អាការៈ ពុលពេលធ្វើដំណើរដូចជាពុលឡាន ពុលយន្តហោះ ពុលរលកពិតជាបង្កការរំខាន និងពិបាកក្នុងខ្លួនណាស់។ នេះមកពីការរំខានដល់ត្រចៀកផ្នែកខាងក្នុង ដែលបង្កដោយចលនារបស់យានជំនិះ ឬចលនាផ្សេងទៀត។ គ្នាយើងមួយចំនួនអាចនឹងមានអាការៈចង្អោរ និងក្អួតទៀតផង។
មូលហេតុបង្កអាការៈពុលពេលធ្វើដំណើរ
ខួរក្បាលអាចដឹងពីចលនាអ្វីមួយបានដោយសារប្រព័ន្ធសរសៃប្រសាទរួមមានត្រចៀកផ្នែកខាងក្នុង ភ្នែក និងជាលិកានៃផ្ទៃលើរបស់រាងកាយ។ រោគសញ្ញានៃអាការៈពុលពេលធ្វើដំណើរកើតឡើងនៅពេលប្រព័ន្ធប្រសាទកណ្ដាលទទួលបានសញ្ញាខុសគ្នាពីប្រព័ន្ធរំញោចដូចជាត្រចៀកផ្នែកខាងក្នុង ភ្នែក សរសៃប្រសាទទទួលសម្ពាធនៅស្បែក សាច់ដុំ និងសន្លាក់។
រោគសញ្ញាអាការៈពុលពេលធ្វើដំណើរ
រោគសញ្ញាធ្ងន់ធ្ងរមានអាការៈចង្អោរ ក្អួត ស្លេកស្លាំង បែកញើស ហៀរទឹកមាត់ ពិបាកដកដង្ហើម វិលមុខ និងងងុយគេង។ ចំណែកឯរោគសញ្ញាទូទៅមានដូចជាបែកញើស អារម្មណ៍មិនស្រួលខ្លួន និងល្ហិតល្ហៃ។ រីឯរោគសញ្ញាស្រាលរួមមានអាការៈឈឺក្បាល មិនស្រួលខ្លួន និងស្ងាប។
វិធីបន្ធូរអាការៈពុលពេលធ្វើដំណើរ
ជាទូទៅអាការៈនេះនឹងបាត់ទៅពេលចលនាដែលបង្កអាការៈបញ្ឈប់។ ប៉ុន្តែគ្នាយើងមួយចំនួនអាចនឹងបន្តមានអាការៈនេះច្រើនថ្ងៃក្រោយពីបញ្ចប់ការធ្វើដំណើរ។ ដើម្បីបន្ធូរអាការៈនេះអាចធ្វើតាមប៉ុន្មានវិធីនេះ។
១. មើលមុខទៅត្រង់
ជាទូទៅដើម្បីបន្ថយអាការៈនេះ តែងមានការណែនាំថាឲ្យយើងមើលទៅមុខត្រង់នៃទិសដៅធ្វើដំណើរ។ នេះអាចជួយផ្តាច់ទំនាក់ទំនងរវាងការមើលឃើញ និងត្រចៀកផ្នែកខាងក្នុង។ ការអង្គុយនៅកៅអីឡានខាងមុខអាចជួយបន្ធូរអាការៈពុលនេះបានដែរ។
២. បិទភ្នែក ឬគេង
ប្រសិនជាយើងត្រូវធ្វើដំណើរនៅពេលយប់ ឬនៅលើកប៉ាល់ដែលមិនមានបង្អួច ការបិទភ្នែកអាចជួយយើងបាន ឬប្រសិនជាអាចយើងអាចគេងក៏បាន។ ការធ្វើបែបនេះអាចជួយសម្រួលដល់ការប្រឆាំងគ្នារវាងភ្នែក និងត្រចៀកផ្នែកខាងក្នុងរបស់យើងបានដែរ។
៣. ទំពារ
វិធីងាយស្រួលក្នុងការបន្ធូរអាការៈពុលឡានស្រាលគឺការទំពារ។ ការទំពារស្ករកៅស៊ូមានប្រសិទ្ធភាពខ្លាំងក្នុងការកាត់បន្ថយអាការៈពុលឡាន។ ក្រៅពីនេះយើងក៏អាចញ៉ាំអាហារសម្រន់ផ្អែមៗ។ និយាយរួមទៅការទំពារអាចកាត់បន្ថយអាការៈពុលឡានបានយ៉ាងប្រសិទ្ធភាព។
៤. បើកបង្អួច
ការបើកបង្អួចអាចបន្ធូរអាការៈពុលបានបន្តិចបន្តួចដែរ។ ប៉ុន្តែប្រសិនជាខ្យល់ខាងក្រៅមានក្លិនមិនល្អអាចនឹងធ្វើឲ្យអាការៈចង្អោរកាន់តែអាក្រក់ទៅវិញ។ ម៉្យាងទៀតបើយើងមិនអាចបើកបង្អួចបាន យើងបង្វែរម៉ាស៊ីនខ្យល់ឲ្យចំយើង ឬប្រើកង្ហារឲ្យនៅចំពីមុខយើង។ បន្ថែមពីនេះយើងត្រូវចាំថាផ្សែងបារីនឹងធ្វើឲ្យអាការៈពុលកាន់តែធ្ងន់ធ្ងរ ដែលនេះជាអ្វីដែលយើងគួរគេចចេញបើអាច។
៥. ផឹកទឹក ឬភេសជ្ជៈមានជាតិកាបូណាត
ការផឹកទឹកត្រជាក់ ឬភេសជ្ជៈមានជាតិកាបូណាតអាចទប់ស្កាត់អាការៈចង្អោរបានដែរ។ យកល្អគួរចៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេដែលអាចបង្កឲ្យខ្វះជាតិទឹក និងធ្វើឲ្យអាការៈចង្អោរកាន់តែខ្លាំងទៅ។ យើងអាចផឹកទឹកដោះគោ និងទឹកផ្លែប៉ោមបាន។
៦. ខ្ញី
ខ្ញីអាចបន្ថយអាការៈពុលពេលធ្វើដំណើរបាន។ យើងអាចទំពារមើមខ្ញីស្រស់ដើម្បីបន្ថយរោគសញ្ញាបាន។
៧. កុំអានសៀវភៅ ឬមើលទូរស័ព្ទ
នៅពេលពុលឡាន យើងនឹងមានការលំបាកក្នុងការអានសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទ។ នេះមកពីការដាច់ទំនាក់ទំនងញាណរវាងភ្នែក និងត្រចៀកផ្នែកខាងក្នុង។ ប្រសិនជាយើងផ្ដោតអារម្មណ៍ទៅលើអ្វីមួយដែលនៅជិតអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែយើងអាចស្ដាប់ចម្រៀង ព្រោះថាតន្រីអាចជួយបង្វែរចំណាប់អារម្មណ៍របស់យើងបាន។
អត្ថបទពាក់ព័ន្ធ៖
- គ្នាយើងគួរដឹង វិធីទាំងនេះអាចជួយបំបាត់អាការៈចង្អោរបាន
- កុំស្លន់ស្លោ! ពេលកូនក្អួតត្រូវដឹងរបៀបដោះស្រាយ
- ផឹកទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងតិច៧យ៉ាង
- សម្រាប់អ្នកចូលចិត្តហឹរ កុំថាអត់ដឹង ខ្ញី ជួយអីខ្លះ
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]