backup og meta

Vitamin E (វីតាមីន​E)

Vitamin E (វីតាមីន​E)

ស្វែងយល់ពីការប្រើប្រាស់

តើ​វីតាមីន​Eប្រើប្រាស់​ដើម្បី​អ្វី?

វីតាមីន​E​គឺ​ជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បន្លែ​ ប្រេង​បន្លែ​ ផ្លែឈើ​ សាច់​សត្វ​​ គ្រាប់​ធញ្ញជាតិ​ ស៊ុត​ និង​ ប្រេង​ស្រូវ​សាឡី​ព្រម​ទាំង​មាន​ជា​អាហារ​បំប៉ន​ផង​ដែរ។ ម៉្យាង​វិញ​ទៀត​ វិតាមីន E ជួយ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​ខ្វះ​វីតាមីន​E​ដោយ​សារ​តែ​កត្តា​ហ្សែន​និង​ទារក​កើត​មុន​ខែ​ដែល​មាន​ទម្ងន់​ស្រាល​ខ្លាំង​។

មនុស្ស​មួយ​ចំនួន​បាន​ប្រើប្រាស់​វីតាមីន​E​សម្រាប់​ព្យាបាល​ និង​ បង្ការ​ជម្ងឺ​ដែល​ទាក់ទង​នឹង​បេះដូង​និង​សរសៃ​ឈាម​​ដូចជា​ ជំងឺ​ឡើង​រឹង​នៃ​សរសៃ​អាកទែ​ ជម្ងឺ​គាំង​បេះដូង​ ជំងឺ​ឈឺ​ចុក​ទ្រូងជំងឺ​ឈឺ​ជើង​ដោយ​សារ​តែ​ការ​ស្ទះ​សរសៃ​អាកទែ​ និង​ ជំងឺ​លើស​សំពាធ​ឈាម

វីតាមីន E ក៏​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម និង​ផលវិបាក​របស់​វា។ វីតាមីន E ក៏​ត្រូវ​ប្រើ​ដើម្បី​ការពារ​ជំងឺ​មហារីក ដូច​ជា មហារីក​សួត និង​មាត់ ចំពោះ​អ្នក​ជក់បារី មហារីក​ពោះវៀនធំ​ (Colorectal Cancer) និង Polyps (សាច់​ជាលិកា​តូច​ដែល​ច្រើន​ដុះ​ឡើង​នៅ​ក្នុង​ពោះវៀន​ធំ) និង​មហារីក​លើ ក្រពះ ក្រពេញ​ប្រូស្តាត និង​លំពែង។

ម៉្យាង​វិញ​ទៀត​ វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​ជំងឺ​បង្ក​ដោយ​ខួរ​ក្បាល​និង​ប្រព័ន្ធ​ប្រសាទ​ដូចជា​ ជំងឺ Alzheimer​ ជំងឺ​បាត់បង់​ការ​ចង​ចាំ​ ជំងឺ​Parkinson​ រមួល​ក្រពើ​ពេល​យប់​ ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ និង​ ព្យាបាល​ស្គន់​ជាន់​រួម​ជា​មួយ​ថ្នាំ​ផ្សេង​ទៀត។ ក្រៅ​ពី​ជំងឺ​ខាង​លើ​នេះ​ វីតាមីន​E​ក៏​ប្រើ​សម្រាប់​ជំងឺ​Huntington’s chorea​ និង​ជំងឺ​ដែល​បង្ក​ដោយ​ប្រព័ន្ធ​ប្រសាទ​និង​សាច់​ដុំ​ផង​ដែរ។

សម្រាប់​ស្ត្រី​វិញ វីតាមីន E ប្រើ​សម្រាប់​បង្ការ​ផល​វិបាក​នៃ​ការ​មាន​ផ្ទៃ​ពោះ​យឺត (Late pregnancy) ដោយ​សារ ការ​កើន​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃ​ពោះ (Pre-eclampsia) បណ្ដុំ​រោគ​សញ្ញា​ពេល​មុន​មក​រដូវ (PMS) ឈឺ​ចាប់​ពេល​មក​រដូវ អាការៈ​ពេល​អស់​រដូវ ក្ដៅ​ក្រហាយ​ដោយ​សារ​មហារីក​ដោះ និង​គីស​សុដន់។

ពេល​ខ្លះ​វីតាមីន E ប្រើ​ដើម្បី​បន្ថយ​ប្រសិទ្ធ​ភាព​គ្រោះ​ថ្នាក់​ នៃ​ការ​ព្យាបាល​ដូច​ជា ការ​លាង​ឈាម និង​វិទ្យុសកម្ម។ វីតាមីនE ក៏​ប្រើ​ដើម្បី​បន្ថយ​ផល​រំខាន​ដែល​មិន​ចង់​បាន ដូច​ជា​ជ្រុះសក់ ចំពោះ​អ្នក​ជំងឺ​ដែល​ប្រើ ថ្នាំ Doxorubicin និង​ការ​ខូច​ខាត​សួត​ដោយ​សារ លេប​ថ្នាំ amiodarone

វីតាមីន E ពេល​ខ្លះ​ប្រើ​ដើម្បី​បង្កើន​កំលាំង​រាង​កាយ បង្កើន​ថាមពល បន្ថយ​ការ​ខូច​ខាត​របស់​សាច់ដុំ បន្ទាប់​ពី​ហាត់​ប្រាណ​រួច និង​បង្កើន​កំលាំង​សាច់ដុំ។

វីតាមីនE ​ក៏​ប្រើ​ដើម្បី​ព្យាបាល ជំងឺ Cataracts ហឺត ការ​បង្ក​រោគ​លើ​ស្បែក​ ជំងឺ​ស្បែក ស្បែក​ជ្រីវជ្រួញ រលាក​ពន្លឺ​ថ្ងៃ ជំងឺ Cystic fibrosis បញ្ហា​អត់​មាន​កូន (Infertility) លិង្គ​មិន​ឡើង​រឹង (Impotence) បណ្ដុំ​រោគ​សញ្ញា​ហត់​រ៉ាំ​រ៉ៃ (CFS) ដំបៅ​ក្រពះ (Peptic ulcer) ជំងឺ​តំណ​ពូជ​ខ្លះ និង​ការពារ​បញ្ហា​អាលែកហ្ស៊ី​។

អ្នក​ខ្លះ​លាប វីតាមីន E នៅ​លើ​ស្បែក​ដើម្បី​រក្សា​ស្បែក​កុំ ឲ្យឆាប់​​ចាស់ និង​ការ​ពារ​ប្រឆំាង​នឹង សារធាតុ​គីមី​ប៉ះ​ពាល់​ស្បែក​ពេល​ព្យាបាល​ជំងឺ​មហារីក (Chemotherapy)

តើ​វីតាមីនEមាន​មុខងារ​យ៉ាង​ដូច​ម្ដេច?

មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយបញ្ជាក់ច្បាស់លាស់​​អំពី​មុខ​ងារ​ធ្វើ​ការ​នៃ​វីតាមីន​E​នោះ​ទេ។​ ដូច្នេះ​សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន​ ដោយ​គ្រាន់​តែ​ដឹង​ថា​វីតាមីនE ​​គឺ​ជា​វីតាមីន​មាន​សារៈ​សំខាន់​ចំពោះ​​មុខ​ងារ​របស់​សរីរាង្គ​ជា​ច្រើន​ក្នុង​រាងកាយ​ត្រូវ​ការ។ ម៉្យាង​វិញ​ទៀត​ វីតាមីន​E​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​រាងកាយ​និង​ពន្យឺត​ដំណាក់​កាល​ដែល​ធ្វើ​ឲ្យ​កោសិកា​ខូច​ខាត។

ស្វែងយល់ពីការហាមឃាត់ និងការ​ប្រុងប្រយ័ត្ន

តើ​យើង​គួរ​យល់​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើប្រាស់​វីតាមីន​E?

ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថការី​ប្រសិន​បើ:

  • អ្នក​ជា​ស្រ្ដី​មាន​គភ៌​ឬ​កំពុង​បំបៅ​ដោះ​កូន ព្រោះ​អំឡុង​​ពេល​នេះ អ្នក​អាច​ប្រើ​ថ្នាំ​បាន​ តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ប៉ុណ្ណោះ។
  • អ្នក​ប្រើប្រាស់​ឱសថ​អ្វី​ផ្សេង​ទៀត​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​សារជាតិ​នៃ​វីតាមីន​K​ឬ​ឱសថ​ពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​
  • អ្នក​មានជំងឺ​ផ្សេងៗ​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​អាហារ​សារជាតិ​បន្ថែម​ពណ៌​ និង​ សារជាតិ​រក្សា​អាហារ​ទុក​ឲ្យ​បាន​យូរ​ ឬ​ សត្វ​

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

តើ​វីតាមីន​Eមាន​សុវត្ថិភាព​កម្រិត​ណា?

វីតាមីន​E​គឺ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​មាន​សុខភាព​ល្អ​នៅ​ពេល​ដែល​ទទួល​ទាន​តាម​មាត់​ ឬ​ ប្រើ​ប្រាស់​លើ​ស្បែក។​ ក្រៅ​ពី​នេះ​ទៀត​ វីតាមីនE ក៏​មិន​បង្ក​ផល​ប៉ះពាល់​ដែរ​ប្រសិន​បើ​អ្នក​ទទួល​ទាន​តាម​ការ​ណែនាំ​ទៅ​តាម​កម្រិត​ប្រចាំ​ថ្ងៃ​១៥​មិល្លីក្រាម។

វីតាមីនE ​នេះ​អាច​នឹង​មិន​មាន​សុវត្ថិភាព​បើ​ប្រើ​ក្នុង​កម្រិត​ខ្ពស់។ ប្រសិន​បើ​យើង​មាន​ជំងឺ​បេះដូង​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ ហាម​ទទួល​ទាន​លើស​កម្រិត​៤០០​ IU​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ការ​ស្រាវ​ជ្រាវ​ខ្លះ​បង្ហាញ​ថា​កម្រិត​វីតាមីនE ​​កាន់​តែ​ខ្ពស់ អាច​បង្ក​ឲ្យ​​កើន​ឡើង​ឱកាស​​ស្លាប់ ហើយ​អាច​បណ្ដាល់​ឲ្យ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។ កម្រិត​ថ្នាំ​កាន់​តែ​ខ្ពស់ កម្រិត​គ្រោះ​ថ្នាក់​គឺ​កាន់​តែ​ធំ។

មាន​ការ​បារម្ភ​ថា​វីតាមីន E អាច​បង្កើន​ឱកាស​ឲ្យ​មាន​បញ្ហា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​នាំ​ឲ្យ​​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល (Hemorrhagic stroke)។ ការ​ស្រាវជ្រាវ​ខ្លះ​បង្ហាញ​ថា ការលេប​វីតាមីន E ក្នុង​កម្រិត ​ពី​៣០០​ទៅ​៨០០​ IU​ជា​រៀង​រាល់​ថ្ងៃ​ នឹង​អាច​បង្កើន​ឱកាស​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ទៅ​ដល់​២២​ភាគរយ។ ផ្ទុយ​ទៅវិញ វីតាមីន E អាច​កាត់​បន្ថយ​ឱកាស​កុំ​អោយ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (ischemic stroke) ​ដែល​មិន​ហូរ​ឈាម​ទៅ​វិញ។

មាន​ព័ត៌មាន​ខុស​គ្នា​ពី​ប្រសិទ្ធ​ភាព​របស់​វីតាមីន E លើ​ឱកាស​ដែល​នាំ​អោយ​វិវឌ្ឍ​ជា​មហារីក​ក្រពេញ​ប្រូស្តាត។ ការ​ស្រាវ​ជ្រាវ​ខ្លះ បង្ហាញ​ថា ការ​ញ៉ាំ​វីតាមីន​ជាច្រើន (Multivitamin) ក្នុង​កម្រិត​មួយ​ខ្ពស់​ខ្លាំង ថែម​ទាំង​ញ៉ាំ​អាហារ​បំប៉ន វីតាមីន E ដាច់ដោយលែក អាច​បណ្ដាល​ឲ្យ​​កើន​ឡើង​ឱកាស​ដែល​នាំ​ឲ្យ​​​មាន​មហារីក ក្រពេញ​ប្រូស្តាត​ចំពោះ​បុរស។

ការ​ព្រមាន​ និង​ ការ​ប្រុង​ប្រយ័ត្ន​ជា​មុន:

ស្រ្ដី​មាន​គភ៌៖ នៅ​ពេល​ទទួល​ទាន​តាម​ចំនួន​ណែនាំ​ប្រចាំ​ថ្ងៃ​វីតាមីន​E​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​សម្រាប់​ស្ដ្រី​មាន​គភ៌។ មាន​ការ​ព្រួយ​បារម្ភ​ខ្លះដែល​នាំ​ឲ្យប៉ះ​ពាល់​ដល់​ទារក​ទាក់ទង​នឹង​ការ​លេប​វីតាមីន E នៅ​ខែ​តំបូង​ពេល​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​នៅ​មិនទាន់​អាច​ដឹង​ថា​ការ​ព្រួយ​បារម្ភ​នេះ​ពិត​ឬ ក៏​អត់​នោះ​ទេ។ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​ពេល​ប្រើ​ថ្នាំ​នេះ​នៅ​ពេល​មាន​គភ៌​នៅ​ត្រីមាស​ដំបូង

ស្រ្ដី​បំបៅ​ដោះ​៖ វីតាមីន​E​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​សម្រាប់​ស្ដ្រី​បំបៅ​ដោះ​កូននៅ​ពេល​ទទួល​ទាន​តាម​មាត់​តាម​ចំនួន​ណែនាំ​ប្រចាំ​ថ្ងៃ។

ទារក​និង​កូន​ក្មេង៖ មាន​សុវត្ថិភាព​នៅ​ពេល​ទទួល​ទាន​តាម​មាត់​ ហើយ​បរិមាណ​អតិបរមា​ដែល​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​សម្រាប់​កុមារ​នោះ​គឺ​ពឹង​ផ្អែក​ទោ​តាម​អាយុ​ដូចជា:

  • តិច​ជាង​២០០​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ​អាយុចន្លោះ​ពី​១​ទៅ​៣​ឆ្នាំ
  • តិច​ជាង​០០​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ​អាយុ​ចន្លោះ​ពី​៤ទៅ៨ឆ្នាំ
  • តិច​ជាង​៦០០​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ​អាយុ​ចន្លោះ​ពី​៩ទៅ១៣ឆ្នាំ
  • តិច​ជាង​៨០០​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារអាយុ​​ចន្លោះ​ពី១៤ទៅ១៨ឆ្នាំ

ហើយ​សម្រាប់​ការ​ចាក់​វីតាមីន​E​ (Alpha-tocopherol)តាម​សរសៃ​វ៉ែន​ទៅ​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​ក្នុង​កម្រិត​ខ្ពស់​គឺ​គ្មាន​សុវត្ថិភាព​នោះ​ទេ។

ទម្រង់​ការ​នៃ​ការ​វះកាត់​បេះដូង:ជៀសវាង​អាហារ​បំប៉ន​ដូចជា​ វីតាមីន​E​ ឬ​ ពពួក​វីតាមីន​Antioxidant ដទៃ​ទៀត (Beta carotene វីតាមីន​C)​ជា​បន្ទាន់​ និង​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ ព្រោះ​វីតាមីន​នេះ​អាច​ប៉ះពាល់​ដល់​ការ​ជាសះ​ស្បើយ​។

ជំងឺ​ទឹក​នោម​ផ្អែម៖ វីតាមីន E អាច​បង្កើន​ហានិភ័យ​នៃ​អាការ​ខ្សោយ​បេះដូង ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺ​ទឹក​នោមផ្អែម​គួរ​ជៀស​វាង​ប្រើ​វីតាមីន E ក្នុង​កម្រិត​ខ្ពស់។

ជំងឺ​គាំង​បេះ​ដូង វីតាមីន​E​អាច​ធ្វើ​ឲ្យ​កើន​ហានិភ័យ​រហូត​ដល់​ស្លាប់ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​គាំង​បេះដូង​ពី​មុន​មក។

កម្រិត​វីតាមីន​ K ទាប៖ វីតាមីន​E​អាច​ធ្វើ​ឲ្យ​បញ្ហា​កំណក​ឈាម​កាន់​តែ​អាក្រក់​ឡើង​ចំពោះ​អ្នក​ដែល​មាន​វីតាមីន​K​ក្នុង​ខ្លួន​ទាប។

មាន​ជំងឺ​ភ្នែក​retinitis​ pigmentosa All-rac-alpha-tocopherol (វីតាមីន E សំយោគ) ៤០០ IU ធ្វើ​ឲ្យ​បាត់​បង់​ការ​មើល​ឃើញ​កាន់​តែ​លឿន​ចំពោះ​អ្នក​ជំងឺ Retinitis pigmentosa។ ទោះ​យ៉ាង​នេះ​ក្ដី​កម្រិត​តិច​តួច (IU) មិន​អាច​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះពាល់​ទេ។ ប្រសិន​បើ​យើង​មាន​ជំងឺ​នេះ ចូរ​ចៀសវាង​ប្រើ​វីតាមីន E

បញ្ហា​លំហូរ​ឈាម៖ វីតាមីន E អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​កាន់​តែ​អាក្រក់។ ប្រសិន​បើ​មាន​បញ្ហា​លំហូរ​ឈាម សូម​ជៀសវាង​ការ​ប្រើ​ថ្នាំ​បំប៉ន វីតាមីន E

មហារីក​ក្បាល​និង​ក៖ ហាម​ទទួលទាន​វីតាមីន​E​នៅ​ក្នុង​កម្រិត​៤០០​IU​ឬ​លើស​ពី​នេះ​ក្នុង​មួយ​ថ្ងៃ។ វីតាមីន​នេះ​អាច​បង្កើន​ឲ្យ​មាន​ឱកាស​កើត​មហារីក​ម្ដង​ទៀត។

មហារីក​ក្រពេញ​ប្រូស្ដាត:៖ ការ​ទទួល​ទាន​វីតាមីន​E​អាច​នឹង​បង្កើន​ឱកាស​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​ចំណែក​បុរស​ដែល​មាន​ជំងឺ​មហារីក​នេះ​ស្រាប់​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តេ​អាក្រក់​ឡើង។

ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៖  វីតាមីន​E​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​បាន​សម្រាប់​អ្នក​ដែល​មាន​ប្រវត្តិ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ពី​មុន​មក។

ការ​វះកាត់៖ វីតាមីន​E​បង្កើន​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​អំឡុង​ពេល​និង​ក្រោយ​ពេល​វះកាត់​ ដូចនេះ​ឈប់​ប្រើប្រាស់​វា​ហោច​ណាស់​២​សប្ដាហ៍​មុន​ការ​ធ្វើ​ការ​វះកាត់។

ស្វែងយល់ពីផលរំខាន

តើ​ផល​ប៉ះពាល់​នៃ​វីតាមីន​E​មាន​អ្វី​ខ្លះ?

ការ​ប្រើប្រាស់​វីតាមីន​E​ក្នុង​កម្រិត​ខ្ពស់​អាច​បណ្ដាល​ឲ្យ​ក្អួត​ចង្អោរ​​ រាក​ រមួល​ពោះ​ អស់​កម្លាំង​ ចុះ​ខ្សោយ​ ឈឺ​ក្បាល​ ស្រវាំង​ភ្នែក​ មាន​កន្ទួល​រមាស់​ ស្នាម​ជាំ​ និង​ហូរ​ឈាម។

មនុស្ស​ភាគ​ច្រើន​មិន​ជួប​ប្រទះ​នូវ​បញ្ហា​ផល​ប៉ះពាល់​ពេល​ទទួល​ទាន​វីតាមីន​តាម​ចំនួន​ការ​ណែនាំ​ប្រចាំ​ថ្ងៃ​នោះ​ទេ​ប៉ុន្តែ​ប្រសិន​បើយើង​​មាន​ចម្ងល់​អំពី​ផល​ប៉ះ​ពាល់​សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

តើ​វីតាមីន​E​អាច​មាន​អន្តរ​កម្ម​មក​លើ​រាងកាយយើងដូច​ម្ដេច​ខ្លះ?

វីតាមីន​E​អាច​មាន​អន្តរកម្ម​ជាមួយ​ឱសថ​បច្ចុប្បន្ន​ដែល​យើង​កំពុង​ប្រើប្រាស់​ ដូច្នេះ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​នឹង​ប្រើ​ប្រាស់។ ផលិត​ផល​ដែល​អាច​មាន​អន្តរ​កម្ម​ជាមួយ​វីតាមីន​E​រួមមាន:

  • Cyclosporine (Neoral, Sandimmune)

ការ​ទទួល​ទាន​វីតាមីនE ក្នុង​បរិមាណ​ច្រើន​ជាមួយ​ថ្នាំ cyclosporine អាច​ធ្វើ​ឲ្យ​សារ​ជាតិ​ថ្នាំ​cyclosporine ឆាប់​មាន​ប្រសិទ្ធភាព​និង​មាន​ផល​ប៉ះពាល់​ច្រើន​នៅ​ពេល​ដែល​រាងកាយ​ស្រូប​យក។

  • ថ្នាំ​ដែល​ប្រែ​ប្រួល ដោយ​ថ្លើម (Cytochrome P450 3A4 (CYP3A4) substrates)

