backup og meta

Cephalexin (ឱសថ Cephalexin)

ស្វែងយល់ពីការប្រើប្រាស់

១– ថ្នាំ Cephalexin ព្យាបាលជំងឺអីខ្លះ?

Cephalexin ឬ​យើង​ហៅ​ថា Cefalexin ជា​ថ្នាំ​ផ្សះ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​ ​បង្ក​ដោយពពួក​បាក់តេរី។ ថ្នាំ​នេះ​ស្ថិត​ក្នុង​ក្រុម​ថ្នាំ​ផ្សះ Cephalosporins  សកម្មភាព​របស់​វា​បញ្ឈប់​ការ​លូតលាស់បាក់តេរី។ថ្នាំផ្សះប្រភេទ​នេះ​ពុំ​មាន​ប្រសិទ្ធិ​ភាព​ជា​មួយ​រោគ​ដែល​បង្ក​ដោយ​ពពួក​វីរុស​ ដូច​ជា​ជំងឺ​ផ្តាសាយ​ធម្មតា​ទេ។ បើ​យើង​ប្រើ​​ថ្នាំផ្សះ​ពេល​មិន​ចាំ​បាច់​ អាច​ស៊ាំ​ថ្នាំ​បាន ដូច​នេះ​យើង​គួរ​តែ​ប្រើ​ពេល​គ្រូ​ពេទ្យ​ណែ​នាំ​ប៉ុណ្ណោះ។

Cefalexin អាច​ប្រើ​មុន​ពេល​ធ្វើ​ធ្មេញ​សម្រាប់​អ្នក​មាន​បញ្ហា​បេះ​ដូង (ដាក់​វ៉ាល់​បេះដូង​សិប្ប​និមិត្ត) និង​​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​ឆ្លង​បេះដូង។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ឬ​ឱសថការី​មុន​ពេល​ប្រើ ។ យើង​ត្រូវ​លេប​ថ្នាំ​នេះ​ជាមួយ​អាហារ​ ឬ​ពោះ​ទទេ ចន្លោះពី ៦-១២ ម៉ោង។ ​ប្រើ​ប្រភេទ​ថ្នាំ​ទឹក សូម​ក្រឡុក​វា​ឲ្យ​បាន​សព្វ​មុន​នឹង​ប្រើ។ វាស់​កម្រិត​ថ្នាំ​ឲ្យ​បាន​ច្បាស់​លាស់​ជាមួយ​ស្លាព្រា ឬ​គម្រប​ដែល​ភ្ជាប់​មក​ជាមួយ​ថ្នាំ។ ចៀស​វាង​ប្រើ​​ស្លាបព្រា​ធម្មតា នាំឲ្យខុស​កម្រិត​ត្រូវ​ប្រើ​ប្រាស់។ កម្រិត​​ប្រើ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជំងឺ​ និង​ការ​ការព្យាបាល ចំពោះ​ កូន​ក្មេង​វិញ​​គិត​ទៅតាមគីឡូក្រាម។

ថ្នាំផ្សះ​បែប​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ពេល​យើង​លេប​វា​បាន​ទៀង​ពេល​ល្អ។ ព្យាយាម​បន្ត​លេប​ថ្នាំ​នេះ​ឲ្យ​បាន​គ្រប់​កម្រិត​ដែល​គ្រូពេទ្យ​បាន​ដាក់​ឲ្យ​ ទោះ​បីជា​​រោគ​សញ្ញា​បាត់​ក៏ដោយ។ ការ​ឆាប់​ឈប់​ពេក​អាច​ធ្វើ​ឲ្យ​មេរោគ​នៅ​តែ​លូតលាស់ បណ្តាល​​ឆ្លង​រោគ​ឡើង​វិញ​ម្តង​ទៀត។ យើងត្រូវ​ឆាប់​ប្រាប់​គ្រូពេទ្យ​ភ្លាមៗ ប្រសិន​បើ​លេប​ហើយជំងឺ​មិន​បាន​ធូរ ឬ​ធ្ងន់​ជាង​មុន។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Cephalexin អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំ Cephalexin ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិត​ពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

យើង​មិន​គួរ​ប្រើ​​ថ្នាំ​នេះ​ទេ​ ប្រសិន​បើ​មាន​ប្រតិកម្ម​ជាមួយ Cephalexin ឬ​ក្រុម Cephalosporin ផ្សេង​​ទៀត​ដូច​ជា Cefaclor (Ceclor), Cefadroxil (Duricef), Cefdinir (Omnicef), Cefditoren (Spectracef), Cefixime (Suprax), Cefprozil (Cefzil), Ceftazidime (Fortaz), Cefuroxime (Ceftin)។

មុន​​ប្រើ​ប្រាស់​ថ្នាំនេះ យើង​គួរ​ប្រាប់​គ្រូពេទ្យ​ពី​ប្រភេទ​ថ្នាំ​ផ្សេងៗ​ដែល​យើង​មាន​ប្រតិកម្ម​ជាមួយ​ឮពិសេស​ថ្នាំ Penicillins ឬ​ពេល​ដែល​យើង​មាន៖

– ជំងឺ​តម្រងនោម

– ជំងឺ​ថ្លើម

– បញ្ហា​ក្រពះ​ ឬ​ពោះវៀន​ខុស​ប្រក្រតី

– ជំងឺ​ទឹក​នោម​ផ្អែម

– កង្វះ​អាហារ​រូបត្ថម្ភ

បើ​យើង​មានបញ្ហាណា​មួយ​ខាង​លើ គ្រូពេទ្យ​អាច​កែប្រែ​កម្រិត​ថ្នាំ​​ត្រូវ​ប្រើ​ ឬ​ធ្វើ​តេស្ត​សាកល្បង​មួយ​ចំនួន​មុន​ប្រើ។ ថ្នាំ Cephalexin ប្រភេទ​ទឹក​មាន​ជាតិ​ស្ករ​ ដូចនេះ​អាច​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ ទៅ​លើ​ស្ត្រី​​​ដែល​អាច​បញ្ជាក់​បាន​​​ពី​គ្រោះ​ថ្នាក់​នៃ​​ការ​ប្រើ​ថ្នាំ Cephalexin ​នៅ​អំឡុង​​មាន​ផ្ទៃ​ពោះ ​ឬ​ពេល​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ​​​គួរ​តែ​ពិភាក្សា​​ជាមួយ​គ្រួពេទ្យ​ជំ​នាញ ​ដើ​ម្បី​បាន​ដឹង​ពីគុណ​សម្បត្តិ​ ឬ​ផល​ប៉ះ​ពាល់​ផ្សេងៗ ​មុន​ពេល​ប្រើ​​​​ថ្នាំ​នេះ។ ថ្នាំ​នេះ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​កម្រិត​​ C ដោយ​​យោង​តាម​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក(FDA)។

ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖

– A = គ្មានគ្រោះថ្នាក់

– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន

– C = អាចមានគ្រោះថ្នាក់ខ្លះៗ

– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់

– X = ហាមប្រើ

– N = មិនមានព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​បើ​ ប្រើហើយអ្នកជំងឺ​​មាន​បញ្ហា​ប្រតិកម្ម​ដូច​ជា ចេញ​កន្ទាលត្រអាក​ ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរមាត់​ អណ្តាត​ និងង​បំពង់ក ។

ឈប់​ប្រើ​ថ្នាំ Cephalexin ភ្លាម ហើយ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ បើ​​​មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់​ធ្ងរ​ដូច​ជា៖​

– រាក (រាកទឹក ឬ​មាន​ឈាម)

– ប្រកាច់

– ក្តៅ​ខ្លួន ឈឺ​ក និង​ឈឺ​ក្បាល មានពង​បែក​ របក​ស្បែក និង​ចេញ​កន្ទួល​ក្រហម​លើ​ស្បែក។​

– ស្បែក​ស្លេក ឬ​ចេញ​ពណ៌​លឿង ទឹកនោម​ពណ៌​ខ្មៅ ក្តៅ​ខ្លួន វង្វេង​វង្វាន់ ឬ​អស់​កម្លាំង

– ងាយ​ជាំ ឬ​ហូរឈាម កម្លាំង​ចុះ​ខ្សោយ​ខុស​ធម្មតា

– ឆេវឆាវ ស្រមើ​ស្រមៃ​ផ្តេស​ផ្តាស

– បត់​ជើង​តូច​តិច​ជាង​ធម្មតា​ ឬ​មិន​បត់​ជើង​សោះ។

ផល​រំខាន​ដែល​មិន​សូវ​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ទៀត​ដូចជា៖

– ក្អួត​ រាក​

– វិល​មុខ ​ល្ហិត​ល្ហៃ

– ឈឺ​សន្លាក់

– រមាស់​ទ្វា​រមាស ឬ​មាន​ធ្លាក់​ស។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧– ​អន្តរកម្ម​​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព ​Cefalexin ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

យើង​មិន​គួរ​ប្រើ​ថ្នាំ​នេះ​ជា​មួយ Cholestyramine ឬ Metformin ទេ ព្រោះ​កាន់​តែ​ងាយ​មាន​ផល​រំខាន​នៃ​ថ្នាំ។ បើមាន​ករណី​ចាំបាច់​ណា​មួយ នោះ​គ្រូពេទ្យ​នឹង​ដូរ​នូវ​កម្រិត​ថ្នាំ ឬ​ពេល​​ត្រូវ​ប្រើ​ថ្នាំ​ទាំង​២​មុខ​នេះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​​​​​​​ប្រើ​​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

Cefalexin ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– រលាក​ពោះ​វៀន​ធំ

– រាក​ធ្ងន់​ធ្ងរ (ត្រូវ​ប្រើ​ថ្នាំ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​បាន)

– ជំងឺ​តម្រង​នោម (ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ឥទ្ធិពល​ថ្នាំ​អាច​ខ្លាំង​ជាង​ធម្មតា​ដោយសារ​ជាតិ​ថ្នាំ​បញ្ចេញ​ចោល​តាម​តម្រង​នោម​យឺត​ជាង​ធម្មតា)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​​ប្រើ​​​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

​បង្ការ​​រលាកសាច់​ដុំ​បេះដូង​​បង្ក​ដោយ​ពួក​បាក់​តេរី (Bacterial Endocarditis prophylaxis)៖ លេប ២ក្រាម ១ ម៉ោង​មុន​ពេល​ចាប់​ផ្តើម​ការ​ព្យាបាល។

– ព្យាបាល​ជំងឺ​រលាក​តម្រង​នោម (Cystitis)៖ លេប ២៥០​មិល្លីក្រាម​ រៀងរាល់​ ៦​​ម៉ោង ឬ ​៥០០មិល្លីក្រាម រៀង​រាល ​១២​ម៉ោង​ ​រយៈពេល​ពី ​៧-១៤ ​ថ្ងៃ។

​- ជំងឺ​រលាក​ត្រចៀក​កណ្តាល (Otitis Media)៖ លេប ៥០០​មិល្លី​​ក្រាម រៀងរាល់ ​៦​ម៉ោង រយៈពេល​១០-១៤ថ្ងៃ

– ជំងឺ​រលាក​បំពង់​ក (Pharyngitis)៖ លេប ២៥០​មិល្លីក្រាម​ រៀង​រាល់​ ៦​ម៉ោង ឬ​ ៥០០​មិល្លីក្រាម​ រៀង​រាល់ ​១២​ម៉ោង។

– ការ​ឆ្លង​រោគ​នៅ​ស្បែក៖ លេប ២៥០​មិល្លីក្រាម ​រៀង​រាល់​ ៦​ម៉ោង ឬ​៥០០​មិល្លីក្រាម​ រៀង​រាល់​ ១២ ​ម៉ោង។

​- ជំងឺ​រលាក​ឆ្អឹង (Osteomyelitis)៖ លេប ៥០០​មិល្លីក្រាម ​រៀង​រាល់ ៦ ​ម៉ោង។

ការ​ព្យាបាល​​គួរ​បន្ត​ដល់ ៤-៦​ សប្តាហ៍ អាស្រ័យ​លើ​មូល​ហេតុ​ និង​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​រោគ។ ​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង​រ៉ាំរ៉ៃ ត្រូវ​បន្ត​ប្រើ​ថ្នាំ​រហូត​ដល់​ ១-២ ​ខែថែម​ទៀត​ ហើយ​យកល្អ​គួរ​តែ​វះកាត់​លាង​សម្អាត​របួស​ចេញ។

​- រលាក​ក្រពេញ​ប្រូ​ស្តាត៖ លេប ៥០០​មិល្លីក្រាម​ រៀង​រាល់​ ៦​ម៉ោង រយៈ​ពេល​ ១៤​ ថ្ងៃ។

– ជំងឺ​រលាក​តម្រង​នោម (Pyelonephritis)៖ លេប ៥០០​មិល្លីក្រាម​ រៀង​រាល់​ ៦​ម៉ោង រយៈ​ពេល ​១៤ ​ថ្ងៃ។

-​ ការ​ឆ្លង​រោគ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ៖ លេប ២៥០-៥០០​ មិល្លីក្រាម រៀង​រាល់ ​៦​ម៉ោង រយៈ​ពេល ​៧-១០ ថ្ងៃ។

​- ការ​បង្ក​រោគ​ដោយ​ពួក​បាក់តេរី៖ លេប ២៥០-៥០០ ​មិល្លីក្រាម រៀង​រាល់​ ៦​ម៉ោង ហើយ​ការ​ព្យាបាល​នេះគួរ​បន្ត​ដល់​ ៧-២១ ​ថ្ងៃ អាស្រ័យ​លើ​មូល​ហេតុ​ និង​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​រោគ។

១១- ក្មេងត្រូវប្រើកម្រិតណា?

-​ ជំងឺ​អំបៅ​អំបែក៖ លេប ១២,៥-២៥ មិល្លីក្រាម​/គីឡូ ​រៀង​រាល់​ ៦​ ម៉ោង។

– រលាក​បំពង់​ក៖ អាយុ​លើស​ពី​ ១ឆ្នាំ រលាក​បំពង់​ក ​បង្ក​ដោយ​មេរោគ Streptococcal លេប ១២,៥-២៥ មិល្លីក្រាម​/គីឡូ ​រៀង​រាល់​ ១២ ​ម៉ោង។

​- ការ​ឆ្លង​រោគ​លើ​ស្បែក៖ លេប ១២,៥-២៥មិល្លីក្រាម​/គីឡូ ​រៀង​រាល់​ ១២ ​ម៉ោង។

– ​រលាក​សាច់ដុំបេះដូង​បង្ក​ដោយ​ពួក​បាក់​តេរី (Bacterial Endocarditis prophylaxis) សម្រាប់​អ្នក​ជំងឺ​​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ penicillin៖ លេប ៥០ មិល្លីក្រាម​/គីឡូ (អតិបរមា ២​ក្រាម)​ តែ​ម្ដង​គត់ ឲ្យ​បាន​ ១​ម៉ោង​មុន​ពេល​ចាប់​ផ្តើម​ការ​ព្យាបាល។

១២- មានទម្រង់បែបណាខ្លះ?

Cefalexin មានទម្រង់ និងកម្រិតថ្នាំដូចខាងក្រោម៖

– ថ្នាំគ្រាប់​លេប​៖ ២៥០មិល្លីក្រាម ៥០០​ មិល្លីក្រាម

– ថ្នាំគ្រាប់​លេប​មាន​សំបក (ខេបស៊ុល)៖ ២៥០មិល្លីក្រាម ៥០០​មិល្លីក្រាម  និង ​៧៥០ ​មិល្លីក្រាម

– ថ្នាំម្សៅ​សម្រាប់​លាយ​ទឹក (Powder for suspension)៖ ១២៥​មិល្លីក្រាម/៥ មិល្លីលីត្រ ២៥០មិល្លីក្រាម/៥មិល្លីលីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cephalexin https://www.nlm.nih.gov/medlineplus/druginfo/meds/a682733.html. Accessed July 8, 2016.

Cefalexin https://www.drugs.com/international/cefalexin.html. Accessed July 8, 2016.

Cephalexin https://www.drugs.com/cephalexin.html. Accessed July 8, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម