ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Betamethasone ព្យាបាលជំងឺអីខ្លះ?
Betamethasone គីជាពពួកកតទីកូអ៊ីត។ វាមាននាទីឆ្លើយតប ប្រព័ន្ធភាពស៊ាំរបស់រាងកាយផ្លាស់ប្តូរ និងធ្វើឲ្យការរលាកថយចុះ។
Betamethasone ប្រើជាទូទៅដើម្បីព្យាបាលមុខងារក្រពេញលើតម្រងនោម និងការរលាកធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺហឺតធ្ងន់ធ្ងរ អាលែកហ្ស៊ី ធ្ងន់ធ្ងរ ជំងឺរលាកសន្លាក់ រលាកពោះវៀន បញ្ហាគ្រាប់ឈាម ជំងឺ lupus ជំងឺ multiple sclerosis និង បញ្ហាភ្នែក និងស្បែកផ្សេងៗ។ វាក៏អាចប្រើសម្រាប់ព្យាបាលប្រភេទមហារីកដូចជា មហារីកគ្រាប់ឈាមសជាដើម។ គ្រូពេទ្យក៏អាចប្រើវាដើម្បីព្យាបាលស្ថានភាពផ្សេងៗទៀតដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
សូមវាស់កម្រិតថ្នាំ Betamethasone ប្រភេទទឹកដោយពែង ឬស្លាបព្រាសម្រាប់វាស់កម្រិតថ្នាំដែភ្ជាប់មកជាមួយថ្នាំ ហើយចៀសវាងការប្រើស្លាបព្រាបាយធម្មតា។ ប្រសិនបើមិនឃើញមានប្រដាប់សម្រាប់វាស់កម្រិតថ្នាំភ្ជាប់ជាមួយថ្នាំទេ សូមសួររកវាពីឱសថការី។
លេបថ្នាំនេះអោយត្រឹមត្រូវដូចអ្វីដែលគ្រូពេទ្យបានណែនាំ។ មិនត្រូវលេបថ្នាំនេះក្នុងកម្រិតច្រើនពេក ឬយូរពេក លើសពីអ្វីដែលគ្រូពេទ្យបានណែនាំ។
ពេលខ្លះគ្រូពេទ្យអាចនឹងដូរកម្រិតថ្នាំ ដើម្បីឲ្យអ្នកទទួលបានប្រសិទ្ធភាពព្យាបាលខ្ពស់។
កម្រិតថ្នាំអាចនឹងត្រូវផ្លាស់ប្ដូរប្រសិន បើអ្នកមានបញ្ហាមិនប្រក្រតីមួយចំនួនដូចជា ឈឺធ្ងន់ ក្ដៅខ្លួន ឬមានការបង្ករោគ ឬត្រូវវះកាត់ ឬត្រូវសង្គ្រោះបន្ទាន់។ សូមប្រាប់ទៅគ្រូពេទ្យរាល់បញ្ហាធ្វើឲ្យប៉ះពាល់ដល់អ្នក។
ថ្នាំនេះអាចធ្វើឲ្យប្រែប្រួលលទ្ធផលតេស្តវេជ្ជសាស្រ្ត ដូចនេះត្រូវតែប្រាប់គ្រូពេទ្យប្រសិនបើអ្នកប្រើកំពុងប្រើថ្នាំនេះ។
មិនត្រូវឈប់ប្រើថ្នាំនេះភ្លាមៗទេ ព្រោះវានឹងអាចធ្វើអោយអ្នកមានរោគសញ្ញាផលរំខានដែលមិនល្អ។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីជៀសវាលផលរំខានទាំងនោះពេលបញ្ឈប់ប្រើថ្នាំ។
៣- រក្សាទុកដោយវិធីណា?
Betamethasone អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Betamethasone ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
អ្នកមិនគួរប្រើថ្នាំនេះទេ បើអាលែកហ្ស៊ីជាមួយថ្នាំនេះ ឬឆ្លងរោគផ្សិតនៅកន្លែងណាមួយនៅលើរាងកាយ។
ថ្នាំស្តេរ៉ូអ៊ីតនេះ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ ងាយឲ្យអ្នកឆ្លងជំងឺ។ ថ្នាំនេះអាចធ្វើឲ្យជំងឺដែលអ្នកកំពុងតែមានកាន់តែធ្ងន់ធ្ងរ ឬអាចធ្វើជំងឺអ្នកធ្លាប់ឈឺពីមុនរើឡ់ើងវិញម្ដងទៀត។ ដូចនេះមុននឹងប្រើថ្នាំនេះសូមប្រាប់គ្រូពេទ្យរាល់ជំងឺដែលអ្នកធ្លាប់មានកំឡុងពេល ២-៣សប្ដាហ៍មុន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានការសិក្សាគ្រប់គ្រាន់នៅឡើយទេពីស្ដីពីហានិភ័យនៃការប្រើថ្នាំនេះកំលុងពេលមានផ្ទៃពោះឬពេលបំបៅដោះកូនទេ។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតដើម្បីថ្លឹងថ្លែងពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើឱសថនេះ។ យោងតាមរដ្ឋបាលចំណីអាហារ និងឱដសថ សហរដ្ឋអាមេរិក (FDA) ឱសថនេះត្រូវបានចាត់ថ្នាក់គ្រោះថ្នាក់កម្រិត C លើស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់នៃកម្រិតគ្រោះថ្នាក់ទៅលើស្ត្រីមានផ្ទៃពោះរបស់ FDAមានដូចខាងក្រោម៖
– A=គ្មានគ្រោះថ្នាក់
– B=គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C=អាចមានគ្រោះថ្នាក់ខ្លះ
– D=មានភស្តុតាងវិជ្ជមានថាមានគ្រោះថ្នាក់
– X=ហាមប្រើ
– N= មិនមានព័ត៌មាន។
កំពុងបំបៅដោះ៖ Betamethasone អាចចូលក្នុងទឹកដោះដែលធ្វើឲ្យប៉ះពាល់ដល់កូនបាន ដូចនេះគួរប្រាប់គ្រូពេទ្យឲ្យបានដឹងមុនពេលប្រើ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
សូមទៅមន្ទីរពេទ្យដើម្បីរកការសង្គ្រោះបន្ទាន់ភ្លាម ប្រសិនបើក្រោយពេលប្រើ មានប្រតិកម្ម ហើយចេញនូវសញ្ញាដូចជា ចេញកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត និងបំពង់ក។
បើអ្នកមានផលរំខានធ្ងន់ធ្ងរដូចខាងក្រោម ឆាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់៖
-មានបញ្ហាការមើល
-ឡើងហើម
-ឡើងគីឡូខ្លាំង
-ហត់
-មានការបាក់ទឹកចិត្តធ្ងន់ធ្ងរ
-អាកប្បកិរិយា និងការគិតខុសធម្មតា
-ប្រកាច់
-មានឈាមក្នុងលាមក
-ក្អកចេញឈាម
-រលាកលំពែង (ឈឺក្រពះខាងលើខ្លាំង ហើយអាចរាលទៅខ្នង ក្អួត និងបេះដូងលោតញាប់)
-ប៉ូតាស្យូមចុះទាប (វង្វេងវង្វាន់ ចង្វាក់បេះដូងមិនស្មើគ្នា ស្រេកទឹកខ្លាំង បត់ជើងញឹក ចុកជើង សាច់ដុំចុះខ្សោយ)
-សម្ពាធឈាមឡើងខ្ពស់ខ្លាំង (ឈឺក្បាលធ្ងន់ធ្ងរ ស្រវាំងភ្នែក ហ៊ឹងត្រចៀក ថប់អារម្មណ៍ វង្វេង ឈឺទ្រូង ដកដង្ហើមខ្លី ចង្វាក់បេះដូងមិនស្មើគ្នា ប្រកាច់)។
ផលរំខានដែលមិនសូវធ្ងន់ធ្ងររួមមាន៖
-គេងមិនលក់
-អារម្មណ៍ផ្លាស់ប្តូរ
-មុន ស្បែកស្ងួត ស្បែកស្តើង មានស្នាមជាំ ឬប្រែពណ៌ស្បែក
-របួសក្រសះជា
-បែកញើសខ្លាំង
-ឈឺក្បាល វិលមុខ
-ក្អួតចង្អោរ
-ឈឺក្រពះ
-ហើមពោះ
-រាងកាយដូរទម្រង់ ឬទីតាំងខ្លាញ់មានការផ្លាស់ប្តូរ (ជាពិសេសដៃ ជើង មុខ ក ដោះនិងចង្កេះ) វាអាច
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មឱសថ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំមួយចំនួនអាចមានប្រតិកម្មជាមួយថ្នាំនេះមានដូចជា៖
– Aspirin (លេបរាល់ថ្ងៃ ឬប្រើប្រាស់ក្នុងកម្រិតខ្ពស់)
– A diuretic (ថ្នាំបញ្ចុះទឹកនោម)
– ថ្នាំធ្វើកុំឲ្យមានកំណកឈាមដូចជាwarfarin (Coumadin)
– Cyclosporine (Gengraf, Neoral, Sandimmune)
– Ketoconazole (Nizoral)
– Insulin ឬថ្នាំគ្រាប់ទឹកនោមផ្អែម
– Rifampin (Rifadin, Rifater, Rifamate, Rimactane)
– ថ្នាំប្រកាច់ដូចជា phenytoin (Dilantin) ឬphenobarbital (Luminal, Solfoton)
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
-ជំងឺថ្លើម (ដូចជាជំងឺក្រិនថ្លើម)
-ជំងឺតម្រងនោម
-ជំងឺក្រពេញទីរ៉ូអ៊ីត
-ជំងឺទឹកនោមផ្អែម
-ប្រវត្តិជំងឺគ្រុនចាញ់
-ជំងឺរបេង
-ជំងឺពុកឆ្អឹង (Osteoporosis)
-បញ្ហាសាច់ដុំដូចជាជំងឺសាច់ដុំចុះខ្សោយ
-ជំងឺដក់ទឹកក្នុងភ្នែក ឬជំងឺភ្នែកឡើងបាយ
-ការឆ្លងមេរោគ រើម (Herpes) នៅលើភ្នែក
-ដំបៅក្រពះឬរលាកពោះវៀន
-ជំងឺបាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្ត
-ជំងឺខ្សោយបេះដូង
-ជំងឺលើសសម្ពាធឈាម។
បើមានបញ្ហាទាំងនេះ អ្នកជំងឺអាចដូរកម្រិតថ្នាំ ឬត្រូវធ្វើតេស្តផ្សេងៗដើម្បីឲ្យប្រាកដថា អាចប្រើថ្នាំនេះបានមែន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់នេះ គឺមិនមែនជំនួសការណែនាំរបស់គ្រូពេទ្យនោះទេ។ត្រូវ តែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុននឹងប្រើប្រាស់ថ្នាំនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
សម្រាប់ព្យាបាលបញ្ហាស្បែក
– ថ្នាំប្រភេទ Acetate ជាមួយ phosphate៖ ០,២ មិល្លីលិត្រ/សង់ទីម៉ែត្រការេ ចាក់តាមសាច់ដុំ។
– កម្រិតប្រើប្រាស់ខ្ពស់បំផុត៖ ១ មិល្លីលីត្រ/សប្តាហ៍។
សម្រាប់ព្យាបាល bursitis (រលាកសាច់ដុំ Bursa)
ថ្នាំប្រភេទ Acetate ជាមួយ phosphate (ប្រើប្រាស់ចន្លោះពី ៣-៧ ថ្ងៃ)៖
- ក្រោមសាច់ក្រិន៖ ០,២៥-០,៥មិល្លីលីត្រ
– ក្រោមដុំឆ្អឹងលាន៖ ០,៥មិល្លីលីត្រ
– នៅពីលើ hallux rigidus ឬ digiti quinti varus៖ ០,៥ មិល្លីលីត្រ។
សម្រាប់ព្យាបាលការរលាកសន្លាក់ (Gouty arthritis )
– ថ្នាំប្រភេទ Acetate ជាមួយ phosphate៖ ០,៥ – ១មិល្លីលិត្រ ចាក់នៅជើងដែលឈឺ ចន្លោះពី ៣-៧ ថ្ងៃ។
សម្រាប់ព្យាបាលការរលាកឆ្អឹង (Osteoarthritis)
ថ្នាំប្រភេទ Acetate ជាមួយ Phosphate៖
– សន្លាក់ធំខ្លាំង៖ ១-២ មិល្លីលីត្រ
– សន្លាក់ធំ៖ ១មិល្លីលីត្រ
– សន្លាក់មធ្យម៖ ០,៥-១ មិល្លីលីត្រ
– សន្លាក់តូច៖ ០,២៥-០,៥ មិល្លីលីត្រ។
សម្រាប់ប្រឆាំងការរលាក
– ថ្នាំគ្រាប់ ឬទឹកស៊ីរ៉ូ៖ ០,៦ ទៅ ៧,២ មិល្លីក្រាម/ថ្ងៃ
– Sodium phosphate៖ ៩ មិល្លីក្រាម/ថ្ងៃ តាមសរសៃឈាម
– ថ្នាំប្រភេទ Acetate ជាមួយ Phosphate ចាក់សាច់ដុំ៖ ០,៦-៩ មិល្លីក្រាម/ថ្ងៃ រៀងរាល់ ១២-២៤ ម៉ោងម្តង។
១១- ក្មេងត្រូវប្រើកម្រិតណា?
សម្រាប់ប្រឆាំងការរលាក
– ចាក់សាច់ដុំ៖ ០,០១៧៥-០,១២៥ មិល្លីក្រាម/គីឡូ/ថ្ងៃ រៀងរាល់ ៦-១២ ម៉ោងម្តង
– តាមមាត់៖ ០,០១៧៥-០,២៥ មិល្លីក្រាម/គីឡូ/ថ្ងៃ រៀងរាល់ ៦-៨ ម៉ោង។
១២- មានទម្រង់បែបណាខ្លះ?
ទម្រង់ និងកម្រិតបរិមាណថ្នាំ Betamethasone មានដូចខាងក្រោម៖
ថ្នាំទឹកសម្រាប់ចាក់
– ៣០មិល្លីក្រាម ក្នុង ៥មិល្លីលីត្រ (៦មិល្លីក្រាម ក្នុង ១មិល្លីលីត្រ)
– ៥ មិល្លីលីត្ រសម្រាប់ចាក់ច្រើនដង (Multiple dose vial)។
១៣- ករណីបន្ទាន់ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤– ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំប្រ់ើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
[embed-health-tool-bmi]