ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Idoxuridine Ophthalmic ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Idoxuridine Ophthalmic គឺប្រើដើម្បីព្យាបាលជំងឺរលាកកញ្ចក់ភ្នែក បង្កឡើងដោយវីរុស Herpes simplex (HSV) និងវីរុស Vaccinia។ ថ្នាំនេះក៏ប្រើសម្រាប់ព្យាបាលជំងឺឆ្លងរោគក្នុងភ្នែកដូចគ្នា។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ថ្នាំ Idoxuridine Ophthalmic ជាប្រភេទថ្នាំទឹកសម្រាប់បន្តក់ភ្នែក ហើយដើម្បីព្យាបាលដោយថ្នាំបន្តក់ភ្នែកនេះ ត្រូវធ្វើតាមវិធីខាងក្រោម៖
– លាងដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹក
– ពេលបន្តក់ត្រូវឆ្លុះមើលតាមកញ្ចក់ឬត្រូវមានអ្នកផ្សេងបន្តក់ឲ្យ
– បើកគម្របការពារចេញ ត្រូវប្រាកដថាផ្នែកចុងដប មិនមានបែក ឬប្រេះហើយត្រូវមើលទឹកថ្នាំខាប់ដែរ ឬអត់
– មិនត្រូវឲ្យចុងដបប៉ះជាមួយភ្នែក ឬប៉ះជាមួយវត្ថុអ្វីផ្សេង
– ពេលប្រើត្រូវផ្កាប់ចុងដបចុះក្រោម ដើម្បីកុំឲ្យទឹកថ្នាំហូរចូលក្នុងដបវិញ ព្រោះអាចធ្វើឲ្យទឹកថ្នាំនៅសល់ខូចគុណភាព
– ត្រូវគេង ឬងើយក្បាលឡើងពេលបន្តក់ថ្នាំ
– យកម្រាមមេដៃ និងម្រាមចង្អុលដៃកាន់ដបថ្នាំ ហើយដាក់ចុងដបឲ្យជិតដល់ភ្នែក តែមិនត្រូវឲ្យប៉ះត្របកភ្នែកទេ
– ប្រើម្រាមដៃផ្សេងទាញថ្ពាល់ និងច្រមុះចេញ
– យកម្រាមដៃចង្អុលម្ខាងទៀត ទាញត្របកភ្នែកខាងក្រោម
– បន្តក់ថ្នាំតាមចំនួនតំណក់ដូចគ្រូពេទ្យបានប្រាប់
– ពេលបន្តក់រួចបិទភ្នែក ហើយយកដៃញីត្របកភ្នែកប្រហែល ២-៣ នាទីដើម្បីកុំឲ្យទឹកថ្នាំហូរចេញក្រៅ និងមិនត្រូវព្រិចភ្នែកឡើយ
– បិទគម្របឲ្យបានលឿន មិនត្រូវយកដៃជូត ឬក្រឡុកដបថ្នាំទេ
– យកក្រដាសស្អាតជូតទឹកថ្នាំហៀរលើថ្ពាល់ រួចលាងដៃចេញ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំអ៊ីដុកសូរីឌីន (idoxuridine ophthalmic) អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក idoxuridine ophthalmic ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ពេលប្រើប្រាស់ថ្នាំនេះ អាចមានផលរំខានមួយចំនួនដូចជា៖
– រកាំភ្នែក ឬឈឺចាប់ក្នុងភ្នែក
– ភ្នែកឡើងក្រហម
– រមាស់
– ហើមភ្នែក ឬចាញ់ពន្លឺ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំដែលអ្នកកំពុងប្រើមួយចំនួនអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ឋភាព Idoxuridine ophthalmic (ធ្វើឲ្យ) ថ្នាំថយចុះ ឬបង្កើតផលប៉ះពាល់របស់ថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាព មួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើថ្នាំ អាស្រ័យលើស្ថានភាពជំងឺកំពុងព្យាបាល មជ្ឈដ្ឋានជុំវិញ និងកត្តាអាយុ។
សម្រាប់ព្យាបាលមេរោគ Herpes simplex
– កម្រិតថ្នាំ ០,១ភាគរយ យើងត្រូវប្រើ៖ បន្តក់ទឹកថ្នាំ ១តំណក់ ចូលក្នុងភ្នែកឆ្លងរោគ រៀងរាល់ ១ ម៉ោងម្ដង។ រួចបន្ថយមកបន្តក់រៀងរាល់ ២-៤ម៉ោង ចំនួន ១ ដងរៀងរាល់ថ្ងៃ។ ត្រូវបន្តប្រើឲ្យបានយ៉ាងតិច ៧ ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនពេលប្រើប្រាស់។ ដើម្បីដឹងព័ត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Idoxuridine Ophthalmic មានទម្រង់ និងកម្រិត ជាថ្នាំទឹកបន្តក់ភ្នែក ០,១ ភាគរយ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើវិញភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវបន្តបានហើយ កុំបន្តក់ថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]