backup og meta

Soy (សណ្ដែកសៀង)

Soy (សណ្ដែកសៀង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- សណ្ដែកសៀងប្រើ​ដើម្បី​អ្វី?

សណ្ដែកសៀង អាចចម្រាញ់ដើម្បី​យក​មក​​ប្រើ​ជា​ថ្នាំ ព្យាបាល​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ដូចជា៖

– ឡើង​កូលេស្តេរ៉ូល​ក្នុង​ឈាម

– ឡើង​សម្ពាធ​ឈាម

– ជំងឺ​លើ​បេះដូង និង​ប្រព័ន្ធ​សរសៃ​ឈាម

– ទឹក​នោម​ផ្អែម​ប្រភេទ​ ២

– ជំងឺ​ហឺត

ជំងឺ​មហារីកលំពែង

– មហារីកស្រទាប់​អង់ដូម៉ែត្រ (Endometrial Cancer)

មហារីកក្រពេញប្រូស្តាត

– មហារីក​ក្រពេញ​ទីរ៉ូអ៊ីត

ជំងឺ​ពុក​ឆ្អឹង (Osteoporosis)

– ជំងឺ​តម្រង​នោម​វិវត្តន៍​ទៅ​មុខ

– ទល់​លាមក

– រាក​រូស

– ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​ (ចំពោះ​អ្នក​ជំងឺ​តម្រង​នោម)

– ឈឺ​សាច់​ដុំ ដោយ​សារ​ការ​ហាត់​ប្រាណ

– ឈឺ​សុដន់

– មហារីកសុដន់

– ឡើង​ក្ដៅ​ក្រហម​ដោយ​សារ​មហារីក​សុដន់

– រោគ​សញ្ញា​អស់​រដូវ

– បណ្ដុំ​រោគ​សញ្ញា​ជិត​អស់​រដូវ (PMS)

សណ្ដែកសៀង អាច​នឹង​ត្រូវប្រើ​​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ​សូមពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- សណ្តែក​សៀង​ដំណើរ​ការ​យ៉ាង​ម៉េច?

សណ្ដែកសៀង មាន​សារធាតុ អ៊ីហ្ស៊ូផ្លាវូន (Isoflavones) ហើយ​​​ពេល​សារធាតុ​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​ នឹង​ប្រែ​ជា សារធាតុ “Phytoestrogens” ​វា​ស្រដៀង​នឹង​អ័រម៉ូន​អឺស្ត្រូជែន (Estrogen) ដូច​គ្នា។

សូម​ពិគ្រោះ​បន្ថែម​ជាមួយ​នឹង​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើសណ្ដែកសៀងជា​ថ្នាំ?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​យើង​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។

– ​មាន​ប្រតិកម្ម​ជាមួយសណ្តែក​សៀង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ។

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ។

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ ចាំថា គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា ហើយ​សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។

៤- សណ្ដែកសៀងមាន​សុវត្ថិភាព​ដែរ​ទេ?

– ចំពោះ​ក្មេងៗ៖ សណ្ដែកសៀង អាច​នឹង​មាន​សុវត្ថិភាព​ បើ​ប្រើ​ចំពោះ​ក្មេង ​និង​ទារក ​ក្នុង​កម្រិត​ជា​ចំណី​អាហារ ​និង​ទឹក​ដោះ​គោ​សម្រាប់​ទារក។ មិន​ត្រូវ​ឲ្យ​ក្មេង​ប្រើ​កម្រិត​ច្រើន​ជាង​កម្រិត​​រៀប​រាប់​ខាង​លើ​នេះ​ឡើយ ព្រោះការ​​ស្រាវជ្រាវ​ នៅ​មិន​ទាន់​ដឹង​ថា​ ​វា​មាន​សុវត្ថិភាព​ ឬ​អត់​ ​នៅ​ពេល​ប្រើ​ក្នុង​កម្រិត​ច្រើន។

– ស្រីៗពពោះ​ និង​បំបៅ​ដោះ​កូន៖ ប្រូតេអ៊ីន​ក្នុង​សណ្ដែកសៀង ​មាន​សុវត្ថិ​ភាព​ចំពោះ​ស្រីៗ​ពពោះ​ និង​បំបៅ​ដោះ​កូន​នៅ​ពេល​​ប្រើ​ក្នុង​កម្រិត​ធម្មតា ឬ​កម្រិត​អាហារ​ប្រចាំ​ថ្ងៃ។ ទោះ​យ៉ាង​នេះ​ក្ដី អាច​នឹង​មិន​មាន​សុវត្ថិភាព ​បើ​ប្រើ​ក្នុង​កម្រិត​ជា​ថ្នាំ​ព្យាបាលអំឡុង​ពេល​ពពោះ។ ពេល​ប្រើ​លើស​កម្រិតអំឡុង​ពេល​ពពោះ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ការ​វិវត្តរបស់​ទារក​ក្នុង​ផ្ទៃ។ យ៉ាង​ណា នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​កម្រិត​ខ្ពស់ ​អំឡុង​ពេល​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព សូម​ចៀសវាង​ប្រើ​ក្នុង​កម្រិត​ខ្ពស់។

ស្វែង​យល់​ពី​ផលរំខាន

៥- សណ្តែក​សៀង​មាន​ផល​រំខាន​អ្វី​ខ្លះ?

សណ្ដែកសៀង អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​តិច​តួច​ ដូច​ជា ទល់​លាមក ហើម​ពោះ និង​ចង្អោរ អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ដូច​ជា ​ឡើង​កន្ទួល​រមាស់ ចំពោះ​មនុស្ស​មួយ​ចំនួន។

មិន​មែន​គ្រប់​គ្នា​ សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើមាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- សណ្ដែកសៀងមាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

សណ្ដែកសៀង អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ ឬ​ស្ថាន​ភាព​ជំងឺ​យើង​កំពុង​មាន។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ​ឬ​គ្រូឱសថ​បុរាណ​មុន​នឹង​ប្រើ។ បញ្ហា​សុខភាព និង​ថ្នាំ​ទាំង​នោះ​ ដែល​អាច​មាន​អន្តរ​កម្ម​ជា​មួយ​សណ្តែក​សៀង​ រួម​មាន៖

– ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត (ពពួក​ថ្នាំ MAOIs)៖ ផលិត​ផល​ពី​សណ្ដែក​សៀង​ដែល​ផ្អាប់ ដូច​ជា ​តៅហ៊ូ និង​ទឹក​ស៊ីអ៊ីវ មាន​ផ្ទុក​សារធាតុទីរ៉ាមីន (Tyramine) ដែលសារធាតុ​នេះ ជា​អាមីណូអាស៊ីដ​មួយ​ ​រួម​ចំណែក​ក្នុង​ដំណើរ​ការ​សម្ពាធ​ឈាម។ សារធាតុ​ទីរ៉ាមីន​ នឹង​ត្រូវ​បំបែក​ដោយ​អង់ហ្ស៊ីមម៉ូណូអាមីន អុកស៊ីដាស (Monoamine Oxidase)។ ពពួក​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត (ពពួក​ថ្នាំ MAOIs) មួយ​ចំនួន អាច​ធ្វើ​ឲ្យ​កាត់​បន្ថយ​ដំណើរ​ការ​បំបែក​សារធាតុ​ទីរ៉ាមីន​នេះ។ ញ៉ាំ​សារធាតុ​ទីរ៉ាមីន​ច្រើន​ជាង ៦មិល្លីក្រាម ជាមួយ​​ថ្នាំ​ណា​មួយ​ក្នុង​ចំណោម​ក្រុម​ថ្នាំ​នេះ អាច​បង្កើន​ហានិភ័យ ​ផល​រំខាន​ធ្ងន់​ធ្ងរ​មួយ​ចំនួន ​ដូច​ជា សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង​។

កម្រិត​សារធាតុទីរ៉ាមីន នៅ​ក្នុង​ផលិត​ផល​សណ្ដែក​សៀង​ផ្អាប់ ជា​ទូទៅ​ មាន​កម្រិត​ទាប​ទេ ​ភាគ​ច្រើន​តិច​ជាង ០,៦ មិល្លីក្រាម ក្នុង​មួយ​ចំណែក​​ប្រើ​ម្ដង​ៗ ប៉ុន្តែនៅ​តែ​អាច​មាន​កម្រិត​ខុស​គ្នា អាស្រ័យ​លើ​ផលិតផល​នីមួយៗ​ ពិសេស​ការ​រក្សា​ទុក និង​រយៈពេល​រក្សា​ទុក។ ការ​រក្សា​ទុក​ផលិត​ផល​តៅហ៊ូ​មួយ​ប្រភេទ រយៈពេល​ ១​អាទិត្យ អាច​បង្កើន​ជាតិ ទីរ៉ាមីន​ ពី ០,២៣-៤,៨ ​មិល្លីក្រាម ក្នុង​ការ​ប្រើ​ម្ដង​ៗ។ បើយើង​​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត សូម​ចៀស​វាង​ប្រើ​ផលិតផល​សណ្ដែក​សៀង​ផ្អាប់ ដែល​មាន​ជាតិ​ទីរ៉ាមីន​ក្នុង​កម្រិត​ខ្ពស់ ខណៈ​ថ្នាំ​ទាំង​នោះ​រួម​មាន ថ្នាំ  Phenelzine (Nardil) ថ្នាំ Tranylcypromine (Parnate) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ​ផ្សះ ថ្នាំ​ផ្សះ​ អាច​​យ​កាត់​បន្ថយ​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន ហើយ​បាក់តេរី​ទាំងនោះ​ អាច​ជួយ​បង្កើន​ប្រសិទ្ធិភាព​របស់​ថ្នាំ​បំប៉ន​ពី​សណ្ដែក​សៀង។ នៅ​ពេល​បាក់តេរី​ល្អ​បាត់​បង់​ដោយ​សារ​តែ​ថ្នាំ​ផ្សះ នោះ​ប្រសិទ្ធិភាព​ថ្នាំ​បំប៉ន​​ពី​សណ្ដែក​សៀង ក៏​ធ្លាក់​ចុះ​ប្រសិទ្ធិភាព​ដូច​គ្នា។

– ពពួក​ថ្នាំ​អ័រម៉ូនអឺស្ត្រូសែន៖ ប្រើសណ្ដែក​សៀង​ក្នុង​កម្រិត​ខ្ពស់ ​អាច​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិភាព​ដូច​នឹង​អ័រម៉ូនអឺស្ត្រូសែន ​ដែរ ប៉ុន្តែវា​មិន​មាន​ប្រសិទ្ធិភាព​ខ្លាំង​ដូច​ថ្នាំ​គ្រាប់​អ័រម៉ូន​អឺស្ត្រូសែន​ទេ។ ការ​ញ៉ាំ​ឱសថ​រុក្ខជាតិ​នេះ ជាមួយ​នឹង​ថ្នាំ​គ្រាប់​អ័រម៉ូន​អឺស្ត្រូសែន អាច​នឹង​កាត់​បន្ថយ​ប្រសិទ្ធិភាព​​ថ្នាំ​អ័រម៉ូន​នេះ ខណៈ​ថ្នាំ​អ័រម៉ូនអឺស្ត្រូសែន​ រួម​មាន ថ្នាំ Conjugated equine estrogens (Premarin) ថ្នាំ Ethinyl estradiol, ថ្នាំ Estradiol និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ Tamoxifen (Nolvadex)៖ ជំងឺ​មហារីក​​ខ្លះ អាច​ប៉ះពាល់​ដល់​អ័រម៉ូន​មួយ​ចំនួន​ក្នុង​រាង​កាយ។ ជំងឺ​មហារីក​ដែល​ប្រតិកម្ម​នឹង​អ័រម៉ូន​អឺស្ត្រូសែន ​ធ្វើ​ឲ្យ​ប៉ះពាល់​កម្រិត​អ័រម៉ូន​នេះ​នៅ​ក្នុង​ខ្លួន។ ថ្នាំ Tamoxifen (Nolvadex) ​ប្រើ​ដើម្បី​ជួយ​ការ​ពារ​ និង​ព្យាបាល​ប្រភេទ​មហារីក​ប្រភេទ​ទាំង​នោះ។ សណ្ដែក​សៀង​ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន​នៅ​ក្នុង​រាង​កាយ ហើយ​ដោយ​សារ​ការ​ប៉ះពាល់​នេះ សណ្ដែក​សៀង​ អាច​នឹង​កាត់​បន្ថយ​ប្រសិទ្ធិភាព​ថ្នាំ Tamoxifen បាន។ មិន​ត្រូវ​ប្រើ​សណ្តែកសៀង​ទេ បើ​យើង​​កំពុង​ប្រើ​ថ្នាំ Tamoxifen (Nolvadex)។

