backup og meta

៥​ តិចនិក​ថែ​រក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង កុំ​ឲ្យ​បែក​ស្រកា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 20, 2021

    ៥​ តិចនិក​ថែ​រក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង កុំ​ឲ្យ​បែក​ស្រកា

    ពេល​ខែ​ត្រជាក់​កាន់​តែ​ខិត​ចូល​មក យើង​ម្នាក់ៗ​ត្រៀម​ទឹក​ក្ដៅ​ងូត ហើយ​លាប​ឡេ​ផ្ដល់​សំណើម​តាម​ក្រោយ ព្រោះ​ខ្លាច​ស្បែក​ស្ងួត ប៉ុន្តែ​ពេល​ខ្លះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​អាច​ជា​កំហុស​ធ្វើ​ឲ្យ​ស្បែក​ខូច​ដោយ​មិន​ដឹង​ខ្លួន​ក៏​ថា​បាន។ ហេតុ​នេះ​យើង​ត្រូវ​ចេះ​ថែ​ទាំ​ស្បែក ជា​ពិសេស​គ្នា​យើង​ស្រីៗ ដើម្បី​ឲ្យ​ស្បែក​រលោង និង​មាន​សភាព​ភ្លឺ​ស្អាត។

    ១.ផ្ដល់​សំណើម​ដល់​ស្បែក​ពី​ខាង​ក្នុង​មក

    ការ​ផឹក​ទឹក​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ការ​ពារ​ស្បែក​ពី​ការ​ប្រេះ ឬ​បែក​ស្រកា។ ដល់​ខែ​ត្រជាក់ យើង​គួរ​ផឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​ក្រូច​ឆ្មារ ឬ​ទឹក​ឃ្មុំ អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា និង​ផ្ដល់​សំណើម​ដល់​ស្បែក​ពី​ខាង​ក្នុង​ចេញ​មក​ក្រៅ​ថែម​ទៀត។ យក​ល្អ គួរ​ផឹក​ទឹក​ឲ្យ​បាន៧-៨​កែវ/ថ្ងៃ ជា​ប្រចាំ ឲ្យ​កើត​ជា​ទម្លាប់​កាន់​តែ​ល្អ។

    ២.ជ្រើស​រើស​សាប៊ូ​ត្រឹម​ត្រូវ

    សាប៊ូ​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​សារធាតុpH ហើយ​បណ្ដាល​ឲ្យ​ស្ងួត ឬ​បែក​ស្រកា ជាពិសេស នៅ​ក្នុង​ខែ​ត្រជាក់។ យើង​គួរ​ប្រើ​សាប៊ូ​ដែល​មាន​ជាតិ​ស្រទន់​នៅ​លើ​ស្បែក និង​មាន​ជាតិ​ប្រេង​ទើប​ល្អ ហើយ​បើ​អាច​គួរ​បន្ថែម​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត។

    ៣.ផ្ដល់​សំណើម​ដល់​ស្បែក​ទាំង​យប់/ថ្ងៃ

    និយាយ​ទៅ ឡេ និង​គ្រីម​ផ្ដល់​សំណើម​ដល់​ស្បែក​គួរ​តែ​ជា​ប្រើ​ជា​ប្រចាំ។ វា​ជួយ​ស្បែក​យើង​ឲ្យ​មើល​ទៅ​មាន​សុខភាព​ល្អ ស្អាត និង​ជួយ​ការពារ​ភាព​ជ្រីវជ្រួញ​ដែរ ប៉ុន្តែ​យើង​ត្រូវ​ប្រាកដ​ថា យើង​ជ្រើស​យក​ផលិត​ផល​ដែល​ល្អ ស័ក្តិ​សម​នឹង​ស្បែក​យើង ទើប​ទទួល​បាន​លទ្ធផល និង​មិន​ប៉ះពាល់​ស្បែក។

    មហារីកស្បែក

    ៤.កុំ​ភ្លេច​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ទោះ​មេឃ​ស្រទុំៗ

    កុំ​ឃើញ​មេឃ​ខែ​ត្រជាក់​ស្រទុំៗ ខ្ជិល​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នោះ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​លាប​វា​ដែរ។ ការ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ អាច​ជួយ​ការពារ​ស្បែក និង​ផ្ដល់​ភាព​ភ្លឺ​ចែង​ចាំង ចៀស​វាង​មើល​ទៅ​ស្រអាប់។ ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ភាគ​ច្រើន​ដែល​មាន SPF ១៥ ឬ​លើ​នេះ សុទ្ធ​តែ​អាច​ការពារ​ស្បែក​ពី​ពន្លឺ​UVB និងUVA​បាន​យ៉ាង​ល្អ។

    ៥.ចៀសវាង​ងូត​ទឹក​ក្ដៅ​ញឹក​ញយ

    ដ្បិត​ងូត​ទឹក​ក្ដៅ​ធ្វើ​ឲ្យ​យើង​ស្រួល​ខ្លួន និង​បំបាត់​ភាព​រងា​បាន តែ​បើ​យើង​ងាក​ងូត​ទឹក​ក្ដៅៗ ខ្លួន​នឹង​ស្រួល​ហើយ តែ​ស្បែក​យើង​វិញ​មិន​ស្រួល​ទេ។ ទឹក​កាន់​តែ​ក្ដៅ ស្បែក​យើង​កាន់​តែ​ស្ងួត​ទៅ​តាម​នឹង​ដូច​គ្នា។ មួយ​វិញ​ទៀត ការ​ត្រាំ​ទឹក​ក្ដៅ​ក៏​មិន​ល្អ​សម្រាប់​ស្បែក​ដែរ យក​ល្អ យើង​ងូត​ទឹក​ធម្មតា តែ​កុំ​ងូត​យូរ​ពេក ឬ​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម