ស្រីៗយើងមិនតិចនាក់ទេមានពុកមាត់។ ទោះបីជាវត្តមានរោមពុកមាត់នេះ ពេលខ្លះបានធ្វើឲ្យស្រីៗយើងមានការអន់ចិត្តមែនប៉ុន្តែវាមិនមានគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ។ ក្នុងករណីភាគច្រើនពុកមាត់គឺបង្កឡើងដោយកត្តាហ្សែន និងអ័រម៉ូន។ យ៉ាងណាមិញការដុះពុកមាត់នេះ ក៏អាចបណ្ដាលមកពីស្ថានភាពជំងឺដែលស្រីៗយើងមិនដឹងខ្លួនថាមានផងដែរ។
១. ជំងឺដុះរោម
ជំងឺដុះរោមគឺជាវិបត្តិនៃការដុះរោមលើចង្ការ និងលើបបូរមាត់ ហើយរោមក៏អាចលេចឡើងនៅកន្លែងផ្សេងទៀតនៃរាងកាយផងដែរ។ ជំងឺនេះគឺបង្កដោយការកើនឡើងនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន(អរម៉ូនបុរស)។ ជំងឺដុះរោមនេះមានមកពីតំណរពូជដែលបញ្ជាក់ថាម្នាក់ក្នុងចំណោមសមាជិកគ្រួសារមានវិបត្តិនេះដែលធ្វើឲ្យយើងងាយនឹងកើត។ ម្យ៉ាងទៀតគឺស្ត្រីនៅក្នុងតំបន់មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងអ្នកជំនាន់ក្រោយនៃជនជាតិអាស៊ីគឺងាយនឹងកើតវិបត្តិនេះ។
២.ខូចក្រពេញអាដ្រេណាល់ (Adrenal ) ពីកំណើត
វិបត្តិមួយនេះក៏ជាស្ថានភាពតំណរពូជផងដែរ។ អាការៈនេះនាំឲ្យមានការបង្កើនការផលិតអ័រម៉ូនស្តេរ៉យ (cortisolនិងandrogen)ដែលចេញពីក្រពេញអាដ្រេណាល់ហើយរំញោចដល់ការលូតលាស់រោមលើផ្ទៃមុខ។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ
- ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ
- ស្រីៗគួរដឹង! របៀបតរោមភ្នែកឲ្យស្អាត ហើយសុវត្ថិភាព
- តិចនិកជម្រុះរោមបែបធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!
- តរោមភ្នែកឃើញស្អាត តែលំបាកបែបនេះ អ្នកមិនទាន់សាកអាចលែងចង់
- ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ
៣. គីសច្រើននៅក្រពេញអូវែ
ចំពោះស្រីៗយើងដែលមានវិបត្តិគីសនៅក្រពេញអូវែ តែងតែមានរោមមុខខ្មៅដោយសារអតុល្យភាពអ័រម៉ូន។ ក៏មានដែរស្រីៗយើងផ្សេងទៀត ក៏អាចមានគីសច្រើននៅក្រពេញអូវែដែរ ទោះបីជាមិនបង្ករឲ្យដុះពុកមាត់ តែបង្កឲ្យមានការឡើងទម្ងន់ខុសធម្មតា មានបញ្ហាមិនអាចពរពោះ និងរដូវមកមិនទៀងទាត់ជាដើម។
៤. ជំងឺ Cushing’s syndrome
ជំងឺនេះគឺសម្គាល់ដោយការកើនឡើងនូវកម្រិតអ័រម៉ូនករទីសុល(cortisol) ដែលជាអ័រម៉ូនស្តេរ៉យ (steroid) ធ្វើការបញ្ចេញតបនឹងភាពស្ត្រេស។ ជំងឺនេះបង្កឲ្យមានអតុល្យភាពអ័រម៉ូន និងជំរុញការដុះរោមលើផ្ទៃមុខ។ ស្រីៗដែលប្រើថ្នាំអ័រម៉ូនករទីសុលរយៈពេលយូរអាចនឹងកើតជំងឺcushing’ssyndromeព្រមទាំងដុះពុកមាត់ផងដែរ។
៥. ដុំពកមហារីក
ដុំពកមហារីកលូតលាស់ក្នុងក្រពេញអាដ្រេណាល់ ឬក្រពេញអូវែដែលអាចជំរុញការបញ្ចេញអ័រម៉ូនភេទបុរសនៅលើស្ត្រីដែលធ្វើឲ្យមានការដុះរោមលើមុខក្រាស់។ ប្រសិនបើស្រីៗយើងសង្កេតឃើញមានការផ្លាស់ប្ដូររោមលើផ្ទៃមុខ រដូវមកមិនទៀងទាត់ ឬសំឡេងឡើងគ្រលរ ស្រីៗយើងគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៦. ឱសថព្យាបាល
ស្រីយើងអាចនឹងដុះពុកមាត់ដែរប្រសិនបើប្រើថ្នាំខាងក្រោមនេះ៖
- Minoxidil:ថ្នាំព្យាបាលសក់ជ្រុះ
- Anabolicsteroids:ថ្នាំអ័រម៉ូនបុរស
- Testosterone:ថ្នាំសម្រាប់អ្នកជំងឺកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន
- Cyclosporine:ថ្នាំទប់ប្រព័ន្ធភាពស៊ាំដែលប្រើមុនប្ដូរសរីរាង្គ
ការរៀបចំរោមមុខដែលមិនត្រូវការ
ដោយសារករណីភាគច្រើន ពុកមាត់ដុះចេញឡើងដោយអ័រម៉ូន ហេតុនេះការគ្រប់គ្រងអ័រម៉ូនអាចជួយដោះស្រាយបញ្ហាពុកមាត់បាន។ ស្រីៗដែលលើសទម្ងន់គឺ មានការណែនាំឲ្យសម្រកទម្ងន់ ព្រោះភាពធាត់លើសទម្ងន់អាចបង្អាក់ការផលិតជាធម្មតានិងភាពទៀងទាត់របស់អ័រម៉ូន។ ទម្ងន់រាងកាយដែលសុខភាពល្អអាចរក្សាអ័រម៉ូនរបស់យើងតាមធម្មតា ដោយមិនត្រូវការប្រើប្រាស់ថ្នាំ។ ប្រសិនបើរោមមុខយើងបង្កដោយរោគគីសច្រើនក្នុងក្រពេញអូវែ ឬវិបត្តិនៃក្រពេញអាដ្រេណាល់នោះយើងគួរស្វែងរកការព្យាបាល។ ថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងអ័រម៉ូនអង់ដ្រូហ្សែនអាចជួយឲ្យកម្រិតអ័រម៉ូនត្រលប់មកធម្មតាឡើងវិញ។
ថ្នាំEflornithineក្នុងទម្រង់លាបអាចជួយពន្យឺតការដុះលូតលាស់រោមមុខបានដែរ។ ទោះយ៉ាងណាក៏ដោយវាក៏អាចបង្កឲ្យមានភាពមិនសុខស្រួលក្នុងខ្លួនផងដែរ។ ប្រសិនបើយើងបារម្ភពីសម្រស់ខ្លួនឯងយើងអាចសាកល្បងប្រើវិធីសាស្ត្រកម្ចាត់រោមដូចជាបករោម កោររោម ឬព្យាបាលដោយប្រើកាំរស្មីឡាស៊ែ ដើម្បីបង្កើនទំនុកចិត្តលើខ្លួនឡើងវិញ។
[embed-health-tool-due-date]