– ថ្នាំ Warfarin (Coumadin)៖ ថ្នាំ Warfarin (Coumadin) ​ប្រើ​ដើម្បី​កាត់​បន្ថយ​កំណក​ឈាម។ មាន​របាយការណ៍​បង្ហាញ​ថា ​ឱសថ​ពី​រុក្ខជាតិ​នេះ​ អាច​កាត់​បន្ថយ​ប្រសិទ្ធិភាព​​ថ្នាំ​នេះ ​នាំ​ឲ្យ​កើន​ឡើង​គ្រោះ​ថ្នាក់ ​ដោយ​សារ​កំណក​ឈាម។ ត្រូវ​ប្រាកដ​ថា យើង​បាន​ពិនិត្យ​មើល​ឈាម​ទៀង​ទាត់ ហើយ​កម្រិត​ថ្នាំ Warfarin អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​ការ​ប្រើ។

– ថ្នាំ​ប្រែប្រួល​ដោយ​សារ​ថ្លើម៖ ថ្នាំ​យ​មួយ​ចំនួន​ អាច​នឹង​ប្រែ​ប្រួល ​បំបែក​ដោយ​សារ​ថ្លើម។ សណ្តែក​សៀង អាច​នឹង​បង្កើន​សកម្មភាព​ថ្លើម​បំបែក​ថ្នាំ​ទាំង​នោះ។ ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ថា​ ប្រតិកម្ម​នេះ​ អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​ឬ​យ៉ាង​ណា​ ឬអាច​ប៉ះពាល់​ដល់​សកម្មភាព​ថ្នាំ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។ ថ្នាំ​មួយ​ចំនួន​​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើម ​រួម​មាន ថ្នាំ Carvedilol (Coreg) ថ្នាំ Fluvastatin (Lescol) ថ្នាំ Losartan (Cozaar) ថ្នាំ Phenytoin (Dilantin) និង​ថ្នាំ​ជា​ច្រើន​ផ្សេង​ទៀត។

​ត្រូវ​ប្រាប់​គ្រូពេទ្យ​ដែរ បើ​សិនមាន​បញ្ហា​សុខភាព​ខាង​ក្រោម​នេះ៖

– ជំងឺ Cystic fibrosis៖ ទឹក​សណ្ដែកសៀង (Soy) អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​ប្រូតេអ៊ីន​ចំពោះ​ក្មេង ​មាន​ជំងឺ​នេះ។ សូម​កុំ​ឲ្យ​ក្មេង​មាន​ជំងឺ​នេះ ​ញ៉ាំ​ផលិត​ផល​ចម្រាញ់​ពី​សណ្តែក​សៀង​។

– ជំងឺ​មហារីក​សុដន់៖ នៅ​មិន​ទាន់​មាន​ព័ត៌មាន​អាច​ជឿ​ទុក​ចិត្ត​ ពី​ប្រសិទ្ធិភាព​ឱសថ​រុក្ខជាតិ​នេះ ​ចំពោះស្រីៗ​មាន​ជំងឺ​មហារីក​សុដន់ ធ្លាប់​មាន​មហារីក ឬ​មាន​ប្រវត្តិ​គ្រួសារ​ មាន​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ គួរ​ចៀស​វាង​ ប្រើ​ឱសថ​រុក្ខជាតិ​ពី​សណ្តែក​សៀង រហូត​ទាល់​តែ​ដឹង​កាន់​តែ​ច្បាស់​ពី​គុណ​សម្បត្តិ និង​ផល​ប៉ះពាល់។

– ជំងឺ​មហារីក​ស្រទាប់អង់ដូមែ៉ត្រ (Endometrial cancer)៖ ការ​ប្រើ​សណ្តែក​សៀង ជា​ប្រភេទ​ថ្នាំ​គ្រាប់ មាន​កំហាប់​សារធាតុអ៊ីហ្សូផ្លាវូន (Isoflavone) សុទ្ធ អាច​បង្កើន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​ លើ​ជាលិកា​ស្រទាប់​ខាង​លើស្បូន។ សូម​កុំ​ប្រើ​ថ្នាំ​បំប៉ន​នេះ​ ដែល​មាន​កំហាប់សារធាតុ Isoflavon បើយើង​មាន​ជំងឺ​មហារីក​ស្រទាប់អង់ដូមែ៉ត្រ។

– ខ្សោយ​តម្រង​នោម៖ សណ្ដែកសៀង មាន​ផ្ទុក​សារធាតុ​គីមី​មួយ​ហៅ​ថា Phytoestrogens។ កម្រិត​ខ្ពស់​​សារធាតុ​នេះ​ អាច​បង្ក​ឲ្យ​ពុល​បាន។ គ្នា​យើង​មាន​បញ្ហា​​ខ្សោយ​តម្រង​នោម បើ​​ប្រើ​ផលិតផល​ពី​រុក្ខជាតិ​នេះ អាច​ប្រឈម​នឹង​ការ​មាន​សារធាតុ Phytoestrogens នៅ​ក្នុង​ឈាម ​កម្រិត​ខ្ពស់។ ដូច​នេះ​បើ​យើង​មាន​ជំងឺ​ខ្សោយ​តម្រង​នោម ចៀស​វាង​ការ​ប្រើ​រុក្ខជាតិ​នេះ​ក្នុង​កម្រិត​ច្រើន។

– ក្រូស​តម្រង​នោម៖ ផលិត​ផលសណ្ដែកសៀង អា​ច​ធ្វើ​ឲ្យ​យើង​ប្រឈម​មាន​គ្រួស​ក្នុង​តម្រង​នោម ព្រោះ​វា​មាន​ផ្ទុក​ក្រុម​សារធាតុ​គីមី​មួយ​ ហៅ​ថាអុកសាឡាត (Oxalates) ក្នុង​កម្រិត​ខ្ពស់។ មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​គ្នា​យើង​​មាន​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ មិន​អាច​បញ្ចេញ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​មាន​ក្នុង​សណ្ដែក​សៀង​បាន។ ហេតុ​នេះ​ ទើបអាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ​បើ​សារធាតុ​គីមី​ទាំង​នោះ​មាន​កម្រិត​ខ្ពស់។ បើ​ធ្លាប់​មាន​ក្រួស​ក្នុង​តម្រង​នោម​ពី​មុន សូម​ចៀស​វាង​កុំ​ប្រើ​ផលិតផល​ពី​រុក្ខជាតិ​នេះ ​ក្នុង​កម្រិតច្រើន។

– មហារីក​ប្លោក​នោម៖  ផលិត​ផល​ពី​សណ្ដែកសៀង ​អាចបង្កើន​ឱកាសកើត​​មាន​ជំងឺ​មហារីក​ប្លោក​នោម។ សូម​ចៀស​វាង​អាហារ​​ធ្វើ​ពី​សណ្ដែក​សៀង បើ​យើង​មានជំងឺ​នេះ ឬ​ប្រឈម​ខ្ពស់​កើត​​ជំងឺ​នេះ (ធ្លាប់​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​នេះ)។

– ជំងឺ​ទឹក​នោម​ផ្អែម៖ សណ្ដែកសៀង អាចបង្កើន​គ្រោះ​ថ្នាក់​ដោយ​សារ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះទាប​ពេក​ពិសេស​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម និងកំពុង​ប្រើ​ប្រាស់​​ថ្នាំ​គ្រប់​គ្រង​ជាតិ​ស្ករ។

– ជំងឺ​ផ្សេងៗ៖ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​មិន​សូវ​សកម្ម ជំងឺ​ហឺត អាលែកហ្ស៊ី​រលាក​ច្រមុះ (Hey Fever) សុទ្ធ​តែ​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ចម្រាញ់​ចេញ​ពី​សណ្តែក​សៀង​ទាំង​អស់។ ហេតុ​នេះ មុន​ប្រើ​ថ្នាំ​បុរាណ​នេះ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ជា​​មុន។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧– កម្រិតប្រើធម្មតាម៉េចដែរ?

– ចំពោះ​ករណី​ឡើង​ជាតិ​កូលេស្តេរ៉ូល៖ កម្រិត​ណែនាំ​ឲ្យ​ប្រើ​ប្រូតេអ៊ីន​សណ្ដែក​សៀង ​ពី ២០-៥០​ ក្រាម​/ថ្ងៃ។

– ដើម្បី​ការ​ពារ​ជំងឺ​ពុក​ឆ្អឹង (osteoporosis)៖ កម្រិត​ណែនាំ​ឲ្យ​ប្រើ​ប្រូតេអ៊ីន​សណ្ដែក​សៀង គឺ ៤០ ក្រាម/ថ្ងៃ ដែល​មាន​ជាតិ Isoflavones ២-២,២៥ មិល្លីក្រាម ក្នុង​សណ្តែក​សៀង​មួយ​ក្រាម។

– ចំពោះ​រោគ​សញ្ញា​​អស់​រដូវ​៖ កម្រិត​ណែនាំ​ឲ្យ​ប្រើ​ប្រូតេអ៊ីន​សណ្ដែក​សៀង ​គឺ ២០-៦០ ក្រាម/​ថ្ងៃ ដែល​មាន​ជាតិ Isoflavones ៣៤-៧៥ មិល្លីក្រាម។

– ចំពោះ​បញ្ហា​​មាន​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​ដោយ​សារ​ជំងឺ​តម្រង​នោម៖ កម្រិត​របប​អាហារ ពី ៧០០-៨០០ មិល្លីក្រាម/នៃ​ប្រូតេអ៊ីន​សណ្ដែក​សៀង ប្រើ​ប្រចាំ​ថ្ងៃ។

– ចំពោះ​ទារក​​រាករូស៖ កម្រិត​ណែនាំ​ឲ្យ​ប្រើ​ទឹក​ដោះ​គោ​​មាន​បញ្ចូល​សារធាតុ​សរសៃ​សណ្ដែក​សៀង ​​ត្រូវ​​មាន​ប្រូតេអ៊ីន​សណ្ដែក​សៀង ពី ១៨-២០ ក្រាម/លីត្រ។

– ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២៖ កម្រិត​ណែនាំ​ឲ្យ​ប្រើ​សារធាតុ​ចម្រាញ់​ពី​ Touchi (​អាហារ​ប្រពៃណី​របស់​ជនជាតិ​ចិន ដែល​ធ្វើ​ពី​សណ្ដែក​សៀង) ​គឺ ៣០០​ មិល្លីក្រាម​/​ថ្ងៃ។

– ស្រីៗ​ជិត​អស់​រដូវ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២៖ កម្រិត​ណែនាំ​ឲ្យ​ប្រើ​ប្រូតេអ៊ីន​សណ្ដែក​សៀង ​គឺ ៣០ ក្រាម​/​ថ្ងៃ ដែល​មាន​ជាតិ Phytoestrogens ១៣២មិល្លីក្រាម ប្រើ​រៀងរាល់​ថ្ងៃ ​រហូត​ដល់ ១២ ​សប្ដាហ៍ ។

កម្រិត​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះអាច​ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- ទម្រង់សណ្តែក​សៀង​ជា​ថ្នាំ

ឱសថ​រុក្ខជាតិ​នេះ អាច​មាន​ទម្រង់​ជា​ថ្នាំ​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់

– ថ្នាំ​គ្រាប់​មាន​សម្បក (ខេបស៊ុល)

– ម្សៅ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Soy. http://www.webmd.com/vitamins-supplements/ingredientmono-975-SOY.aspx?activeIngredientId=975&activeIngredientName=SOY. Accessed November 2, 2016.

Soy. https://nccih.nih.gov/health/soy/ataglance.htm. Accessed November 2, 2016.

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម