ប្រសិនបើឈឺត្រូវលេបថ្នាំ តែមិនមែនជាមួយទឹកសុទ្ធធម្មតា អាចបន្សាបជាតិថ្នាំ ឬខ្លះអាចប្រតិកម្មជាមួយទៀត ហើយបើនៅតែបន្តទៀតទោះពេទ្យពូកែយ៉ាងណាក៏ពិបាកព្យាបាលឲ្យជាដែរ។ ឱសថការី គីម កាណែល បានឲ្យដឹងថា ទឹកដែលអាចយកមកលេបថ្នាំបានជាទឹកធម្មតា មិនក្ដៅមិនត្រជាក់ ហើយប្រភេទទឹកដូចខាងក្រោម ៥ នេះ ពេលផឹកទៅធ្វើឲ្យថ្នាំអស់ប្រសិទ្ធភាព។
១- ទឹកតែ
លេបថ្នាំជាមួយទឹកតែ គ្មានប្រសិទ្ធភាពឡើយ ព្រោះជាតិចត់របស់តែ (Tanin) ចូលទៅរារាំងការស្រូបជាតិថ្នាំចូលក្នុងរាងកាយ ជាហេតុនាំឲ្យប្រសិទ្ធភាពថ្នាំមិនបានពេញលេញ។ ជាការល្អប្រសិនបើលេបថ្នាំ គួរផឹកទឹកតែចន្លោះពី ១-២ ម៉ោង មុន ឬក្រោយ។
២- កាហ្វេ
ជាតិកាហ្វេអ៊ីនអាចមានប្រតិកម្មជាមួយថ្នាំមួយចំនួន ហើយការស្រូបរបស់ថ្នាំក៏អាចប៉ះពាល់ដែរ។
អត្ថបទពាក់ព័ន្ធ៖វិធីសង្គ្រោះបឋម ពេលមានករណីប្រើថ្នាំលើសកម្រិត
៣- ទឹកផ្លែឈើ
ទឹកផ្លែឈើមួយចំនួនអាចធ្វើឲ្យប៉ះពាល់ជាមួយថ្នាំ សកម្មភាពថ្នាំប្រែប្រួល ប្រសិទ្ធភាពថ្នាំធ្លាក់ចុះ និងអាចបង្កើនឲ្យមានប្រតិកម្មអន្តកម្មថ្នាំកើតឡើង។ ឧទាហរណ៍ ទឹកក្រូចថ្លុង មិនអាចប្រើជាមួយថ្នាំលើសឈាម ប្រភេទកាល់ស្យូម Chanel blockers មួយចំនួន (Nifedipin)។
៤- ទឹកដោះគោ
ទឹកដោះគោ ដូចគ្នាទៅនឹងទឹកតែដែរ ហើយប្រសិនបើចង់ផឹកទឹកដោះគោ គួរតែផឹកមុន ឬក្រោយថ្នាំ ១ ម៉ោង។ ក្នុងទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ថ្វីត្បិតវាល្អសម្រាប់សុខភាព ប៉ុន្តែទឹកដោះគោបានធ្វើឲ្យប៉ះពាល់ការស្រូបជាតិថ្នាំ។
៥- ទឹកក្ដៅ ឬត្រជាក់ខ្លាំង
ការញ៉ាំថ្នាំជាមួយ ទឹកក្ដៅ ឬត្រជាក់ខ្លាំង អាចធ្វើឲ្យសារធាតុគីមីរបស់ថ្នាំមានការប្រែប្រួល។ វាអាចបង្កើនហានិភ័យនៃផលរំខានរបស់ថ្នាំ ដូចនេះគួរលេបថ្នាំជាមួយទឹកស្អាតក្នុងសីតុណ្ហភាពធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]