backup og meta

ស្រីៗបើដុះពុកមាត់អាចជារឿងធម្មតា តែក៏អាច​មកពី​បញ្ហាសុខភាពទាំងនេះដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 23, 2020

    ស្រីៗបើដុះពុកមាត់អាចជារឿងធម្មតា តែក៏អាច​មកពី​បញ្ហាសុខភាពទាំងនេះដែរ

    ស្រីៗ​យើង​មិនតិចនាក់ទេ​មានពុកមាត់។ ទោះបីជាវត្តមានរោមពុកមាត់នេះ ពេល​ខ្លះ​បាន​ធ្វើឲ្យស្រីៗ​យើង​មានការអន់ចិត្តមែនប៉ុន្តែវាមិនមានគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ។ ក្នុងករណីភាគច្រើនពុកមាត់គឺបង្កឡើង​ដោយ​កត្តាហ្សែន និងអ័រម៉ូន។ យ៉ាង​ណាមិញ​ការដុះពុកមាត់នេះ ក៏អាចបណ្ដាលមកពីស្ថានភាពជំងឺដែលស្រីៗ​យើង​មិនដឹងខ្លួនថាមានផងដែរ។

    ១. ជំងឺដុះរោម

    ជំងឺដុះរោមគឺជាវិបត្តិនៃការដុះរោមលើចង្ការ និងលើបបូរមាត់ ហើយរោម​ក៏អាចលេចឡើងនៅកន្លែងផ្សេងទៀតនៃរាងកាយផងដែរ។ ជំងឺនេះគឺបង្កដោយការកើនឡើងនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន(អរម៉ូនបុរស)។ ជំងឺដុះរោមនេះមានមកពីតំណរពូជដែលបញ្ជាក់ថាម្នាក់ក្នុងចំណោមសមាជិកគ្រួសារមានវិបត្តិនេះដែលធ្វើឲ្យយើង​ងាយនឹងកើត។ ម្យ៉ាងទៀតគឺស្ត្រីនៅក្នុងតំបន់មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងអ្នក​ជំនាន់ក្រោយនៃ​ជនជាតិអាស៊ីគឺ​ងាយនឹងកើតវិបត្តិនេះ។

    ២.​ខូចក្រពេញអាដ្រេណាល់ (Adrenal ) ពីកំណើត

    វិបត្តិមួយ​នេះក៏ជាស្ថានភាពតំណរពូជផងដែរ។ អាការៈនេះ​នាំឲ្យ​មាន​ការបង្កើន​ការផលិតអ័រម៉ូនស្តេរ៉យ (cortisolនិង​androgen)​ដែលចេញពីក្រពេញអាដ្រេណាល់ហើយ​រំញោចដល់ការលូតលាស់រោមលើផ្ទៃមុខ។

    ៣. គីសច្រើននៅក្រពេញអូវែ

    ចំពោះ​ស្រីៗ​​យើង​ដែលមានវិបត្តិគីស​នៅក្រពេញ​អូវែ តែងតែមានរោមមុខខ្មៅដោយសារអតុល្យភាពអ័រម៉ូន។ ក៏មាន​ដែរ​ស្រីៗយើង​ផ្សេង​ទៀត ​ក៏អាចមានគីសច្រើននៅក្រពេញអូវែដែរ ទោះបីជាមិនបង្ករ​ឲ្យដុះពុកមាត់ តែបង្កឲ្យ​មានការឡើងទម្ងន់ខុសធម្មតា​ មានបញ្ហាមិនអាចពរពោះ និងរដូវមកមិនទៀងទាត់​ជាដើម​។

    ៤. ជំងឺ Cushing’s syndrome

    ជំងឺនេះគឺសម្គាល់ដោយការកើនឡើងនូវកម្រិតអ័រម៉ូនករទីសុល(cortisol) ដែលជាអ័រម៉ូនស្តេរ៉យ (steroid) ធ្វើការបញ្ចេញតប​នឹងភាពស្ត្រេស។ ជំងឺនេះបង្កឲ្យមានអតុល្យភាពអ័រម៉ូន និងជំរុញការដុះរោមលើផ្ទៃមុខ។ ស្រីៗ​ដែលប្រើថ្នាំអ័រម៉ូនករទីសុលរយៈពេលយូរអាចនឹងកើតជំងឺcushing’ssyndromeព្រមទាំងដុះពុកមាត់ផងដែរ។

    ៥. ដុំពកមហារីក

    ដុំពកមហារីកលូតលាស់ក្នុងក្រពេញអាដ្រេណាល់ ឬក្រពេញអូវែដែលអាចជំរុញការបញ្ចេញអ័រម៉ូនភេទបុរសនៅលើស្ត្រីដែល​ធ្វើ​ឲ្យ​មាន​ការ​ដុះរោម​លើមុខ​ក្រាស់។ ប្រសិនបើស្រីៗ​យើង​សង្កេតឃើញមានការផ្លាស់ប្ដូររោមលើផ្ទៃមុខ រដូវមកមិនទៀងទាត់ ឬសំឡេង​ឡើងគ្រលរ ស្រីៗ​យើង​គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ​។

    ៦. ឱសថព្យាបាល

    ស្រីយើង​អាចនឹងដុះពុកមាត់ដែរ​ប្រសិនបើប្រើថ្នាំខាងក្រោមនេះ៖​

    • Minoxidil:ថ្នាំព្យាបាលសក់ជ្រុះ
    • Anabolicsteroids:ថ្នាំអ័រម៉ូនបុរស
    • Testosterone:ថ្នាំសម្រាប់អ្នកជំងឺកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន
    • Cyclosporine:ថ្នាំទប់ប្រព័ន្ធភាពស៊ាំដែលប្រើមុនប្ដូរសរីរាង្គ

    ការរៀបចំរោមមុខដែលមិនត្រូវការ

    ដោយសារករណីភាគច្រើន ពុកមាត់ដុះចេញឡើងដោយអ័រម៉ូន ហេតុនេះការគ្រប់គ្រងអ័រម៉ូនអាចជួយដោះស្រាយបញ្ហាពុកមាត់បាន។ ស្រីៗ​ដែលលើសទម្ងន់គឺ មានការណែនាំឲ្យសម្រកទម្ងន់ ព្រោះភាពធាត់លើសទម្ងន់អាចបង្អាក់ការផលិតជាធម្មតានិងភាពទៀងទាត់របស់អ័រម៉ូន។ ទម្ងន់រាងកាយដែលសុខភាពល្អអាចរក្សាអ័រម៉ូនរបស់យើង​តាមធម្មតា ដោយមិនត្រូវការប្រើប្រាស់ថ្នាំ។ ប្រសិនបើរោមមុខយើង​បង្កដោយរោគគីសច្រើនក្នុងក្រពេញអូវែ ឬវិបត្តិនៃក្រពេញអាដ្រេណាល់នោះយើង​គួរស្វែង​រក​ការព្យាបាល។ ថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងអ័រម៉ូនអង់ដ្រូហ្សែនអាចជួយឲ្យកម្រិតអ័រម៉ូនត្រលប់មកធម្មតាឡើងវិញ។​

    ថ្នាំEflornithineក្នុងទម្រង់លាប​អាច​ជួយ​ពន្យឺត​ការដុះ​លូត​លាស់​រោមមុខបាន​ដែរ។ ទោះយ៉ាងណាក៏ដោយវាក៏អាចបង្កឲ្យមានភាព​មិនសុខស្រួលក្នុង​ខ្លួន​ផងដែរ។ ប្រសិនបើយើង​បារម្ភពីសម្រស់ខ្លួនឯងយើង​អាចសាកល្បងប្រើវិធីសាស្ត្រកម្ចាត់រោមដូចជាបករោម កោររោម ឬព្យាបាលដោយប្រើកាំរស្មីឡាស៊ែ ដើម្បីបង្កើនទំនុកចិត្តលើ​ខ្លួន​ឡើងវិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម