តែគឺជាភេសជ្ជៈដែលពេញនិយមមួយ ហើយវាក៏ត្រូវបានប្រើប្រាស់ក្នុងការថែរក្សាស្បែកផងដែរ។ ពិតណាស់ ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម តែក្រហមមិនត្រឹមតែអាចជួយបណ្ដេញជាតិពុលប៉ុណ្ណោះទេ វាថែមទាំងអាចជួសជុលកោសិកានៃស្បែកឲ្យត្រលប់មករកភាពវ័យក្មេងម្ដងទៀត។ ដូច្នេះហើយ ដើម្បីទទួលបានអត្ថប្រយោជន៍នៃតែក្រហមចំពោះស្បែក និងសរសៃសក់ ស្រីៗយើងអាចសាកល្បងវិធីសាស្ត្រទាំងនេះ។
១. កាត់បន្ថយស្នាមជ្រីវជ្រួញក្រោមភ្នែក
ដើម្បីដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញក្រោមភ្នែក យើងអាចបិទកញ្ចប់តែត្រជាក់ ដើម្បីបន្តឹងស្បែកនៅបរិវេណក្រោមភ្នែក ហើយធ្វើបែបនេះជារៀងរាល់ព្រឹក បន្ទាប់ពីភ្ញាក់ពីគេង។ តិចនិកមួយនេះ អាចជួយកម្ចាត់ស្នាមជ្រីវជ្រួញរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។
២. កាត់បន្ថយត្របកភ្នែកយារធ្លាក់
ស្រីៗយើងមួយចំនួន អាចនឹងមានត្របកភ្នែកយារធ្លាក់ ក្រោយពេលភ្ញាក់ពីគេង។ យ៉ាងណាមិញ ប្រសិនបើយើងចង់កម្ចាត់បញ្ហាមួយនេះ គ្នាយើងគប្បីប្រើប្រាស់វិធីសាស្ត្រដូចគ្នាទៅនឹងការដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញនៅបរិវេណភ្នែក។ កញ្ចប់តែត្រជាក់អាចជួយបន្តឹងស្បែកបរិវេណភ្នែក និងដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ក៏ដូចជាបរិមាណកាហ្វេអ៊ីនតិចតួច វាក៏អាចជួយកាត់បន្ថយបញ្ហាត្របកភ្នែកយារធ្លាក់បានយ៉ាងងាយស្រួល។
៣. កាត់បន្ថយស្លាកស្នាមនៅលើផ្ទៃមុខ
ជាមួយគ្នានេះដែរ តែក្រហមសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់រ៉ាឌីកាល់សេរី និងបណ្ដេញជាតិពុល។ ដូចនេះ គ្នាយើងក៏អាចបិទកញ្ចប់តែក្រហមដែលត្រជាក់នៅត្រង់បរិវេណដែលមានស្នាម ពីព្រោះវាអាចជួយកាត់បន្ថយស្លាកស្នាមផ្សេងៗយ៉ាងពូកែស័ក្ដិសិទ្ធិ ព្រមទាំងធ្វើឲ្យពណ៌ស្បែកស៊ីគ្នាឡើងវិញ។
៤. ជួយឲ្យសក់ភ្លឺរលោង
បន្ថែមពីនេះ តែក្រហមក៏មានសមត្ថភាពជួយឲ្យសក់របស់យើងមានពណ៌ខ្មៅបែបធម្មជាតិ និងភ្លឺរលោង។ ចូរប្រើប្រាស់តែក្រហមដែលត្រជាក់ដើម្បីលាងសម្អាតសក់ បន្ទាប់ពីងូតទឹករួច នោះស្រីៗយើងច្បាស់ជាទទួលបានសក់ស្អាត និងមានភាពទាក់ទាញជាក់ជាមិនខាន។
[embed-health-tool-due-date]