ស្បែកមិនត្រឹមតែជួយការពាររាងកាយយើងពីការឆ្លងរោគផ្សេងៗទេ ប៉ុន្តែស្បែកក៏ដើរតួរជាអ្នកផ្ដល់សម្រស់ឲ្យយើងទៀតផង។ គ្នាយើងដឹងទេ សម្រស់ស្បែករបស់យើងអាចនៅក្មេងជាងវ័យ ឬភ្លឺរលោងបានយូរប៉ុនណានោះ គឺអាស្រ័យលើការហូបចុក និងសុខភាពផ្លូវចិត្តរបស់យើងដែរ។ ខាងក្រោមនេះ ជាតិចនិកមួយចំនួនជួយគ្នាយើង ពិសេសស្រីៗថែរក្សាស្បែកកុំឲ្យមានស្នាមជ្រីវជ្រួញ ឬមើលទៅចាស់ជាងវ័យ។
១. របបអាហារល្អចំពោះស្បែក
គ្នាយើងចង់បានស្បែកមានសុខភាពល្អ? កុំរំលងរឿងរបបអាហារឲ្យសោះ។ ការដែលគ្នាយើងញ៉ាំអាហារមានវីតាមីន C បានច្រើន និងបន្ថយការញ៉ាំអាហារមានជាតិខ្លាញ់ និងកាបូអ៊ីដ្រាត គឺមានទំនាក់ទំនងជួយដល់សុខភាពស្បែករបស់យើងឲ្យមើលទៅឃើញថានៅក្មេងជាងវ័យ។
អាហារសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidants) ដូចជាត្រី ផ្លែឈើ និងបន្លែ អាចជួយការពារស្បែកឲ្យមានសុខភាពល្អ។
២. ញ៉ាំអាហារសម្បូរវីតាមីន C និងE
គ្នាយើងដឹងហើយថាគ្រីមការពារស្បែកគឺមានផ្ទុកវីតាមីន C ឬ E ។ ចុះហេតុអ្វីយើងមិនប្រើសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះឲ្យជួយស្បែកយើងពីខាងក្នុងខ្លួនមកវិញ? នេះគឺយើងត្រូវញ៉ាំអាហារសប្បូរដោយវីតាមីនC និង E រួមជាមួយជាតិរ៉ែស៊ីលីញ៉ូម(selenium) ដើម្បីជួយការពារស្បែកយើងប្រឆាំងនឹងការបំផ្លាញដោយពន្លឺព្រះអាទិត្យ ជួយយើងទប់ទល់នឹងបញ្ហាស្បែកជ្រីវជ្រួញ និងប្រែពណ៌ស្បែក។
៣. ហាត់ប្រាណ
ការហាត់ប្រាណមានប្រយោជន៍ច្រើនដល់រាងកាយរបស់យើង មិនថាសរីរាង្គមួយណានោះទេ គឺរួមទាំងស្បែកផងដែរ។ ការហាត់ប្រាណបង្កើនដំណើរការល្អនៃចរន្តឈាម ជួយឲ្យស្បែកមានសុខភាពល្អ។ ចរន្តឈាមដើរបានល្អ ជួយនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមដល់ស្បែក និងជួយស្បែកផលិតខូឡាជែន ព្រមទាំងពន្យាភាពចាស់របស់ស្បែក។ យ៉ាងណាកុំភ្លេចថាហាត់ប្រាណគឺបែកញើស ដូចនេះកុំភ្លេចសម្អាតខ្លួនឲ្យបានស្អាតក្រោយហាត់ប្រាណ។
៤. ប្រើកាហ្វេសម្រាប់ថែស្បែក
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ឬតែ អាចធ្វើឲ្យរាងកាយយើងខ្សោះជាតិទឹកបាន ហើយនឹងធ្វើឲ្យស្បែករបស់យើងស្ងួត។ ប៉ុន្តែមានការសិក្សាធ្វើលើសត្វកណ្ដុររកឃើញថាការយកកាហ្វេមកលាបស្បែក បែរជាជួយការពារស្បែកនឹងការបំផ្លាញដោយពន្លឺព្រះអាទិត្យ និងកាត់ន្ថយហានីភ័យមហារីកស្បែក។ ដូចគ្នានេះដែរ ក្រុមអ្នកជំនាញក៏កំពុងសិក្សាទៀតថាតើកាហ្វេអាចជួយរក្សាស្បែករបស់មនុស្សយើងយ៉ាងណាខ្លះទៀត។
៥. រក្សាជាតិទឹកក្នុងខ្លួន
ការផឹកទឹកឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ចំពោះសុខភាព ដូចយើងដឹងហើយថាគ្រប់ផ្នែកនៃរាងកាយយើងត្រូវការជាតិទឹកដើម្បីដំណើរការ។
ក្រៅពីជួយនាំជាតិពុលចេញពីរាងកាយ ជាតិទឹកក៏ជួយដល់ការរំលាយអាហារ គ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួន ជួយឲ្យស្បែកមានសុខភាពល្អ និងមានសំណើម។
ដូចបានរៀបរាប់ខាងលើអ៊ីចឹង របៀបរបបរស់នៅប្រចាំថ្ងៃ របបអាហារត្រឹមត្រូវ ការរក្សាជាតិទឹកបានល្អនៅក្នុងខ្លួន គឺសុទ្ធតែមានប្រយោជន៍សម្រាប់សុខភាពស្បែក និងជួយឲ្យស្បែកមើលទៅក្មេងជាងវ័យ។
[embed-health-tool-due-date]