ថ្នាំ​ខ្លះ​ធ្វើ​ការ​បំបែក​និង​ផ្លាស់​ប្ដូរ​ទម្រង់​របស់​វា​ដោយ​សារ​ថ្លើម។ វីតាមីន E អាច​បង្កើន​សមត្ថភាព​ថ្លើម​ឲ្យ​បំបែក​ថ្នាំ​ទាំង​នោះ​លឿន​ជាង​ធម្មតា។ បើ​ថ្នាំ​ទាំង​នេះ​លេប​អម​ជាមួយ​វីតាមីន E អាច​ធ្វើ​ឲ្យ​​ប្រសិទ្ធ​ភាព​ថ្នាំ​ទាំង​នេះ​ធ្លាក់​ចុះ។ ដូច​នេះ​មុន​ប្រើ​ថ្នាំ​ទាំង​នេះ​រួម​គ្នា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ ថ្នាំ​ដែល​ធ្វើ​ការ​ប្រែប្រួល​នៅ​ក្នង​ថ្លើម​មាន​ដូចជា​ lovastatin (Mevacor), ketoconazole (Nizoral), itraconazole (Sporanox), fexofenadine (Allegra), triazolam (Halcion)​និង​ជា​ច្រើន​ទៀត។

  • ថ្នាំ​សម្រាប់​ជំងឺ​មហារីក​(ការ​ព្យាបាល​បែប​គីមី)

វីតាមីន E ជាពពួក​ Antioxidant ។ មាន​ការ​ព្រួយ​បារម្ភ​ថា​ពពួក​ Antioxidant អាច​ធ្វើ​ឲ្យ​​ថយ​ប្រសិទ្ធ​ភាព​របស់ថ្នាំ​ខ្លះ​ដែល​ព្យាបាល​មហារីក។ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ពី​អន្តរកម្ម​ថ្នាំ​កើត​ឡើង​នៅ​ឡើយ​ទេ។

  • ថ្នាំ​ដែល​ធ្វើ​ឲ្យកំណក​ឈាម​យឺត (Anticoagulant/ Antiplatelet drugs)

វីតាមីន E អាច​ធ្វើ​អោយ​ឈាម​ក្រ​កក។ លេប​ថ្នាំ​នេះ ជា​មួយ​វីតាមីន E អាច​ធ្វើ​ឲ្យ​​ឈាម​កាន់​តែ​ក្រ​កក ដែល​នាំ​ឲ្យ​​កើន​ឡើង​ឱកាស​មាន​ការ​ហូរ​ឈាម និង​មាន​របួស។ ថ្នាំ​មួយ​ចំនួន​ដែល​ធ្វើ​កំណក​ឈាម​យឺត​មាន​ដូចជា​ aspirin, clopidogrel (Plavix), diclofenac (Voltaren, Cataflam, others), ibuprofen (Advil, Motrin, others), naproxen (Anaprox, Naprosyn, others), dalteparin (Fragmin), enoxaparin (Lovenox), heparin, warfarin (Coumadin)​និង​ថ្នាំ​ផ្សេង​ទៀត។

ការ​ប្រើ​ពពួក វីតាមីន E ថ្នាំ Beta-carotene វីតាមីន C និង សេលេនីញ៉ូម ជាមួយ​គ្នា អាច​ធ្វើ​ឲ្យ​​ថយ​ឥទ្ធិពល​ថ្នាំខ្លះ​ដែល​សម្រក​កូលេស្តេរ៉ូល។ គេ​មិន​ទាន់​ដឹង​ថា​ប្រើ​វីតាមីន E តែ​មួយ​មុខ​អាច​បន្ថយ​ប្រសិទ្ធ​ភាព​ថ្នាំ​នេះ​នៅ​ឡើយ​ទេ។ ថ្នាំ​ដែល​ជួយ​សម្រក​ជាតិ​កូឡេស្តេរ៉ូល​មាន​ដូចជា​ atorvastatin (Lipitor), fluvastatin (Lescol), lovastatin (Mevacor), និង pravastatin (Pravachol)

  • Niacin

លេប​វីតាមីន E ជាមួយ Beta-carotene វីតាមីន C និង​សេលេនីញ៉ូម អាច​ធ្វើ​ឲ្យ​ថយ​ប្រសិទ្ធ​ភាព​របស់​ NiacinNiacin អាច​បង្កើន​សារធាតុ កូលេស្តេរ៉ូល ល្អ។ លេប​វីតាមីន​E ជាមួយ​ថ្នាំ​ទាំង​នោះ នឹង​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​សារធាតុ​ កូលេស្តេរ៉ូល​ល្អ។

  • Warfarin (Coumadin)

Warfarin ប្រើ​សម្រាប់​ពន្យឺត​កំណក​ឈាម ហើយ​វីតាមីន E ក៏​មាន​សកម្មភាព​ដូច​គ្នា​ដែរ។ ការ​ប្រើប្រាស់​ថ្នាំ​wafarin​ជាមួយ​វីតាមីន​E​អាច​បង្កើន​ឱកាសឲ្យហូរ​ឈាម​ និង​មាន​ស្នាម​របួស​កាន់​តែ​ខ្លាំង។​ ត្រូវ​ប្រាកដ​ថា​បាន​ធ្វើ​តេស្ត​ឈាម​ទៀត​ទាត់ ហើយ​កម្រិត​របស់​ថ្នាំ Warfarin ប្រហែល​នឹង​អាច​ត្រូវ​ផ្លាស់ប្ដូរ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​ជូននេះ​មិន​មែន​ជា​នៃ​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។

របៀប​នៃ​ការ​ប្រើប្រាស់​វីតាមីន​E

កម្រិត​ការ​ប្រើប្រាស់​ខាងក្រោម​ដែល​បាន​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ:

តាម​មាត់:

  • សម្រាប់​អ្នក​ដែល​មាន​វីតាមីន​E​ចុះ​ខ្សោយ:កម្រិត​ RRR-alpha tocopherol (natural vitamin E) សម្រាប់​មនុស្ស​ពេញ​វ័យ​គឺ​៦០៧៥​IU​ក្នុង​មួយ​ថ្ងៃ
  • សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ចលនា​tardive​ dyskinesia: RRR-alpha tocopherol (natural vitamin E) ១៦០០​IU​ក្នុង​មួយ​ថ្ងៃ
  • សម្រាប់​បុរស​ចង់​បាន​កូនអាចប្រើវីតាមីន​E​២០០៦០០​IU​ក្នុង​មួយ​ថ្ងៃ
  • សម្រាប់​អ្នក​ជំងឺ​Alzheimer អាច​ប្រើ​ចាប់ពី ២០០០​IU​ក្នុង​មួយ​ថ្ងៃ ឡើង​ទៅ។ ការ​ព្យាបាល​អម​ជាមួយ​ថ្នាំ Donepezil (Aricept) ៥ មិល្លីក្រាម និង​វីតាមីន E ១០០០IU ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ពន្យឺត​ការ​បាត់​បង់​ការ​ចងចាំ​របស់​អ្នក​ជំងឺ Alzheimer
  • សម្រាប់​អ្នក​ជំងឺ​ថ្លើម​ដែល​មិន​ផឹក​ស្រា​steatohepatitis ប្រើ៨០០​IU​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ពេញ​វ័យ​ និង​៤០០១២០០​IU​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ។
  • សម្រាប់​អ្នក​ជំងឺ Huntington’s chorea ដំណាក់​កាល​ដំបូង RRR-alpha-tocopherol (natural vitamin E) ៣០០០​IU
  • សម្រាប់​អ្នក​ឈឺ​រលាក​សន្លាក់​rheumatoid ប្រើ​វីតាមីន​E​ ៦០០​IU​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។
  • សម្រាប់​បង្ការ​ការ​ខូច​ខាត​ប្រព័ន្ធ​ប្រសាទ​ដោយ​cisplatin ប្រើ​វីតាមីន​E​(alpha-tocopherol) ​៣០០ មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​ជាមួយ​ការ​ព្យាបាល​បែប​គីមី​ និង ​៣​ខែ​បន្ទាប់​ទៀត​ក្រោយ​ពី​ឈប់​ការ​ព្យាបាល​ជំងឺ​cisplatin
  • សម្រាប់​បង្កើន​ប្រសិទ្ធភាព​នីត្រាត​ប្រើ​លើ​ជំងឺ​បេះដូង ប្រើ​វីតាមីន​E​២០០​មីលីក្រាម​៣​ដង​ក្នុង​មួយ​ថ្ងៃ។
  • សម្រាប់​កាត់​បន្ថយ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​កូន​ក្មេង​ហៅ​ថា focal ​segmental ​glomerulosclerosis ប្រើ​វីតាមីន​E​២០០​IU
  • សម្រាប់​ស្ថានភាពG6PD​ចុះ​ខ្សោយ ប្រើ​វីតាមីន​E​ ៨០០​IU​ក្នុង​មួយ​ថ្ងៃ។
  • សម្រាប់​អាការៈមុន​មក​រដូវ (​PMS) ប្រើ RRR-alpha-tocopherol (natural vitamin E) ​៤០០​IU​ក្នុង​មួយ​ថ្ងៃ
  • សម្រាប់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ ប្រើ​វីតាមីន​E​2២០០​IU​២​ដង​ក្នុង​មួយ​ថ្ងៃ​ឬ​៥០០IU​ ក្នុង​មួយ​ថ្ងៃ​ដោយ​ចាប់​ផ្ដើម​២​ថ្ងៃ​មុន​មាន​រដូវ​បន្ទាប់​មក​បន្ដ​រយៈ​ពេល​៣​ថ្ងៃ​ដំបូង​នៃ​ការ​ធ្លាក់​ឈាម។
  • សម្រាប់​ព្យាបាល​ភ្នែក​ក្រោយ​ការ​វះកាត់​keratectomy ប្រើ​២៣០​មីលីក្រាម​ប្រើ​វីតាមីន​E​(alpha-tocopheryl nicotinate)​ និង​វីតាមីន​A​(retinol palmitate)​២៥០០០ Unit ដែល​ត្រូវ​ប្រើ​៣​ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​៣០​ថ្ងៃ​ហើយ​បន្ត​ដោយ​២​ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈ​ពេល​២​ខែ។
  • សម្រាប់ជំងឺ Fibrosis ដែល​បណ្ដាល​មក​ពី​វិទ្យុ​សកម្ម ប្រើ​វីតាមីន​E ​១០០០​IU​ក្នុង​មួយ​ថ្ងៃ​លាយ​ជាមួយ​នឹង​ថ្នាំ​pentoxifylline ៨០០​មីលីក្រាម
  • សម្រាប់​ជំងឺ​beta-thalassemia ប្រើវីតាមីន​E​៧៥០​IU​ក្នុង​មួយ​ថ្ងៃ
  • សម្រាប់​បង្ការ​ការ​រលាកដោយ​កម្ដៅ​​ថ្ងៃ ប្រើ RRR-alpha-tocopherol (natural vitamin E) ១០០០​IU​លាយ​ជាមួយ​២​ក្រាម​នៃ​អាស៊ីដ ​ascorbic (វីតាមីន C)
  • សម្រាប់​បង្ការ​ជំងឺ​លើស​សំពាធ​ឈាម​អំឡុង​ពេល​មាន​គភ៌ (Pre-eclampsia) ចំពោះ​មនុស្ស​ស្រី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់ ប្រើ​វីតាមីន​E​៤០០​IU​ជាមួយ​វីតាមីន​C​១០០០​ មីលីក្រាម​ក្នុង​មួយ​ថ្ងៃ។

ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ជាការ​ល្អ​យើង​គួរ​តែ​ទទួលទាន​វីតាមីន​E​ជាមួយ​នឹង​អាហារ។

កម្រិត​នៃ​ការ​ទទួល​ទាន​វីតាមីន​E​អាច​មាន​ភាព​ខុស​គ្នា​រាល់​អ្នក​ជំងឺ​ម្នាក់ៗ​ ដែល​វា​អាស្រ័យ​ទៅ​លើ​អាយុ​ សុខភាព​រាងកាយ​ និង​ ស្ថានភាព​ផ្សេង​ទៀត​នៃ​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​អាហារ​បំប៉ន​មិន​មែន​តែង​តែ​មាន​សុវត្ថិភាព​នោះ​ទេ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​កម្រិត​ប្រើប្រាស់​សមស្រប។

តើ​វីតាមីន​E​ មាន​ទម្រង់​ប្រភេទ​យ៉ាង​ដូច​ម្ដេច?

វីតាមីន​E​អាច​រក​ជាវ​បាន​ក្នុង​ទម្រង់​ប្រភេទ​ជា៖

  •  មាន​ស្រាប់​ក្នុង​អាហារ​មួយ​ចំនួន
  • ជែល​ទន់
  • កាប់​ស៊ុល

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamin E https://www.webmd.com/vitamins-supplements/ingredientmono-954-VITAMIN+E.aspx Accessed January 16, 2018

Vitamin E https://www.drugs.com/vitamin_e.html  Accessed January 16, 2018

កំណែ​ប្រែបច្ចុប្បន្ន

14/01/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម