ផ្នែកខ្លះនៃតំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ ការរីកចម្រើនខាងសេដ្ឋកិច្ចបានផ្លាស់ប្តូររបៀបរស់របស់ប្រជាជនដែលបណ្តាលឱ្យចំនួនប្រជាជនលើសទម្ងន់កើនឡើងគួរឱ្យបារម្ភ ព្រោះប្រជាជនញ៉ាំច្រើន តែធ្វើចលនា ឬហាត់ប្រាណតិច។
ភាពធាត់ គឺជាមូលហេតុធំបំផុតមួយក្នុងចំណោមមូលហេតុផ្សេងៗទៀតដែលធ្វើឱ្យយើងមានជំងឺរុំារ៉ៃ ។ ការមានសន្ទស្សន៍ BMI ខ្ពស់ (ទម្ងន់ដងខ្លួនធៀបនឹងកម្ពស់) អាចធ្វើឲ្យយើងប្រឈមនឹងជំងឺរ៉ាំរ៉ៃមួយចំនួន។
១. ជំងឺតម្រងនោម
ពេលយើងធាត់ យើងងាយកើតជំងឺទឹកនោមផ្អែម ឬជំងឺលើសសម្ពាធឈាមណាស់។ តាមការសិក្សាបានឱ្យដឹងថាជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យយើងកើតជំងឺតម្រងនោម ព្រោះថាអ្នកជំងឺទឹកនោមផ្អែមម្នាក់ក្នុងចំណោមបួននាក់មានជំងឺតម្រងនោម។

២. ជំងឺសរសៃឈាមបេះដូង (ជំងឺស្ទះសរសៃឈាម)
ភាពធាត់អាចធ្វើឲ្យយើងងាយកើតជំងឺសរសៃឈាមបេះដូង ព្រោះជំងឺនេះបណ្តាលមកពីការកកខ្លាញ់ក្នុងសរសៃឈាម។ យូរៗទៅ កំណកខ្លាញ់ធ្វើឱ្យរន្ធសរសៃឈាមកាន់តែតូចទៅៗ និងអាចធ្វើឱ្យស្ទះចរន្តឈាម (អាចស្ទះទាំងស្រុង) ដែលអាចបណ្តាលឱ្យយើងគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

៣. ជំងឺមហារីក
ការសិក្សាបានបង្ហាញថា ភាពធាត់បង្កើនហានិភ័យកើតជំងឺមហារីក។ យោងតាមស្ថិតិជំងឺមហារីករបស់សហរដ្ឋអាមេរិកបានបង្ហាញថា ស្រ្តី ៥៥% និងបុរស ២៤% ដែលកើតមហារីក ជាមនុស្សធាត់។
ការមានកោសិកាខ្លាញ់ច្រើនបង្កើនការរលាក និងបង្កើនការផលិតអ័រម៉ូនអ៊ឺស្ត្រូសែន ក៏ដូចជាអ័រម៉ូនលូតលាស់ផ្សេងទៀត ដែលសុទ្ធតែបណ្តាលឱ្យកោសិកាបំបែកខ្លួនកាន់តែញឹកញាប់។ ការបំបែកកោសិកាយ៉ាងឆាប់រហ័សនេះបង្កើនហានិភ័យក្នុងការវិវត្តទៅជាកោសិកាមហារីក។
ការមានជាតិខ្លាញ់ច្រើនពេកអាចបង្កើនហានិភ័យក្នុងការកើតមហារីកដូចជា មហារីកថ្លើម តម្រងនោម សុដន់ ក្រពេញអូវែ ពោះវៀនធំ និងលំពែង។

៤. ជំងឺរលាកសន្លាក់ឆ្អឹង
ភាពធាត់អាចបណ្តាលឱ្យយើងមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺពុកឆ្អឹងជាដើម ដោយសារតែការលើសទម្ងន់ផ្តល់សម្ពាធបន្ថែមលើរាងកាយ។ ការមានទម្ងន់កាន់ធ្ងន់បានបន្ថែមសម្ពាធលើជង្គង់ ដែលធ្វើឱ្យជង្គង់ពិបាកក្នុងការទ្រទម្ងន់របស់យើង និងអាចបណ្តាលឱ្យខូចសន្លាក់ ព្រោះសាច់ដុំមានការពិបាកក្នុងការទ្រទ្រង់ចលនារបស់យើង។

និន្នាការភាពធាត់នៅអាស៊ី
ជំងឺសរសៃឈាមបេះដូង ដូចជាជំងឺខ្សោយបេះដូង គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល បានក្លាយជាមូលហេតុចម្បងនៃការស្លាប់មុនអាយុនៅអាស៊ី។ ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌាមានអ្នកជំងឺទឹកនោមផ្អែមចំនួន ៧៧លាននាក់ ដែលជាចំនួនខ្ពស់បំផុតទីពីរបន្ទាប់ពីប្រទេសចិន។
ខណៈដែលគេដឹងថាអាស៊ីអាគ្នេយ៍មានចំនួនអ្នកលើសទម្ងន់ និងធាត់ ទាបជាងគេបំផុតនៅលើពិភពលោក តែតំបន់នេះក៏កំពុងមាននិន្នាការកើនឡើងនូវអ្នកលើសទម្ងន់ និងធាត់គួរឱ្យបារម្ភដែរក្នុងរយៈពេល ១០ មក១៥ឆ្នាំចុងក្រោយនេះ។