អ្នក​​មាន​បញ្ហាបេះដូង​ ត្រូវប្រយ័ត្នអ្វីខ្លះ​ពេល​ធ្វើ​ដំណើរ?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ករណី​បេះដូង​មាន​បញ្ហា ឬ​ជំងឺ​បេះដូង ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ជាង​អ្នក​ដំណើរ​ធម្មតា ព្រោះ​បើ​ហ៊ាន​តែ​ប្រហែស រឿង​អាក្រក់​អាច​កើត​ឡើង​គ្រប់​ពេល ជា​ពិសេសធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ទាំង​ឡាន ទាំង​ការ​ហោះហើរ។ បើ​មាន​ជំងឺ​នេះ​មែន អ្នក​ជំងឺ គួរ​ធ្វើ​ម៉េច?

១- របស់​ត្រូវ​យក​តាម​ខ្លួន

រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​ គឺប្រាប់​ពេទ្យ​ដែល​មើល​យើង​ប្រចាំ ឬ​ពេទ្យ​ដែល​ដឹង​ពី​ស្ថានភាព​ជំងឺ​យើង​ផ្ទាល់ពី​គម្រោង ឬ​បំណង​ធ្វើ​ដំណើរ។ អ្វីដែល​ចំណេញ​ អ្នក​ជំងឺអាច​បាន​ការ​ណែនាំ ដើម្បី​បន្ថយហានិភ័យ​នានា ពេល​នៅ​តាម​ផ្លូវ ឬ​នៅ​ឆ្ងាយ​ពី​ពេទ្យ​ដែល​អ្នក​ជំងឺ​មើល​ប្រចាំ។

ថ្នាំ​លេប​ប្រចាំ​ក៏​ត្រូវ​យក​តាម​ខ្លួន តាម​ចំនួន​ថ្ងៃ ឬ​ពេល​កំណត់​ដែរ។ ហាម​ដាច់​ខាត មិន​ឲ្យ​ខ្វះ។ មួយ​ទៀត ​វេជ្ជបញ្ជា​ថ្នាំ ក៏​ត្រូវ​ដាក់​តាម​ខ្លួនដែរ ក្នុង​ករណី​ទិសដៅដែល​ត្រូវ​ទៅ មាន​កន្លែង​លក់​ថ្នាំ ដែល​អ្នក​ជំងឺលេប​ប្រចាំ (តាមវេជ្ជបញ្ជា) ដូច​នេះ ប្រភេទ​ និង​កម្រិត​ថ្នាំ​ដែល​វេជ្ជបណ្ឌិត​ណែនាំ គឺ​ត្រូវ​ដាក់​តាម​ខ្លួន​ជា​និច្ច ចៀស​វាង​អ្នក​ជំងឺ​ខ្លួន​ឯង​ភ្លេច ហើយ​ចេះ​តែ​ទិញ​ប្រើ។ កុំ​ភ្លេច មាន​ទំនាក់ទំនង ជាមួយ​ពេទ្យឲ្យ​បាន​ជាប់​លាប់ ក្នុង​ករណីត្រូវ​ការការ​ពិភាក្សា ឬ​ករណី​អត់​ស្រួល។

អត្ថបទពាក់ព័ន្ធ៖ 

២- ប្រយ័ត្ន​រឿង​ញ៉ាំ

បើ​​មាន​ជំងឺ​សាច់​ដុំ​បេះ​ដូង ឬ​ប្រវត្តិ​ធ្លាប់​​ខ្សោយ​បេះ​ដូង​វិញ​ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ញ៉ាំសារ​ធាតុ​រាវ​​ និង​ជាតិ​​​ប្រៃ។

៣- ប្រយ័ត្នរឿងកម្ពស់

អ្នក​មាន​ជំងឺ​បេះដូង​ដោយ​សារ​ស្ទះ​សរសៃ​ឈាម​​ អាច​នឹង​មាន​បញ្ហា​ជា​មួយ​រយៈ​កម្ពស់​ខ្ពស់​ ព្រោះ​ខ្យល់​នៅ​ខាង​លើ​នោះ​មាន​កំហាប់​រាវ​ជា​ង​យ៉ាង​ខ្លាំង។​ បេះ​ដូង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ផ្គត់​ផ្គង់​អុក​ស៊ី​ហ្សែន​ឲ្យ​ទៅ​សរីរាង្គ។

៤- ប្រុងប្រយ័ត្នចំពោះការហោះហើរ

ការ​អង្គុយ​យូរ​នៅ​លើ​យន្ត​ហោះ ​អាច​​ឲ្យ​មនុស្ស​សុខ​ភាព​ល្អ​ប្រឈម​នូវ​ហានិភ័យ​នៃ​កំណក​ឈាម។​ ហេតុ​នេះ​ អ្នក​ដែល​មាន​ជំងឺ​បេះ​ដូង​ គួរ​ប្រយ័ត្ន​ប្រយែង​​ឲ្យ​មែនទែន។​ ​អ្នក​​​មាន​​ជំងឺ​សរសៃ​ឈាម​អាកទែជុំវិញ ឬ​ប្រវត្តិ​ធ្លាប់​មាន​ជំងឺ​គាំង​បេះ​ដូង​ ស្ថិត​នៅ​ប្រឈម​ខ្ពស់​នឹង​ការ​កក​ឈាម​ ក្នុង​អំឡុង​ពេល​ហោះ​ហើរ។​ ​បើ​អាច​ គួរ​តែ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​មក​ឲ្យ​បាន​ញឹក​ញាប់។​

បញ្ជាក់​ម្ដង​ទៀត បើ​ដឹង​ខ្លួន​ថា​ត្រូវ​ហោះ​ហើរ​ទៅ​ណា​មក​ណា ជា​ពិសេស​ក្រៅ​ប្រទេស​នោះ​ សូម​ឲ្យ​វេជ្ជ​បណ្ឌិត​ដឹង ដើម្បី​សុវត្ថិភាព​កាន់​តែ​ខ្ពស់។​ អ្នក​ខ្លះ​អាច​​​ត្រូវ​ការ​ស្រោម​ជើង​រឹត​បន្តឹងជើង​ ឬ​អុក​ស៊ី​ហ្សែន​​បន្ថែម​។​ អ្នក​ខ្លះ​ត្រូវ​ការ​ការ​ត្រួត​ពិនិត្យ​តាម​ដាន​ដិត​ដល់​នៅ​លើ​ការ​ញ៉ាំ​ចូល​សារធាតុ​រាវ​។

បើ​ស្ថាន​ភាព​ធ្ងន់ធ្ងរ ​អ្នក​ជំងឺ​ខ្លះ​ទៀត​​មិន​​អនុញ្ញាត​ឲ្យ​ហោះ​ហើរ​​តែ​ម្ដង។ អ៊ីចឹង​ហើយ​បាន​ជា​ចាំបាច់​ត្រូវ​​ពិភាក្សា​ជា​មួយ​វេជ្ជ​បណ្ឌិត ​មុន​​​សម្រេច​ចិត្ត​​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។​

ក្នុង​ករណី​មាន​សំណួរ​ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ ​Hell​o​ ​Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យា​បាល​ជូន​ទេ​៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 12, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 12, 2019