ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Zidovudine ប្រើព្យាបាលអ្វីខ្លះ?
Zidovudine គឺជាថ្នាំប្រឆាំងមេរោគហ៊ីវ ការពារជំងឺអេដស៍កុំឲ្យវិវត្តខ្លួនក្នុងរាងកាយ។ Zidovudine ប្រើសម្រាប់ព្យាបាលប្រឆាំងវីរុសហ៊ីវ ដែលជាភ្នាក់ងារបង្កឲ្យកើតជំងឺអេដស៍។ ថ្នាំនេះ អាចប្រើលើស្រ្តីមានផ្ទៃពោះ ដើម្បីទប់ស្កាត់ការចម្លងរោគទៅទារក ប៉ុន្តែមិនអាចប្រើដើម្បីព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយទេ។ ថ្នាំនេះអាចប្រើក្នុងលក្ខខណ្ឌផ្សេងទៀតមិនបានរៀបរាប់ខាងលើ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
គប្បីធ្វើតាមការណែនាំនៅលើប្រអប់ថ្នាំ។ គ្រូពេទ្យពេលខ្លះអាចប្តូរកម្រិតថ្នាំ ហេតុនេះមិនត្រូវប្រើថ្នាំនេះច្រើនជាង ឬតិចជាង និងយូរជាងការណែនាំនោះទេ។
ថ្នាំនេះអាចប្រើមុន ឬក្រោយបាយ។ បើប្រើសម្រាប់កុមារ គប្បីប្រាប់គ្រូពេទ្យពីការប្រែប្រួលទម្ងន់របស់ក្មេង។ កម្រិតថ្នាំអាស្រ័យលើទម្ងន់ ហេតុនេះការប្រែប្រួលទម្ងន់ តម្រូវផ្លាស់ប្តូរកម្រិតថ្នាំដូចគ្នា។
ថ្នាំ Zidovudine អាចបន្ថយបរិមាណគ្រាប់ឈាម ដើម្បីជួយរាងកាយប្រឆាំងមេរោគ និងជួយដឹកនាំអុកស៊ីហ្សែនទៅក្នុងរាងកាយ។ យ៉ាងណា យើងអាចងាយមានការបង្ករោគ ឬងាយអស់កម្លាំង ដូចនេះចាំបាច់ត្រូវពិនិត្យឈាមជាញឹកញាប់។
មេរោគអេដស៍ ឬជំងឺអេដស៍ គឺព្យាបាលតាមរយៈប្រើថ្នាំច្រើនរួមបញ្ចូលគ្នា ហេតុនេះគប្បីប្រើថ្នាំទាំងអស់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ អានការណែនាំរបស់ថ្នាំសម្រាប់អ្នកជំងឺ តាមវិធីសាស្ត្រព្យាបាលនីមួយៗ។ យើងមិនត្រូវប្តូរកម្រិតថ្នាំ ឬពេលប្រើថ្នាំដោយគ្មានការណែនាំពីគ្រូពេទ្យបានទេ។ គ្រប់អ្នកជំងឺអេដស៍ទាំងអស់ ត្រូវតែនៅក្រោមការមើលថែទាំពីគ្រូពេទ្យ។
៣- ត្រូវរក្សាទុកដោយវិធីណា?
ថ្នាំ Zidovudine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Zidovudine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើប្រាស់ថ្នាំនេះ យើងត្រូវដឹងកត្តាមួយចំនួនដូចជា៖
– អំឡុងពេលកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំដទៃទៀត ទាំងថ្នាំចេញដោយគ្រូពេទ្យ និងថ្នាំទិញដោយខ្លួនឯងដូ ចជាឱសថរុក្ខជាតិ និងថ្នាំបូរាណ គួរប្រាប់គ្រូពេទ្យមុននឹងប្រើ។
– ត្រូវប្រាប់ពេទ្យ បើមានប្រតិកម្មជាមួយសារធាតុណាមួយក្នុងថ្នាំ Zidovudine ឬថ្នាំណាមួយផ្សេងទៀត។
– ប្រាប់ពេទ្យ បើកំពុងមានបញ្ហា ឬជំងឺដទៃផ្សេងៗទៀត។
– មិនត្រូវប្រើថ្នាំ Zidovudine បើមានប្រតិកម្មជាមួយថ្នាំ Retrovir ឬថ្នាំផ្សេងទៀត មានផ្ទុកសារធាតុដូចថ្នាំ Zidovudine ដូចជា Combivir ឬ Trizivir។
– មិនត្រូវប្រើថ្នាំ Retrovir ជាមួយថ្នាំផ្សេងដែលមានផ្ទុកថ្នាំ Zidovudine ឬ Stavudine ដូចជា សារធាតុ Combivir, Trizivir និង Zerit ជាដើម។
មនុស្សមួយចំនួនប្រើថ្នាំ Zidovudine អាចធ្វើឲ្យមានអាការៈធ្ងន់ធ្ងរ ហៅថា Lactic Acidosis ច្រើនកើតលើមនុស្សស្រីលើសទម្ងន់ ឬមានជំងឺថ្លើម និងអ្នកប្រើថ្នាំព្យាបាលជំងឺអេដស៍រយៈពេលយូរ។ គប្បីពិគ្រោះជាមួយគ្រូពេទ្យពីកត្តាប្រឈម ព្រោះថ្នាំនេះអាចធ្វើឲ្យមានផលប៉ះពាល់លើថ្លើមធ្ងន់ធ្ងរ ឬគម្រាមកំហែងដល់អាយុជីវិតបាន។ គប្បីប្រាប់គ្រូពេទ្យប្រសិនបើមានជំងឺថ្លើមជាពិសេស ជំងឺរលាកថ្លើមប្រភេទ C។
ដើម្បីប្រាកដថាវាមានសុវត្ថិភាព គប្បីប្រាប់គ្រូពេទ្យប្រសិនបើយើងមាន៖
– ជំងឺតម្រងនោម
– បញ្ហាសាច់ដុំ
– ជំងឺខូចខួរឆ្អឹងខ្នង (Bone Marrow Suppression)
– បញ្ហាហូរឈាម ឬជំងឺគ្រាប់ឈាម
– ផឹកស្រាច្រើន
ថ្នាំនេះមិនប៉ះពាល់ទារកក្នុងផ្ទៃទេ ប៉ុន្តែមេរោគអេដស៍អាចឆ្លងទៅទារក បើយើងមិនបានព្យាបាលត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះ។ គប្បីប្រើថ្នាំតាមការណែនាំដើម្បីការពារជំងឺនេះ។
ចំពោះស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ ឈ្មោះរបស់ពួកគាត់ នឹងត្រូវកត់ទុកក្នុងបញ្ជីមួយ ដើម្បីតាមដាន ការមានផ្ទៃពោះ និងវាយតម្លៃចំពោះប្រសិទ្ធភាពថ្នាំលើទារក។
ស្ត្រីមានជំងឺនេះមិនគួរបំបៅដោះកូននោះទេ ពីព្រោះមេរោគអាចឆ្លងទៅកូនមិនទាន់មានជំងឺតាមរយះទឹកដោះ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
សូមទាក់ទងទៅផ្នែកសង្គ្រោះបន្ទាន់ បើមានរោគសញ្ញាប្រតិកម្មអាលែកហ្ស៊ី ដូចជា កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ ឬបំពង់ក ឬប្រតិកម្មស្បែកធ្ងន់ធ្ងរ ក្តៅ ឈឺក ក្រហាយភ្នែក ក្រហាយស្បែក កន្ទួលក្រហមលើស្បែក ធ្វើឲ្យមានពងបែក និងរបក។
រោគសញ្ញា Lactic Acidosis អាចធ្ងន់ធ្ងររហូតដល់ស្លាប់ ហេតុនេះត្រូវទាក់ទងគ្រូពេទ្យភ្លាម ទោះបីជាមានរោគសញ្ញាស្រាលដូចជា ឈឺ ឬខ្សោយសាច់ដុំ ស្ពឹក ត្រជាក់ដៃ ជើង ពិបាកដកដង្ហើម ចុកក្រពះ ចង្អោរ ក្អួត ចង្វាក់បេះដូងប្រែប្រួល វិលមុខ ខ្សោយ ឬអស់កម្លាំង។
ទាក់ទងគ្រូពេទ្យប្រសិនបើក្នុងករណី៖
– បរិមាណគ្រាប់ឈាមសទាប៖ ក្តៅខ្លួន រោគសញ្ញាផ្តាសសាយ ហើមអញ្ចាញ ដំបៅមាត់ ឈឺពេលលេបទឹកមាត់ ដំបៅស្បែក ក្អក ពិបាកដកដង្ហើម។
– គ្រាប់ឈាមក្រហមទាប (ជំងឺស្លេកស្លាំង)៖ ស្បែកស្លេកស្លាំង ហត់នឿយខុសធម្មតា វិលមុខ ឬដកដង្ហើមខ្លីៗ ត្រជាក់ចុងដៃ ចុងជើង។
– ជំងឺថ្លើម មានហើមជុំវិញពោះ ចុកចុងដង្ហើម អស់កម្លាំងខុសធម្មតា ហូបមិនបាន ទឹកនោមក្រមៅ លាមកស្លេក ស្បែក ឬភ្នែកឡើងលឿង។
ថ្នាំនេះអាចធ្វើឲ្យប្រឈមការបង្ករោគមួយចំនួន ឬបញ្ហាភាពស៊ាំប្រឆាំងខ្លួនឯង (Autoimmune Disorders)។ រោគសញ្ញាទាំងនេះអាចកើតមានច្រើនអាទិត្យ ឬច្រើនខែ បន្ទាប់ពីចាប់ផ្ដើមប្រើថ្នាំ។ សូមពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើប្រទះរោគសញ្ញា៖
– ឆ្លងរោគថ្មីៗ ដូចជា ក្តៅខ្លួន បែកញើសពេលយប់ ហើមក្រពេញ ដំបៅមាត់ រាក ចុកពោះ ស្រកទម្ងន់
– ឈឺទ្រូង ពិសេសនៅពេលដកដង្ហើម ក្អកស្ងួត ដកដង្ហើមងឺតៗ ដកដង្ហើមខ្លីៗ
– ដំបៅមាត់ ដំបៅលើប្រដាប់ភេទ ឬរន្ធគូទ
– ចង្វាក់បេះដូងលឿន ឆាប់ខឹង ខ្សោយ បាត់បង់លំនឹង ឬចលនាភ្នែក
– បញ្ហាក្នុងការនិយាយ ឬលេប ចុកចង្កេះធ្ងន់ធ្ងរ ហៀរនោម
– ហើមក ឬបំពងក (ហើមក្រពេញទីរ៉ូអ៊ីត) វដ្ដរដូវប្រែប្រួល អសមត្ថភាពផ្លូវភេទ បាត់បង់ចំណង់ផ្លូវភេទ។
រោគសញ្ញាទូទៅរួមមាន៖
– ឈឺក្បាល
– ក្តៅខ្លួន មានអារម្មណ៍ឈឺ
– ក្អក
– ចង្អោរ ក្អួត ហូបមិនបាន
– ប្រែប្រួលរូបរាង ឬទីតាំងខ្លាញ់ ពិសេស ដៃ ជើង មុខ ក សុដន់ និងចង្កេះ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំនេះអាចមានអន្តរអំពើជាមួយថ្នាំយើងកំពុងប្រើ ធ្វើឲ្យប្រែប្រួលប្រសិទ្ធភាពរបស់ថ្នាំ និងបង្កើនផលប៉ះពាល់ធ្ងន់ធ្ងរ។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរអំពើជាមួយ Zidovudine មានដូចជាថ្នាំ Doxorubicin, Ganciclovir, Interferon alfa, Ribavirin និងថ្នាំធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជា ថ្នាំព្យាបាលមហារីក ថ្នាំស្តេរ៉ូអ៊ីត ថ្នាំការពារពេលផ្លាស់ប្តូរសរីរាង្គ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
មានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខយើងភាពបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតថ្នាំសម្រាប់ការបង្ករោគដោយមេរោគអេដស៍
– លេប៖ ៣០០មិល្លីក្រាម រៀងរាល់ ១២ម៉ោង ឬ ២០០មិល្លីក្រាម រៀងរាល់ ៨ ម៉ោង។
– ចាក់សរសៃ៖ ១ មិល្លីក្រាម/គីឡូ ចាក់សរសៃ (លើស១ម៉ោង) រៀងរាល់ ៤ម៉ោង ហើយកម្រិតប្រចាំថ្ងៃ ចាប់ពី ៥-៦ មិល្លីក្រាម/គីឡូ។
– រយៈពេលព្យាបាលអាចប្រើរហូតអ្នកជំងឺស៊ាំ ឬជំងឺត្រូវប្តូរទៅប្រើថ្នាំផ្សេង។
កម្រិតថ្នាំសម្រាប់ការបន្ថយការឆ្លងមេរោគអេដស៍ពេលសម្រាល
– កម្រិតថ្នាំសម្រាប់ម្តាយ៖ ១០០មិល្លីក្រាម លេប ៥ ដង/ថ្ងៃ រហូតដល់សម្រាល។ ប៉ុន្តែពេទ្យជំនាញកំណត់កម្រិតថ្នាំស្តង់ដារ ៣០០មិល្លីក្រាម រៀងរាល់ ១២ ម៉ោង ឬ ២០០មិល្លីក្រាម រៀងរាល់ ៨ ម៉ោង។
– អំឡុងពេលសម្រាល៖ ២ មិល្លីក្រាម/គីឡូ ចាក់សរសៃ (បង្ហូរជាសេរ៉ូម លើស ១ម៉ោង) បន្តចាក់បង្ហូរតាមសេរ៉ូមចូលសរសៃ ដោយកម្រិត ១ មិល្លីក្រាម/គីឡូ/ម៉ោង រហូតដល់កិបសុករួច។
ការព្យាបាលគួរចាប់ផ្តើមនៅសប្តាហ៍ទី ១៤-៣៤ អំឡុងពេលពពោះ។ ទារកទើបកើតគួរព្យាបាល នៅអាយុ ៦សប្តាហ៍ ព្រោះទោះជាបានប្រើរបៀបការពារនេះក៏ដោយ នៅមានករណីទារកអាចឆ្លងជំងឺនេះដដែល។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
កម្រិតថ្នាំសម្រាប់ការបង្ករោគដោយមេរោគអេដស៍៖
អាយុ ៤ សប្តាហ៍ ដល់ក្រោម ១៨ ឆ្នាំ ត្រូវលេប អាស្រ័យទម្ងន់៖
– ៤ ដល់ក្រោម ៩ គីឡូ៖ ១២ មិល្លីក្រាម/គីឡូ លេប ២ ដង/ថ្ងៃ ឬ ៨ មិល្លីក្រាម/គីឡូ ៣ ដង/ថ្ងៃ។
– ៩ ដល់ក្រោម ៣០ គីឡូ៖ ៩ មិល្លីក្រាម/គីឡូ លេប ២ ដង/ថ្ងៃ ឬ ៦ មិល្លីក្រាម/គីឡូ ៣ ដង/ថ្ងៃ។
– ៣០ គីឡូឡើង៖ ៣០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ឬ ២០០មិល្លីក្រាម ៣ ដង/ថ្ងៃ។
– តាមផ្ទៃនៃរាងកាយ៖ ២៤០ មិល្លីក្រាម/ម៉ែត្រការេ (កម្រិតអតិបរមា ៣០០មិល្លីក្រាម ក្នុងមួយកម្រិតថ្នាំ) លេប ២ ដង/ថ្ងៃ ឬ ១៦០ មិល្លីក្រាម/ម៉ែត្រការេ (កម្រិតអតិបរមា ២០០មិល្លីក្រាម ក្នុងមួយកម្រិតថ្នាំ) លេប ៣ ដង/ថ្ងៃ។ ករណីខ្លះកម្រិតថ្នាំគណនាតាមទម្ងន់ អាចមិនដូចគ្នាជាមួយកម្រិតថ្នាំគណនាតាមផ្ទៃរាងកាយ។
កម្រិតថ្នាំសម្រាប់ការបន្ថយការឆ្លងមេរោគអេដស៍លើទារកពេលសម្រាល
– លេប៖ ២ មិល្លីក្រាម/គីឡូ រៀងរាល់ ៦ ម៉ោង។
– ចាក់សរសៃ៖ ១,៥ មិល្លីក្រាម/គីឡូ ចាក់សរសៃ (រយៈពេល ៣០ នាទី) រៀងរាល់ ៦ ម៉ោង។
កម្រិតថ្នាំសម្រាប់ទារកគួរចាប់ផ្តើម ១២ម៉ោង ក្រោយកើត និងបន្តរហូតអាយុ ៦ សប្តាហ៍។ ចាក់សរសៃ អាចធ្វើលើទារក មិនអាចលេបថ្នាំបាន។
៣- ថ្នាំនេះជាទម្រង់បែបណា?
មានជាទម្រង់ ជាថ្នាំគ្រាប់ និងថ្នាំចាក់។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]