និយមន័យ
១- អ្វីជាជំងឺប្លាកែតចុះទាប?
ប្លាកែត សំដៅលើជាកោសិកាឈាម ដែលមាននាទីសំខាន់ធ្វើឈាមកក ហើយជំងឺប្លាកែតចុះទាប កើតឡើងដោយសារការខ្វះចំនួនប្លាកែតក្នុងឈាម បញ្ហាសុខភាព អាចដោយសារឥទ្ធិពលរបស់ថ្នាំមួយចំនួន។ ជំងឺនេះមិនមែនជាជំងឺធ្ងន់ធ្ងរទេ ហើយរោគសញ្ញាក៏មានតិចតួចដែរ ហើយករណីកម្រខ្លះ ចំនួនប្លាកែតធ្លាក់ចុះទាប ធ្វើឲ្យមានការហូរឈាមក្នុងខ្លួន។
២- កើតឡើងញឹកញាប់ដែរទេ?
អាចកើតលើកូនទាំងក្មេងៗ និងមនុស្សគ្រប់វ័យ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាជំងឺនេះកើតអាស្រ័យលើចំនួនប្លាកែតក្នុងឈាមដូចជា៖
– ជាំ
– កន្ទួលក្រហម
– ឈាមច្រមុះ ឬអញ្ចាញធ្មេញ
– ហូរឈាមមិនឈប់ ទោះបីមានរបួសយូរថ្ងៃក្តី
– ឈាមរដូវច្រើន
– ហូរឈាមតាមរន្ធគូទ
– មានឈាមក្នុងលាមក ឬទឹកនោម
– អស់កម្លាំង។
ក្នុងករណីធ្ងន់ធ្ងរអាចមានហូរឈាមក្នុងខ្លួនបង្កអាការៈដូចជា៖
– ឈាមក្នុងទឹកនោម
– ឈាមក្នុងលាមក
– ក្អួតមានឈាម ឬខ្មៅ។
អាចមានរោគសញ្ញាដទៃទៀតដែលមិនបានរៀបរាប់ដូចខាងលើ ហេតុនេះបើមានក្ដីបារម្ភទាក់ទងរោគសញ្ញា សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
៤- ពេលណាគួរទៅជួបពេទ្យ?
បើប្រទះឃើញរោគសញ្ញា ឬអាការៈដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗបញ្ចេញរោគសញ្ញាខុសៗគ្នា ល្អបំផុតត្រូវពិគ្រោះជាមួយគ្រពេទ្យ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
ជំងឺប្លាកែតចុះទាប អាចបណ្ដាលមកពីកត្ដាតំណពូជ ឬបញ្ហាវេជ្ជសាស្ដ្រមួយចំនួនដូចជា៖
– បញ្ហាខួរឆ្អឹង៖ បណ្ដាលឲ្យការផលិតប្លាកែតថយចុះ ក៏ដូចជាជំងឺមួយចំនួនមាន មហារីកគ្រាប់ឈាម ជំងឺស្លេកស្លាំង ក្រិនថ្លើម ថ្នាំព្យាបាលដោយសារធាតុគីមី កង្វះវីតាមីនB9 B12និងជាតិដែក។
– ប្រមូលផ្តុំប្លាកែត៖ អណ្ដើកមានបញ្ហាបង្កដោយជំងឺមួយចំនួន ធ្វើឲ្យបាត់បង់មុខងារ ប្រឆាំងមេរោគ និងបញ្ចេញសារធាតុមិនល្អចូលក្នុងឈាម។ អណ្ដើកចាប់ផ្ដើមរីកធំ ផ្ទុកប្លាកែតបានយ៉ាងច្រើន ធ្វើឲ្យចំនួនផ្លាកែតថយចុះក្នុងឈាម។
– បែកប្លាកែត៖ ដោយសារជំងឺមួយចំនួន បណ្ដាលឲ្យប្លាកែតខូចខាត។
– មានផ្ទៃពោះ៖ ជំងឺប្លាកែតចុះទាប អាចកើតកំឡុងពេលមានផ្ទៃពោះដូចគ្នា តែនឹងបាត់ទៅវិញក្រោយពេលសម្រាលបេប៊ីរួច។
– ជំងឺប្រព័ន្ធភាពស៊ាំ៖ មានជំងឺ Immune thrombocytopenia ដែលទាក់ទងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។
– បាក់តេរីក្នុងឈាម៖ ឆ្លងបាក់តេរី ធ្វើឲ្យប៉ះពាល់សរសៃឈាម និងបំផ្លាញប្លាកែត។
– ជំងឺ Thrombotic thrombocytopenia purpura ជាជំងឺកម្រកើត ដោយសារការកើនឡើងចំនួនកំណកឈាម នាំឲ្យរាងកាយប្រើអស់បរិមាណប្លាកែតដែលមាន។
– ជំងឺបែកគ្រាប់ឈាម៖ បណ្ដុំរោគសញ្ញាជំងឺ Hemolytic Uremic Syndrome (ជំងឺបែកគ្រាប់ឈាម នោមមានឈាម)។យ៉ាងណា ស្ថិតក្នុងលក្ខខណ្ខកម្រ កើតឡើង តាមរយៈការឆ្លងបាក់តេរី E.coli។
– ឱសថមួយចំនួន អាចមានឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំ បន្ថយចំនួនប្លាកែត ដូចជាថ្នាំ Heparin (ថ្នាំពង្រាវឈាម) និងថ្នាំផ្សះមានផ្ទុកសារធាតុ Sufla។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្ដាប្រឈមធ្វើឲ្យកើតជំងឺប្លាកែតចុះទាប មានដូចជា៖
– ប៉ះពាល់ជាមួយសារធាតុពុល
– ផលរំខានរបស់ថ្នាំមួយចំនួន
– ឆ្លងមេរោគ
– បញ្ហាតំណពូជ
– បញ្ហាសុខភាពដូចជាមហារីក ជំងឺស្លេកស្លាំង Aplastic Anemia ឬជំងឺប្រព័ន្ធការពារខ្លួនប្រឆាំងខ្លួនឯង។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យរាងកាយរកមើលស្នាមជាំ ឬកន្ទួលក្រហម អាចជារោគសញ្ញាជំងឺនេះ និងសាកសួរប្រវត្តិជំងឺ លក្ខខណ្ខសុខភាព ក៏ដូចជាថ្នាំយើងកំពុងប្រើប្រាស់ ហើយត្រូវស្នើធ្វើតេស្តមួយចំនួនដូចជា៖
– ធ្វើតេស្ដឈាម៖ ដើម្បីរាប់គ្រាប់ឈាម (CBC) រួមមានចំនួនផ្លាកែត និងអាចធ្វើតេស្ដកំណកឈាមជាមួយគ្នា ដើម្បីដឹងពីរយៈពេលឈាមកក និងកត្តាជះឥទ្ធិពលផ្សេងទៀត។
– អេកូពិនិត្យអណ្ដើក រីក ឬអត់។
– ច្រឹបកោសិកា និងបូមខួរឆ្អឹងទៅពិនិត្យ ដើម្បីបញ្ជាក់បញ្ហាសង្ស័យណាមួយក្នុងប្រព័ន្ធខួរឆ្អឹង។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលផ្អែកលើមូលហេតុទាក់ទងនិងជំងឺ បើបណ្ដាលមកពីជំងឺ ឬថ្នាំ គ្រូពេទ្យនឹងផ្ដល់ការព្យាបាលទៅតាមលក្ខខណ្ខនីមួយៗ។ បើសិនចំនួនប្លាកែតធ្លាក់ចុះខ្លាំង ចាំបាច់ត្រូវទទួលការថែទាំផ្នែកវេជ្ជសាស្ដ្រដូចជា៖
– វះកាត់យកអណ្ដើកចេញ (ក្នុងករណីចាំបាច់)
– បញ្ជូលឈាម ឬប្លាកែតដើម្បីបង្គ្រប់ចំនួនផ្លាកែតបាត់បង់
– ឱសថសម្រាប់ទប់ប្រព័ន្ធភាពស៊ាំ ដូចជាថ្នាំ ក័រទីកូអ៊ីត (Corticoid) ដើម្បីទប់អង់ទីករប្លាកែត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ចៀសវាងត្រូវរបួសដោយសារសកម្មភាពផ្សេងៗ ឬលេងកីឡា
– កាត់បន្ថយផឹកស្រា
– ប្រយ័ត្នក្នុងការប្រើឱសថផ្សេងៗ ដើម្បីចៀសវាងផលរំខាននានា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]