backup og meta

គ្រឿង​ផ្សំ​ក្នុង​ផលិតផលគួរ​ចៀសវាង​ បើស្បែក​ងាយ​ប្រតិកម្ម​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 09, 2021

    គ្រឿង​ផ្សំ​ក្នុង​ផលិតផលគួរ​ចៀសវាង​ បើស្បែក​ងាយ​ប្រតិកម្ម​

    ​ស្រី​ៗ​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម​​ប្រាកដ​ជា​យល់​ច្បាស់​ពី​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ថែ​សម្រស់​មិន​ខាន​។​ ពិត​ណាស់​ ការ​ជ្រើសរើស​ផលិតផល​ខុស​ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ឡើង​ក្រហម​ រលាក​ និង​របក​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ដូច្នេះ​ហើយ​ ដើម្បី​​បញ្ចៀស​​បញ្ហា​ស្បែក​ទាំង​នេះ​ ​​​ការ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​នៅ​ក្នុង​ផលិតផល​ថែ​សម្រស់​គឺ​ជា​រឿង​សំខាន់​បំផុត​។​ ប្រសិនបើ​យើង​ចង់​សាកល្បង​ផលិតផល​ថ្មី​ៗ​ ចូរ​ជៀសវាង​គ្រឿង​ផ្សំ​ទាំង​នេះ​។

    ១. សារធាតុ​បន្ថែម​ក្លិន​ក្រអូប​​

    ​​​ផលិតផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​ផ្ទុក​សារធាតុ​បន្ថែម​ក្លិន​ក្រអូប​​ ដើម្បី​បិទបាំង​ក្លិន​មិន​​ល្អ​នៅ​ក្នុង​គ្រឿង​ផ្សំ​មួយ​ចំនួន​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​ការ​បន្ថែម​ក្លិន​គឺ​ជា​រឿង​ធម្មជាតិ​ ប៉ុន្តែ​វា​ក៏​អាច​​​ធ្វើ​ឲ្យ​ស្បែក​​ងាយ​ប្រតិកម្ម​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​។​ ពិត​ណាស់​ សារធាតុ​​នេះ​គឺ​ជា​ល្បាយ​នៃ​គ្រឿង​ផ្សំ​ធម្មជាតិ​ និង​គីមី​ ហើយ​ប្រសិនបើ​ផលិតផល​នោះ​មាន​ក្លិន​ខ្លាំង​ វា​អាច​ផ្ទុក​សារធាតុ​គីមី​​​ធ្ងន់ធ្ងរ​​ផ្សេង​ទៀត​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​គ្រប់​ប្រភេទ​រលាក​យ៉ាង​ងាយ​។

    ២. ប្រេង​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ

    ​​គ្រឿង​ផ្សំ​មួយ​ចំនួន​​នៃ​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​ នឹង​​ប្រែប្រួល​ទៅ​ជា​សារធាតុ​គីមី​ និង​អង់ស៊ីម​ នៅ​ពេល​ដែល​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រង​ប្រតិកម្ម​។​ ​សម្រាប់​ស្រី​ៗ​មាន​ស្បែក​ងាយ​ប្រតិកម្ម​គប្បី​មាន​ការ​​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​មាន​ប្រេង​​ដើម​តែ​ ជី​អង្កាម និង​​ផ្កា​ឡាវែន​ឌឺ ឬ​ជៀសវាង​ប្រើប្រាស់​តែ​ម្ដង​។​ ​ប្រេង​​ដើម​តែ​ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​ និង​រលាក​។​ រី​ឯ​ប្រេង​ជី​អង្កាម និង​​ផ្កា​ឡាវែន​ឌឺ​អាច​បង្ក​ឲ្យ​ស្បែក​រលាក​ និង​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​ស្បែក​។

    ៣. ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ផ្សំ​ពី​សារធាតុ​គីមី

    ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ធម្មជាតិ​  មាន​គ្រឿង​ផ្សំ​សកម្ម​ចំនួន​ពីរ​គឺ​ Titanium dioxide និង​ Zinc oxide ដែល​បំពេញ​មុខងារ​បែប​ធម្មជាតិ​ក្នុង​ការរារាំង​កាំរស្មី​UV។​ ចំណែក​ឯ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ផ្សំ​ពី​សារធាតុ​គីមី​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ជា​ច្រើន​ប្រភេទ​ដែល​ស្រូប​យក​ពន្លឺ​UV និង​បញ្ចេញ​ជា​កម្ដៅ​បន្ទាប់​ពី​មាន​ប្រតិកម្ម​គីមី​រួច​ និង​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​រលាក​ខ្លាំង​ឡើង​។

    ស្បែកងាយប្រតិកម្ម២

    ៤. ក្រែម​ជម្រុះ​កោសិកា​ងាប់​ប្រភេទ​​ខ្លាំង

    ប្រសិនបើ​យើង​មាន​ស្បែក​ដែល​ងាយ​រលាក​ ការ​ប្រើ​ផលិតផល​ជម្រុះ​កោសិកា​ងាប់​នឹង​ធ្វើ​ឲ្យ​ស្បែក​យើង​កាន់​តែ​រលាក​ទ្វេ​ដង​។​ ប៉ុន្តែ​ ស្រី​ៗ​យើង​មិន​គួរ​បញ្ឈប់​ការ​ប្រើប្រាស់​ក្រែម​ជម្រុះ​កោសិកា​ងាប់​ទាំង​ស្រុង​ឡើយ​ ពីព្រោះ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កម្ចាត់​ចោល​កោសិកា​ងាប់​ និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។​ ជាក់​ស្ដែង​ មិន​ថា​ក្រែម​ជម្រុះ​កោសិកា​ងាប់​ធម្មជាតិ​ ឬ​គីមី​ក៏​ដោយ​ វា​សុទ្ធតែ​​​​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​ស្បែក​ ដូច្នេះ​ហើយ​ យើង​​មិន​គួរ​​ប្រើប្រាស់​វា​ញឹកញាប់​ពេក​ឡើយ​។​ អាស៊ីដ​Lacticគឺ​ជា​គ្រឿង​ផ្សំ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ពីព្រោះ​វា​មិន​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​ស្បែក​ដូចជា​អាស៊ីដ​ផ្សេង​ទៀត​ឡើយ​។

    ៥. ជាតិ​អាកុល​

    ​​ជា​មួយ​គ្នា​នេះ​ដែរ​ ផលិតផល​ដែល​មាន​ជាតិ​អាកុល​ ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​ស្ងួត​​ និង​​ជះ​ឥទ្ធិពល​​ដល់​ដំណើរ​វិល​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​របស់​ស្បែក​ថែម​ទៀត​ផង។​ ​កត្តា​នេះ​​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​​មាន​ស្បែក​ងាយ​ប្រតិកម្ម​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម