backup og meta

Mebendazole (ឱសថ Mebendazole)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Mebendazole ប្រើព្យាបាលអីខ្លះ?

Mebendazole ជា​ថ្នាំគេ​ប្រើ​សម្រាប់​ព្យាបាល​ការចម្លង​រោគ​ដោយ​សារ​ពពួក​ព្រូន​នៅ​ក្នុង​ខ្លួន ​ដូច​ជា អៀន (Pinworm) ព្រូន​មូល (Roundworm) និង​ព្រូនតម្ពក់ (Hookworm)។

២- គេប្រើថ្នាំនេះយ៉ាង​ម៉េច?

ថ្នាំ​នេះ​ត្រូវ​លេប​ ​អាច​លេប​ជាមួយ​អាហារ ឬ​មិន​ចាំបាច់​អាហារ​ក៏បាន អាច​លេប​កិន​លាយ​ជាមួយ​អាហារ​កាន់​តែ​ល្អ។

កម្រិត​ថ្នាំ​ត្រូវ​ផ្អែក​លើ​ស្ថាន​ភាព​សុខ​ភាព និង​ការព្យាបាល។

ព្យាបាល​បញ្ហា​​អៀន ត្រូវ​លេប​តែ​មួយ​ដង តែបើ​ចាំបាច់ ​ត្រូវ​លេប​ម្តង​ទៀត​នៅ​ ២-៣ ​សប្តាហ៍​ក្រោយ។

ចំពោះ​ការ​បង្ករោគ​បណ្តាល​មក​ពី​ពពួក​ព្រូន​ផ្សេង​ទៀត មាន ព្រូន​មូល ព្រូនតម្ពក់ ត្រូវ​លេបថ្នាំ Mebendazole រយៈពេល ៣ថ្ងៃ ធម្មតា​លេប ២​ ដង/ថ្ងៃ ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ បើ​ចាំបាច់​ ​ព្យាបាល​លើក​ទី ២ ត្រូវ​លេប ២-៣​ សប្តាហ៍​ក្រោយ។

ចំពោះ​ប្រភេទ​ចម្លង​​រោគផ្សេង​ទៀត ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ គ្រូពេទ្យ​អាចឲ្យយើង​លេប​ថ្នាំ​នេះ ​ច្រើន​ជាង​ ២​ ដង/ថ្ងៃ ​និង​អាច​លេប​លើស ៣ ថ្ងៃ។

បន្ត​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​​គ្រូ​ពេទ្យ​ជា​រឿង​សំខាន់ និង​មិន​ត្រូវ​រំលង​ការ​លេប​ថ្នាំ​នោះឡើយ ត្រូវ​បន្ត​ប្រើ​ថ្នាំ​នេះ​ រហូត​ទាល់​តែ​មាន​វេជ្ជបញ្ជា​ពី​គ្រួ​ពេទ្យ ​ឲ្យ​ឈប់ប្រើ ​ទោះ​បី​បាត់​រោគ​សញ្ញា​​ក៏​ដោយ។ ​ឈប់​លេប​ថ្នាំ​លឿន​ពេក​អាច​ឲ្យ​មេរោគ​កកើត​​ឡើង​វិញ។

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ស្ថានភាព​​ជំងឺនៅ​តែ​បន្ត​ឈឺ ឬ​កាន់​តែ​ធ្ងន់ធ្ងរ។

៣- ​គួរ​រក្សា​ទុក​របៀប​ណា?

ថ្នាំ Mebendazole អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក Mebendazole ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផ​ល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ Mebendazole?

ប្រាប់​គ្រូពេទ្យ​ពី​ប្រវត្តិជំងឺធ្លាប់​មាន ​ពិសេស​បើ​មាន ចំនួន​ឈាម​ក្រហម​ថយ​ចុះ (ជំងឺ​ស្លេកស្លាំង) ជំងឺថ្លើម បញ្ហា​ពោះ​វៀន (ជំងឺ Crohn ​ ជំងឺ​រលាក​ពោះ​វៀន​ធំ)។

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ថ្នាំ​នេះ​អាចប្រើ​តែ​នៅ​ពេល​ចាំ​បាច់​ប៉ុណ្ណោះ។ សូម​ពិភាក្សា​ពី​ហានិភ័យ និង​អត្ថប្រយោជន៍​របស់​ថ្នាំ​ជាមួយ​គ្រូពេទ្យ​ជាមុន។

ថ្នាំ​នេះ​អាចជ្រាប​ចូល​ទៅ​ក្នុង​ទឹក​ដោះ​បាន ហេតុនេះត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​បំបៅ​ដោះ​កូន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អី​ខ្លះ?

ផល​រំខាន​ពី​ថ្នាំ Mebendazole អាច​មាន​ដូច​ជា ​ឈឺ​​ក្រពះ ឈឺ​ពោះ ក្អួត រាក ឈឺ​ក្បាល វិល​មុខ ឬ​ងងុយ​គេង។ ​បើ​នៅ​តែ​មាន​ផល​រំខាន ឬ​កាន់​តែ​ធ្ងន់​ធ្ងរ ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី​ឱ្យ​បាន​ឆាប់។

ចាំ​ថា គ្រូ​ពេទ្យអនុញ្ញាតឲ្យ​​ប្រើ​ថ្នាំ​នេះ​ ​ដោយ​សារ​មើល​ឃើញ​ពីសារៈ​ប្រយោជន៍​ព្យាបាល ​ច្រើន​ជាង​ហានិភ័យ ហើយ​មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ​នេះ​ ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ។

ទោះ​ជា​ករណី​កម្រ ប៉ុន្តែថ្នាំ Mebendazole អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​មួយ​ចំនួន ទាមទារ​​ប្រាប់​គ្រូ​ពេទ្យ​ពេល​យើង​ប្រទះ​រោគសញ្ញា​ទាំងនេះ ដូចជា ឈឺ​ពោះ​ធ្ងន់​ធ្ងរ ងាយ​ហូរ​ឈាម​ងាយ​ជាំ មាន​សញ្ញា​ឆ្លង​រោគ​ធ្ងន់​ធ្ងរ (ក្តៅ​ខ្លួន ឈឺ​ក​ជាប់) នឿយ​ហត់​ខុស​ធម្មតា ហត់ខ្លាំង ប្រកាច់ អស់​កម្លាំង ទឹក​នោម​មាន​ពណ៌​ក្រហម​ក្រមៅ ឬ​ផ្កា​ឈូក ភ្នែក ស្បែក​ឡើង​លឿង។

ប្រតិកម្ម​ធ្ងន់ធ្ងរ​របស់ថ្នាំ​នេះ កម្រ​កើត​មាន​ណាស់។ យ៉ាងណា​ ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ភ្លាម បើ​សម្គាល់​ឃើញ​ថា​មាន​សញ្ញា​អាល្លែហ្ស៊ី​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង ដូចជា កន្ទួល រមាស់ រមាស់​ស្បែក ហើម ជា​ពិសេស លើ​មុខ ​អណ្ដាត បំពង់​ក ងងុយ​ខ្លាំង​ជ្រុល និង​ពិបាក​ដក​ដង្ហើម។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​​ថ្នាំ​

ជា​ធម្មតា ថ្នាំ​​អាចមាន​អន្តរកម្ម​ជាមួយ​ថ្នាំ​នេះ មាន​តែ Metronidazol ប៉ុណ្ណោះ។

ករណីខ្លះ ថ្នាំ Mebendazole ​អាចមាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់​ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

ថ្នាំ Mebendazole អាច​មាន​ការ​ប្រែ​ប្រួល​ប្រសិទ្ធភាព ឬ​អំពើ​របស់ថ្នាំ ​ដោយ​សារ​មាន​អន្តរ​កម្ម​ជាមួយ​អាហារ ឬ​ជាតិ​អាល់​កុល ​នាំ​ឲ្យ​បង្កើន​ហានិភ័យ ​ផល​រំខាន​ធ្ងន់​ធ្ងរ​ជា​ច្រើន។ ​គួរ​​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​ពី​បញ្ហា​នេះ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​​

Mebendazole អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​​យើង​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ក្នុង​កម្រិត​ណា?

លើ​មនុស្ស​ធំ​ដែល​កើត Angiostrongylosis

ប្រើ ១០០​មិល្លីក្រាម លេប​ ២ ដង/​ថ្ងៃ​ ប្រើ​រយៈពេល ៥ ថ្ងៃ។

លើ​មនុស្ស​ធំ​កើត Ascariasis (ព្រូន​ចង្កឹះ)

១០០​មិល្លីក្រាម លេប​ ២ ដង/​ថ្ងៃ​ ប្រើរ​យៈពេល ៣ ថ្ងៃ។ បើ​មាន​ករណី​ស្ទះ​ផ្លូវ​ទឹក​ប្រមាត់​ ត្រូវ​ប្រើ​ថ្នាំ Piperazine Citrate ១៥០ មិល្លីក្រាម/គីឡូ នៅ​ពេល​ដំបូង បន្ទាប់​មក​ប្រើ ៦៥ មិល្លីក្រាម​/គីឡូ ត្រូវ​ប្រើ ៦ ដង រៀង​រាល់ ១២ ម៉ោងម្តង ​តាម​បំពង់​សុង​អាហារ។

លើ​មនុស្ស​ធំ​ដែល​កើត Capillariasis

២០០​មិល្លីក្រាម លេប​ ២ ដង/​ថ្ងៃ រយៈពេល ២០ ថ្ងៃ។ បើ​លាប់​ឡើង​វិញ​ត្រូវ​ព្យាបាល​យូរ​ជាង​នេះ​ទៀត។

លើ​មនុស្ស​ធំ​ដែល​កើត Trichostrongylosis

១០០មិល្លីក្រាម លេប​ ២ ដង​/​ថ្ងៃ ប្រើ​រយៈពេល ៣ ថ្ងៃ។

លើ​មនុស្ស​ធំ​ដែល​កើត Filariasis 

១០០មិល្លីក្រាម លេប​តែ​ម្តងប៉ុណ្ណោះ  និងលេប​ម្តង​ទៀតនៅ ២ សប្តាហ៍​ក្រោយ។ សមាជិកក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំង​អស់​ដែល​ស្និតស្នាលជាមួយ​អ្នក​ជំងឺ ​ត្រូវ​ធ្វើ​ការ​ពិនិត្យ​រាងកាយ​​ដូច​គ្នា។

ការ​បង្ករោគ​ដោយ Mansonella perstans

១០០​មិល្លីក្រាម លេប ២ ដង​/​ថ្ងៃ ប្រើ​រយៈពេល ៣​០ ថ្ងៃ។

លើ​មនុស្ស​ធំឆ្លង​រោគ​ពី​ព្រូនតម្ពក់ (Necator ឬ Ancylostoma) 

១០០​មិល្លីក្រាម លេប ២ ដង​/ថ្ងៃ ​ប្រើ​រយៈពេល ៣ ថ្ងៃ។

លើ​មនុស្ស​ធំ​ចម្លង​រោគ​ពី​ព្រូនរំពាត់ (Whipworm,Trichuris trichiura) 

១០០​មិល្លីក្រាម លេប ២ ដង/​ថ្ងៃ​ ​ប្រើរយៈពេល ៣ ថ្ងៃ។

លើ​មនុស្ស​ធំ​ឆ្លងមេ​រោគ​ពី​អៀន (Enterobius vermicularis)

១០០​មិល្លីក្រាម លេប​តែ​ម្តង និង​លេប​ម្តង​ទៀតនៅ ២ សប្តាហ៍​ក្រោយ។ សមាជិក​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំង​អស់​ដែល​ស្និតស្នាល​ជាមួយ​​អ្នក​ជំងឺ ​ត្រូវ​ធ្វើ​ការ​ពិនិត្យ​រាងកាយ​​ដូច​គ្នា។

លើ​មនុស្ស​ធំ​កើត Trichinosis 

២០០-៤០០ មិល្លីក្រាម លេប ៣ ដង​/​ថ្ងៃ ប្រើ​រយៈពេល ៣ ថ្ងៃ។ បន្ទាប់​មក​បង្កើនពី ​៤០០-៥០០ មិល្លីក្រាម លេប​ ៣ ដង​/ថ្ងៃ ប្រើ រយៈពេល ១០ ថ្ងៃ។ បើ​អ្នក​ជំងឺ​​នៅ​បន្ត​មាន​រោគ​សញ្ញា ​ត្រូវ​លេប​ជា​មួយ​ថ្នាំ​ស្តេរ៉ូអ៊ីត (ថ្នាំ​ប្រឆាំង​រលាក)។

លើ​មនុស្ស​ធំ​កើត Visceral Larva Migrans (Toxicariasis) 

១០០-២០០ មិល្លីក្រាម លេប ២ ដង/​ថ្ងៃ ប្រើ​រយៈពេល ៥ ថ្ងៃ។ អាច​ប្រើ​ជាមួយ​ថ្នាំ​ប្រឆាំង​ការ​រលាក។

លើ​មនុស្ស​ធំ​​កើត Echinococcus Infection 

ការ​សិក្សា​លើ​មនុស្ស ៧៦៩នាក់ ​មាន​ការ​បង្ក​រោគ​ដោយ​ព្រូន​នៅ​ថ្លើម ​(Hepatic ​Cystic​ infection) ​ព្រូន លើ​ជាលិកា ប្រើ ៤០-៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែក​ជា ៣​ដង ​អម​ជាមួយ​បច្ចេកទេស Percutaneous aspiration-injection-reaspiration (PAIR) drainage ត្រូវលេប​​មុនធ្វើ​ការព្យាបាល ១សប្តាហ៍ និងក្រោយ​ការ​ធ្វើព្យាបាល PAIR drainage ​៤សប្តាហ៍​។

លើ​មនុស្ស​ធំ​ដែល​មាន​ជំងឺ Hydatid Disease 

ការ​សិក្សា​លើ​មនុស្ស ៧៦៩នាក់ ​មាន​ការ​បង្ក​រោគ​ដោយ​ព្រូន​នៅ​ថ្លើម (Hepatic ​Cystic ​infection) ព្រូន លើ​ជាលិកា ប្រើ ៤០-៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែក​ជា ៣​ដង ​អម​ជាមួយ​បច្ចេកទេស​ Percutaneous​aspiration-injection-reaspiration (PAIR) drainage ត្រូវ​លេប​​មុនធ្វើ​ការព្យាបាល ១សប្តាហ៍ និងក្រោយ​ការធ្វើព្យាបាល PAIR drainage ​៤សប្តាហ៍​។

លើ​មនុស្ស​ធំ​ដែល​កើត Dracunculiasis 

៤០០-៨០០ មិល្លីក្រាម រៀង​រាល់​ថ្ងៃ រយៈពេល ៦ ថ្ងៃ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

លើ​ក្មេង​កើត Angiostrongylosis

ក្មេង​មាន​អាយុ​ ២ ឆ្នាំឡើង​ ១០០​មិល្លីក្រាម លេប​ ២ ដង​/ថ្ងៃ រយៈពេល ៥ ថ្ងៃ។

លើ​ក្មេង​​កើត Ascariasis (ព្រូន​ចង្កឹះ)

​ក្មេង​មាន​អាយុ ២ ឆ្នាំ​ឡើង ១០០​មិល្លីក្រាម លេប​ ២ ដង​ក្នុង​មួយ​ថ្ងៃ​ រយៈពេល ៣ ថ្ងៃ។ បើ​មាន​ការ​ស្ទះ​ផ្លូវ​ទឹក​ប្រមាត់​ត្រូវ​ប្រើ​ថ្នាំ Piperazine citrate ១៥០ មិល្លីក្រាម/គីឡូ សម្រាប់​ពេលដំបូង បន្ទាប់​មក​ប្រើ ៦៥ មិល្លីក្រាម​/គីឡូ ត្រូវ​ប្រើ ៦ កម្រិត រៀង​រាល់ ១២ម៉ោង ​តាម​បំពង់​សុង​អាហារ។

លើ​ក្មេង​កើត Capillariasis 

​ក្មេង​មាន​អាយុ ២ ឆ្នាំឡើង ២០០​មិល្លីក្រាម លេប ២ ដង​/​ថ្ងៃ​ រយៈពេល ២០ ថ្ងៃ។ បើ​លាប់​ឡើង​វិញ​ត្រូវ​ធ្វើ​ការ​ព្យាបាល​រយៈពេល​យូរ​ជាង​នេះ។

លើ​ក្មេង​កើត Filariasis

– ក្មេង​មាន​អាយុ ២ ឆ្នាំឡើង៖ ១០០មិល្លីក្រាម លេប​តែ​ម្តង។ លេប​ម្តង​ទៀតនៅ ២ សប្តាហ៍​ក្រោយ។ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ពិនិត្យ​រាងកាយ​ដូច​គ្នា។

ជំងឺ Mansonella perstans infection៖ ប្រើ ១០០​មិល្លីក្រាម ២ ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល ៣០ ថ្ងៃ។

លើ​ក្មេង​មាន​ការ​ចម្លង​រោគ​ពី​ព្រូនតម្ពក់ (Necator or Ancylostoma)

ក្មេង​មាន​អាយុ ២ ឆ្នាំ​ឡើង ១០០​មិល្លីក្រាម លេប​ ២ ដង/​ថ្ងៃ​ រយៈពេល ៣ ថ្ងៃ។

លើ​ក្មេងមាន​ការ​ចម្លង​រោគ​ពី​ព្រូន Whipworm (Trichuris trichiura)

ក្មេង​មាន​អាយុ ២ ឆ្នាំឡើង ១០០​មិល្លីក្រាម លេប​ ២ ដង/​ថ្ងៃ​ រយៈពេល ៣ ថ្ងៃ។

លើ​ក្មេង​មាន​ការ​ចម្លង​រោគ​ពី​ព្រូន​អៀន (Enterobius vermicularis) 

​ក្មេង​មាន​អាយុ ២ ឆ្នាំឡើង ១០០​មិល្លីក្រាម លេប​តែ​ម្តង។ លេប​ម្តង​ទៀត​នៅ ២ សប្តាហ៍​ក្រោយ។ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ពិនិត្យ​រកមេរោគ​ដូច​គ្នា។

លើ​ក្មេង​កើត Trichinosis

ក្មេង​មាន​អាយុ​ ២ ឆ្នាំឡើង ២០០-៤០០ មិល្លីក្រាម លេប​ ៣ ដង/​ថ្ងៃ រយៈពេល​ ៣ ថ្ងៃ។ ​បន្ទាប់មក ៤០០-៥០០ មិល្លីក្រាម លេប ៣ ដង/​ថ្ងៃ រយៈពេល ១០ ថ្ងៃ។ បើ​ក្មេង​នៅ​បន្ត​មាន​រោគ​សញ្ញា​ត្រូវ​លេប​ជា​មួយ​ថ្នាំ​ស្តេរ៉ូអ៊ីត (ថ្នាំ​ប្រឆាំង​រលាក)។

ករណីសិក្សាលើ​ក្មេង​មានជំងឺ Trichinellanativa infection ២៣នាក់

អាយុ ១-១៤ ឆ្នាំ ប្រើ ២០០​មិល្លីក្រាម លេប​ ៣ ដង/ថ្ងៃ​ សម្រាប់ ៣ ថ្ងៃ​ដំបូង ​បន្ទាប់​មក​លេប ៤០០​មិល្លីក្រាម លេប ៣ ដង​/​ថ្ងៃ​ រយៈពេល ១១ ថ្ងៃ។ បើក្មេងនៅ​បន្ត​មាន​រោគ​សញ្ញា​ត្រូវ​លេប​ជា​មួយ​ថ្នាំ​ស្តេរ៉ូអ៊ីត។

លើ​ក្មេង​កើត Visceral Larva Migrans (Toxicariasis) 

​ក្មេង​មាន​អាយុ​ ២ ឆ្នាំ​ឡើង ១០០-២០០ មិល្លីក្រាម លេប ២ ដង/​ថ្ងៃ​ រយៈពេល ៥ ថ្ងៃ។ អាច​ប្រើ​ជាមួយ​ថ្នាំ​ប្រឆាំង​ការ​រលាក។

ប្រុង​ប្រយ័ត្ន

ដើម្បី​សុវត្តិភាព​ហាម​ប្រើ​ថ្នាំ Mebendazole ចំពោះ​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ។

១២- ទម្រង់​ថ្នាំដូច​ម្ដេច​ខ្លះ?

Mebendazole អាច​មាន​ក្នុងទម្រង់​ដូចជា៖

– ថ្នាំ​គ្រាប់​សម្រាប់​លេប​ ឬ​ទំពា

– ប្រភេទ​ជា​ម្សៅ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mebendazole Dosage. https://www.drugs.com/dosage/mebendazole.html. Accessed March 13, 2018.

Mebendazole Tablet, Chewable. https://www.webmd.com/drugs/2/drug-13591/mebendazole-oral/details. Accessed March 13, 2018.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម