ស្វែងយល់ពីការប្រើប្រាស់
១–ថ្នាំ Hydrocortisone ព្យាបាលជំងឺអ្វីខ្លះ?
Hydrocortisone ជាសមាសធាតុមួយ (អ័រម៉ូនកតទីកូអ៊ីត) ផលិតដោយក្រពេញលើតម្រង់នោម (Adrenal gland)។ គេច្រើនប្រើវាដើម្បីព្យាបាលជំងឺរលាកសន្លាក់ បញ្ហាមិនប្រក្រតីរបស់ឈាម អ័រម៉ូន បញ្ហាស្បែក និងភ្នែក ដង្ហើម មហារីក និងការប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ។ ថ្នាំនេះ ជួយទៅបន្ថយរោគសញ្ញាដូចជាការឈឺចាប់ហើម និងប្រតិកម្មអាលែកហ្ស៊ី។
គេក៏ប្រើ Hydrocortisone សម្រាប់ព្យាបាលការចុះទាបកម្រិតអ័រម៉ូន បណ្តាលមកពី ជំងឺនៃក្រពេញលើតម្រងនោម (Adrenal gland) ដូចជា ជំងឺ Addison’s disease ឬជំងឺចុះខ្សោយនៃអាត្រេណូកកតទិក (Adrenocortical Insufficiency)។ អ័រម៉ូនកតទីកូអ៊ីត ពិតជាមានសារៈសំខាន់សម្រាប់ដំណើរការក្នុងរាងកាយមនុស្ស ជាពិសេសលំនឹងជាតិទឹក និងអំបិល ក៏ដូចជាទប់សម្ពាធឈាមឲ្យប្រក្រតី។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
អាចលេបជាមួយអាហារ ឬទឹកដោះគោ ដើម្បីកុំឲ្យឈឺពោះ ត្រូវធ្វើទៅតាមអ្វីដែលគ្រូពេទ្យណែនាំ។ ត្រូវលេបជាមួយទឹកមួយកែវ (ចំណុះ ២៤០ មិលី្លលីត្រ) លើកលែងតែគ្រូពេទ្យណែនាំឲ្យលេបរបៀបផ្សេងទៀត។ អ្នកជំងឺត្រូវធ្វើតាមកាលបរិច្ឆេទប្រើថ្នាំដោយប្រុងប្រយ័ត្ន។ កម្រិត និងរយៈពេលប្រើអាចផ្អែកទៅតាមស្ថានភាពជំងឺផ្ទាល់។ គ្រូពេទ្យអាចឲ្យផឹកមួយថ្ងៃ ចន្លោះពី ១-៤ ដង ឬផឹកតែម្តងនៅពេលណាមួយ។ កុំប្រើដោយគ្មានការណែនាំពីគ្រូពេទ្យ ព្រោះករណីខ្លះអាចធ្វើឲ្យកាន់តែធ្ងន់ ពេលឈប់ប្រើភ្លាមៗ។
ប្រសិនអ្នកប្រើយូរក្នុងកម្រិតខ្ពស់ អាចលេចចេញរោគសញ្ញាប្រតិកម្មថ្នាំ (Withdrawal Symptoms) នៅពេលយើងឈប់ភ្លាមៗ។ គ្រូពេទ្យអាចប្រាប់អ្នកជំងឺឲ្យឈប់ប្រើបន្តិចម្តងៗ ដើម្បីកុំឲ្យមានសញ្ញា ដូចជា ខ្សោយ ចុះទម្ងន់ ចង្អោរ ឈឺសាច់ដុំ ឈឺក្បាល ហត់ ឬវិលមុខ។ គួរតែពិគ្រោះជាមួយគ្រូពេទ្យបន្ថែម បើបញ្ហានៅតែមាន ឬកាន់តែធ្ងន់។
៣- រក្សាទុកដោយវិធីណា?
កន្លែងដែលល្អបំផុតសម្រាប់ទុកថ្នាំ Hydrocortisone គឺទូទឹកកក ប៉ុន្តែកុំទុកកន្លែងកក ដើម្បីការពារកុំឲ្យខូចគុណភាពថ្នាំ។ ជាការពិតណាស់ ថ្នាំនេះអាចមានប្រភេទខុសៗគ្នា ដូចនេះរបៀបក្នុងរក្សាទុកខុសគ្នាដែរ។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤– ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– ប្រាប់គ្រូពេទ្យ ឬឱសថការី ប្រសិនបើអ្នកមានអាលែក្ស៊ីជាមួយថ្នាំ Hydrocortisone), Aspirin, Tartrazine ឬថ្នាំដទៃទៀត។
– ប្រាប់គ្រូពេទ្យ ឬឱសថការី ពីថ្នាំយើងកំពុងប្រើប្រាស់ ពិសេសក្រុមថ្នាំធ្វើកុំឲ្យមានកំណកឈាម ដូចជាថ្នាំ Warfarin (Coumadin) ថ្នាំព្យាបាលជំងឺរលាកសន្លាក់ Aspirin Cyclosporine (Neoral, Sandimmune), Digoxin (Lanoxin) ក្រុមថ្នាំបញ្ចុះទឹកនោម Estrogen (Premarin), ketoconazole (Nizoral) ថ្នាំពន្យារកំណើត Phenobarbital Phenytoin (Dilantin), Rifampin (Rifadin), Theophylline (Theo-Dur) និងវីតាមីន។
– មិនត្រូវប្រើថ្នាំ Hydrocortisone គ្មានការណែនាំពីគ្រូពេទ្យ ប្រសិនបើមានការបង្ករោគដោយផ្សិត។
– ប្រាប់គ្រូពេទ្យប្រសិនបើមានបញ្ហាថ្លើម តម្រងនោម ពោះវៀន បេះដូង ទឹកនោមផ្អែម ក្រពេញទីរ៉ូអ៊ីត លើសឈាម ជំងឺផ្លូវចិត្ត ពុកឆ្អឹង ការបង្ករោគនៅភ្នែក ប្រកាច់ របេង ឬដំបៅ។
– ប្រាប់គ្រូពេទ្យប្រសិនបើអ្នកមានផ្ទៃពោះ គម្រោងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។
– ប្រាប់គ្រូពេទ្យ ឬពេទ្យធ្មេញប្រសិនបើអ្នកត្រូវធ្វើការវះកាត់ រួមទាំងការវះកាត់ធ្មេញផងដែរ។
– ត្រូវកាត់បន្ថយគ្រឿងស្រវឹង ពេលប្រើថ្នាំនេះ បើធ្លាប់មានប្រវត្តិមានដំបៅ ឬប្រើថ្នាំ Aspirine ថ្នាំរលាកសន្លាក់ដទៃទៀតរយៈពេលយូរ។ ថ្នាំពពួកនេះ អាចធ្វើឲ្យក្រពះ ពោះវៀនងាយរងផលប៉ះពាល់ដោផយសារជាតិស្រវឹង ថ្នាំ Aspirine និងថ្នាំ រលាកសន្លាក់មួយចំនួនទៀត នាំឲ្យមានហានិភ័យខ្ពស់ធ្វើឲ្យកើតមានដំបៅក្រពះ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
គួរស្វែងរកជំនួយសង្គ្រោះបន្ទាន់ បើសិនមានសញ្ញាប្រតិកម្មអាលែកហ្ស៊ី ដូចជា កន្ទួលក្រហម ពិបាកដកដង្ហើម ហើមមុខមាត់ អណ្តាត ឬបំពង់ក។
ទាក់ទងទៅគ្រូពេទ្យ បើមានបញ្ហាខាងក្រោម៖
– ហត់ពេលធ្វើការតិចតួច
– ហើមជើង
– សាច់ដុំចុះខ្សោយ
– ការឡើងទម្ងន់លឿន ជាពិសេសនៅលើមុខនិងដងខ្លួន
– ការឈឺចាប់រន្ធគូទ ធ្ងន់ធ្ងរ ឬមានអារម្មណ៍ក្រហាយ
– ហូរឈាមចេញពីរន្ធគូទ
– ឈឺពោះខ្លាំង
– ឈឺក្បាលភ្លាមៗ ឬឈឺចាប់ផ្នែកខាងក្រោយភ្នែក
– ការប្រកាច់។
ផលរំខានដែលមិនសូវធ្ងន់ធ្ងររួមមាន៖
– ការឈឺចាប់រន្ធគូទ ឬមានអារម្មណ៍ក្រហាយ តិចតួច
– ឡើងមុន
– ប្រែប្រួលរដូវ
– បែកញើសខ្លាំង
– ដុះរោម លើមុខ និងរាងកាយខ្លាំង។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរជាមួយ Hydrocortisone រួមមាន៖
– Aspirin (ប្រើប្រាស់ជាប្រចាំថ្ងៃ ឬកម្រិតខ្ពស់)
– Diuretic
– Warfarin (coumadin)
– Cyclosporine (gengraf, neoral, sandimmune)
– Insulin ឬថ្នាំទឹកនោមផ្អែមដទៃទៀត
– Ketoconazole (nizoral)
– Rifampin (rifadin, rifater, rifamate, rimactane)
– ថ្នាំសម្រាប់ការប្រកាច់ដូចជា Phenytoin (Dilantin) ឬ Phenobarbital (Luminal, Solfoton)។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ជំងឺភ្នែកឡើងបាយ
– ជំងឺខ្សោយបេះដូង
– ជំងឺ Cushing (បញ្ហាក្រពេញលើតម្រងនោម)
– ជំងឺទឹកនោមផ្អែម
– ការឆ្លងមេរោគនៅភ្នែក
– ជំងឺដក់ទឹកក្នុងភ្នែក
– ជំងឺលើសជាតិស្ករ (ជាតិស្ករក្នុងឈាមខ្ពស់)
– លើសឈាម (សម្ពាធឈាមខ្ពស់)
– ការឆ្លងមេរោគ (បាក់តេរី វីរុស ឬផ្សិត)
– ការប្តូរអារម្មណ៍លឿន រួមទាំងការបាក់ទឹកចិត្ត
– ខ្សោយសាច់ដុំធ្ងន់ធ្ងរ
– ជំងឺពុកឆ្អឹង (ឆ្អឹងខ្សោយ)
– មានប្រវិត្ត ឬកំពុងមានដំបៅក្រពះ
– ផ្លាស់ប្តូរបុគ្គលិកលក្ខណៈ
– បញ្ហាក្រពះ ពោះវៀន
– ជំងឺរបេង៖ ប្រើដោយប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើឱ្យស្ថានភាពទាំងនេះកាន់តែអាក្រក់
– ការឆ្លងមេរោគផ្សិត (មិនត្រូវប្រើចំពោះអ្នកជំងឺដែលមានជំងឺនេះទេ)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតដំបូងអាចចន្លោះពី ២០-២៤០ មិល្លីក្រាម/ថ្ងៃ ផ្អែកទៅតាមស្ថានភាពជំងឺ។
ព្យាបាល ជំងឺក្រិនច្រើនកន្លែង (Multiple sclerosis) អាចប្រើប្រចាំថ្ងៃជាមួយកម្រិត ២០០មិល្លីក្រាម នៃថ្នាំ Prednisone សម្រាប់មួយអាទិត្យ បន្ទាប់មក ៨០មិល្លីក្រាម រាល់ថ្ងៃ រយៈពេល ១ខែ (២០មិល្លីក្រាមនៃថ្នាំ Hydrocortisone) ស្មើ ៥មិល្លីក្រាម នៃថ្នាំ Prednisolone)។
១១- ក្មេងត្រូវប្រើកម្រិតណា?
រលាកធ្ងន់ធ្ងរ ហើយខូចក្រពេញលើតម្រងនោម
ព្យាបាលចំពោះក្មេងៗ៖ ផឹក ២-៨ មិល្លីក្រាម/គីឡូ ឬ ១៦-២៤០ មិល្លីក្រាម/ម៉ែត្រការេ ចែកជា ៣-៤ ដង/ថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
– សូលុយស្យុង សម្រាប់ចាក់ ជាសូដ្យូម សូស៊ីណាត (Sodium succinate)៖ ១០០មិល្លីក្រាម
– ថ្នាំគ្រាប់សម្រាប់លេប៖ ៥មិល្លីក្រាម ១០មិល្លីក្រាម និង ២០មិល្លីក្រាម។
១៣–ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤–ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ ត្រូវលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]