ស្វែងយល់ពីការប្រើប្រាស់
១- ម្រេចខ្មៅប្រើដើម្បីអ្វី?
ម្រេចខ្មៅ ភាសាអង់គ្លេសហៅថា Black Pepper ជាទូទៅ យើងប្រើជាគ្រឿងផ្សំក្នុងមុខម្ហូបជាច្រើន ក៏ដូចជាទឹកជ្រលក់ ប៉ុន្តែទាំងចាស់បុរាណ យកមកប្រើជាថ្នាំ ព្យាបាលរោគសញ្ញាទាក់ទងជាមួយក្រពះពោះវៀន ក៏ដូចជារោគសញ្ញាផ្សេងទៀតរួមមាន៖
– ខ្យល់ក្នុងពោះ មិនរំលាយអាហារ ក្រហាយទ្រូង ឈឺមិនស្រួលក្នុងក្រពះ
– មិនឃ្លានអាហារ
– ដំបៅក្រពះ
– ឈឺចុកពោះ
– រលាកទងសួត
– មហារីក។
ម្រេចខ្មៅ ក៏ត្រូវប្រើក្នុងការព្យាបាលបញ្ហាសន្លាក់ និងបញ្ហាផ្លូវដង្ហើម ជួយភ្ញោចប្រព័ន្ធប្រសាទផងដែរ។ ម្រេចខ្មៅ អាចប្រើលាបនៅលើស្បែក ដើម្បីព្យាបាលការឈឺចាប់សរសៃប្រសាទ និងជំងឺចៃ (Scabies) ជាដើម។
២- ម្រេចខ្មៅដំណើរការយ៉ាងម៉េច?
នៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ ពីសកម្មភាពព្យាបាលរបស់រុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានបន្ថែម។ តែទោះជាយ៉ាងនេះក្ដី ការសិក្សាខ្លះបង្ហាញថា ម្រេចខ្មៅ អាចជួយប្រឆាំងនឹងពពួកមីក្រុប និងធ្វើឲ្យទឹកក្រពះបញ្ចេញមកច្រើន។
មានភស្ដុតាងប្រឆាំងគ្នានៅឡើយ ពីតួនាទីម្រេចខ្មៅ ក្នុងការព្យាបាលជំងឺមហារីក។ ភស្ដុតាងខ្លះបញ្ជាក់ថា ម្រេចខ្មៅ អាចប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ប៉ុន្តែខ្លះទៀតថា អាចជួយទៅលើករណីជំងឺមហារីកថ្លើមទៅវិញ។
សារធាតុពីពើរីន (Piperine) ដែលជាអាល់កាលូអ៊ីត (Alkaloids) មានក្នុងម្រេចខ្មៅ មានសកម្មភាពប្រឆាំងអ័រម៉ូនអង់ដ្រូហ្សែន (Antiandrogenic) ប្រឆាំងរលាក (Antiinflammatory) និងមានសកម្មភាពការពារថ្លើម ហើយសារធាតុអាមីតហ្វែរ៉ូភើរីន (Amide feruperine) គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនប្រើម្រេចខ្មៅជាថ្នាំបុរាណ?
ម្រេចខ្មៅ ត្រូវតែទុកក្នុងកន្លែងត្រជាក់ ស្ងួត ឆ្ងាយពីកម្ដៅ និងសំណើម។ ត្រូវតែប្រុងប្រយ័ត្ន ចំពោះករណីអាលែកហ្ស៊ី ហើយបើសិនជាមាន ត្រូវឈប់ប្រើម្រេចខ្មៅ និងត្រូវប្រើថ្នាំប្រឆាំងអ៊ីស្តាមីន (Antihistamine) ឬទៅទទួលការព្យាបាលត្រឹមត្រូវភ្លាម។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ម្រេចខ្មៅមានសុវត្ថិភាពកម្រិតណា?
ម្រេចទាំងស ទាំងខ្មៅ គឺមានសុវត្ថិភាព បើញ៉ាំក្នុងកម្រិតជាអាហារធម្មតា ទោះបីចំពោះស្រីមានផ្ទៃពោះក៏ដោយ។ ប៉ុន្តែបើញ៉ាំច្រើន ប្រហែលជាមិនមានសុវត្ថិភាពទេ។ មានការព្រួយបារម្ភថា បើប្រើម្រេចខ្មៅក្នុងកម្រិតច្រើន អាចជាហេតុនាំឲ្យរលូតកូនបាន។ ដូចគ្នានេះដែរ គួរចៀសវាងលាបម្រេចខ្មៅនៅលើស្បែក ព្រោះមិនមានព័ត៌មានគ្រប់គ្រាន់ស្ដីពីសុវត្ថិភាព ពេលប្រើម្រេចជាថ្នាំលាបនៅពេលមានផ្ទៃពោះនៅឡើយទេ។
បើសិនជាបំបៅដោះកូនវិញ ម៉ាក់ៗគួរកម្រិតការញ៉ាំម្រេចត្រឹមកម្រិតក្នុងអាហារវិញ ព្រោះនៅមិនទាន់ដឹងពីសុវត្ថិភាពក្នុងការប្រើវា ក្នុងកម្រិតជាថ្នាំនៅឡើយទេ។
ស្វែងយល់ពីផលរំខាន
៥- ម្រេចខ្មៅមានផលរំខានអ្វីខ្លះ?
ម្រេចខ្មៅអាចមានផលរំខានមួយចំនួន ដូចជា៖
– ក្រហាយភ្នែក ហើម (ពេលលាបប៉ះភ្នែក)
– អាលែកហ្ស៊ី
– ធ្វើឲ្យសកម្មភាពថ្នាំប្រឆាំងមហារីកចុះខ្សោយ
– ថប់ដង្ហើមចំពោះក្មេងៗពេលញ៉ាំក្នុងកម្រិតច្រើន។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ម្រេចខ្មៅអាចមានអន្តរកម្មនឹងអ្វី?
ឱសថរុក្ខជាតិនេះ អាចនឹងមានអន្តរកម្មជាមួយនឹងថ្នាំ ឬស្ថានភាពជំងឺយើងកំពុងមាន។ ដូចនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ។
ម្រេចខ្មៅ (Black Pepper) អាចនឹងមានឥទ្ធិពលដូចនឹងថ្នាំបញ្ចុះទឹកនោម ញ៉ាំម្រេចខ្មៅអាចធ្វើឲ្យរាងកាយពិបាកបញ្ចេញសារធាតុលីចូម (Lithium) ដោយហេតុនេះ អាចធ្វើឲ្យសារធាតុថ្នាំលីចូមកើនឡើងខ្ពស់នៅក្នុងរាងកាយ នាំឲ្យមានផលរំខានធ្ងន់ធ្ងរផ្សេងទៀត។
ប្រសិទ្ធភាពថ្នាំមួយចំនួន អាចនឹងប្រែប្រួលពេលមានអន្តរកម្មជាមួយនឹងម្រេចខ្មៅ ថ្នាំទាំងនោះរួមមាន ថ្នាំ Cytochrome P450 ថ្នាំ Phenytoin ថ្នាំ Propranolol ថ្នាំ Theophylline។ ហើយការធ្វើតេស្តកំហាប់ជាតិថ្នាំ Phenytoin ថ្នាំ Propranolol ថ្នាំ Theophylline ក៏អាចប្រែប្រួលដូចគ្នា។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់នេះ គឺមិនអាចជំនួសអនុសាសន៍ពីគ្រូពេទ្យបានទេ។ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុននឹងប្រើប្រាស់ថ្នាំនេះ។
៧- កម្រិតល្ងប្រើទូទៅ
កម្រិតញ៉ាំទូទៅ ពី ៣០០-៦០០ មិល្លីក្រាម/ថ្ងៃ ហើយកម្រិតអតិបរមា មិនត្រូវលើសពី ១,៥ ក្រាម/ថ្ងៃ ឡើយ។
កម្រិតការប្រើប្រាស់ឱសថរុក្ខជាតិនេះ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលប្រើប្រាស់អាស្រ័យលើអាយុសុខភាពនិងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៨- ទម្រង់ម្រេចខ្មៅ
ម្រេចខ្មៅ អាចមានទម្រង់ ម្សៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]