គ្មានអ្នកណាម្នាក់ចូលចិត្តស្នាមជ្រីវជ្រួញនោះទេ ហើយក៏មិនមែនគ្មានវិធីសាស្ត្រដើម្បីកាត់បន្ថយ ឬក៏ពន្យារស្នាមជ្រីវជ្រួញដែរ។ នៅពេលដែលខូឡាជែន និងភាពយឺតបាត់បង់ដោយសារកត្តាវ័យ កម្ដៅថ្ងៃ និងការជក់បារី ស្នាមជ្រីវជ្រួញក៏ចាប់ផ្ដើមលេចឡើង។ ដូចនេះ ដើម្បីស្តារឡើងវិញ និងពង្រឹងខូឡាជែន និងភាពយឺតនៃស្បែក ចូរសាកល្បងនូវវិធីសាស្ត្រងាយៗទាំងនេះ។
១. ប្រើឡេការពារកម្ដៅថ្ងៃ
កាំរស្មីUV បានជ្រាបចូលក្នុងស្រទាប់ជ្រៅនៃស្បែក និងបំផ្លាញខូឡាជែនរបស់ស្បែកយ៉ាងធ្ងន់ធ្ងរ។ ដូចនេះ យើងចាំបាច់ ត្រូវប្រើឡេការពារកម្តៅថ្ងៃ នៅអំឡុងពេលថ្ងៃ មិនថាចេញក្រៅ ឬនៅក្នុងផ្ទះក៏ដោយ។ ប្រសិនបើយើងបែកញើសខ្លាំង ឬនៅខាងក្រៅរយៈពេលយូរ កុំភ្លេចលាបឡេការពារកម្តៅថ្ងៃសារជាថ្មីម្ដងទៀត។ យ៉ាងណាមិញ យើងក៏មិនគួរបំភ្លេចចោលក្រែមលាបបបូរមាត់ដែរ។
២. ឈប់ជក់បារី
យើងប្រហែលជាបានដឹងហើយថា ការជក់បារីនាំឲ្យកើតមាននូវជំងឺផ្សេងៗជាច្រើន។ មិនតែប៉ុណ្ណោះ វាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែកថែមទៀតផង ដោយសារតែផ្សែងបានរីបានចូលទៅបំផ្លាញខូឡាជែន ដែលធ្វើឲ្យអ្នកជក់បារី កើតមានស្នាមជ្រីវជ្រួញខុសពីអ្នកដទៃ។
៣. បង្កើនវីតាមីនC
វីតាមីនC មានសារៈសំខាន់ណាស់ ក្នុងការផលិតខូឡាជែន។ ដូច្នេះ ប្រសិនបើរបបអាហារយើង មានផ្ទុកវីតាមីនCច្រើន ស្បែកយើងមើលទៅភ្លឺស្រស់ថ្លា និងក្មេងជាងវ័យជាក់ជាមិនខាន។ យើងអាចសាកញ៉ាំ ផ្លែឈើដែលសម្បូរទៅដោយវីតាមីនC នោះយើងនឹងកត់សម្គាល់ឃើញភាពខុសប្លែកយ៉ាងឆាប់រហ័ស។
៤. ប្រើក្រែមផ្តល់សំណើម
ក្រែមផ្តល់សំណើមជួយការពារ និងធ្វើឲ្យស្បែករបស់យើងកាន់តែមានមន្តស្នេហ៍ទ្វេដង។ យើងអាចប្រើក្រែមប្រភេទស្រាល និងពុំមានជាតិប្រេងជារៀងរាល់ថ្ងៃ។ ប្រសិនបើយើងមានស្បែកស្ងួត យើងអាចលាបក្រែមផ្តល់សំណើមលើសពីម្តងក្នុងមួយថ្ងៃ។
៥. ជម្រុះកោសិកាចាស់ៗជាប្រចាំ
ការជម្រុះកោសិកាស្បែក ជួយកម្ចាត់ចោលកោសិកាស្បែកចាស់ៗដែលងាប់នៅស្រទាប់ខាងលើ ដោយជំនួសឲ្យកោសិកាថ្មីៗ និងស្រស់ថ្លាវិញម្តង។ យើងអាចប្រើក្រណាត់ដុះខ្លួនទន់ៗ ឬវិធីខាត់ស្បែកសម្រាប់ដុះជម្រុះស្បែកចាស់ៗ ឬងាប់ចេញបាន។
ជាក់ស្ដែង ការផ្លាស់ប្តូរកោសិកាស្បែកមានសារៈសំខាន់ណាស់ចំពោះស្បែក។ ប៉ុន្តែ វានឹងចាប់មានដំណើរការយឺតយ៉ាវ នៅពេលដែលយើងមានវ័យកាន់តែច្រើន។ ដូច្នេះហើយ ការជម្រុះកោសិកាចាស់ៗចោល គឺជារឿងសំខាន់បំផុតដែលយើងមិនគួរមើលរំលងឡើយ។
[embed-health-tool-vaccination-tool]