​ដើម្បី​ឲ្យ​សារធាតុ​ជ្រាប​ចូល​ស្បែក​មុខ និង​គួរ​បិទមុនពេល​ងូតទឹក
  • ក្រោយ​ពី​សម្អាត​ម៉ាសចេញ​ពី​មុខ​គួរ​ប្រើ​ទឹក​សំណើម (moisturizer)
  • គួរ​ជ្រើសរើស​ម៉ាស​ឲ្យ​ត្រូវ​ប្រភេទ​មុខ​របស់​យើង​
  • ក្រោយ​ពី​សម្អាត​ម៉ាស​ គួរ​លាង​មុខ​នឹង​ទឹក​ត្រជាក់​ដើម្បី​ផ្ចិត​រន្ធញើស។
  • មិនគួរធ្វើ៖

    • មិន​ត្រូវ​ប្រើ​ម៉ាស​ប្រសិន​ជា​យើង​មាន​បញ្ហា​រលាក​ស្បែក ​ស្បែក​ឡើង​ក្រហម រមាស់ ឬ​មាន​កន្ទួល​
    • កុំ​ប្រើ​ម៉ាស​រាល់​យប់ យក​ល្អ​គួរ​ប្រើ​មួយ​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍
    • កុំ​ទុក​ម៉ាស់​ចោល​លើ​មុខ​យូរ​ម៉ោង​ពេក​ដែលនេះ​​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក
    • កុំ​ដុស​មុខ​ខ្លាំងៗ​ពេល​លាងសម្អាត​ម៉ាស​ចេញ​ ព្រោះ​អាច​បង្ក​ឲ្យ​រលាក និង​ឡើង​ក្រហម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម