​ភាព​ធាត់​នៅ​អាស៊ី​កំពុង​កើន​ឡើង​គួរ​ឱ្យ​បារម្ភ

ភាព​ធាត់​អាចធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ប្រភេទ ហើយ​និន្នាការ​នៃ​ភាព​ធាត់​នេះ ​កំពុង​កើត​មាន​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផង​ដែរ​។ តើ​អ្នកមាន​បញ្ហា​ធាត់​អាច​ប្រឈម​នឹង​ជំងឺ​អ្វី​ខ្លះ?​

down-icon
​ភាព​ធាត់​នៅ​អាស៊ី​កំពុង​កើន​ឡើង​គួរ​ឱ្យ​បារម្ភ

ភាព​ធាត់​អាចធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ប្រភេទ ហើយ​និន្នាការ​នៃ​ភាព​ធាត់​នេះ​កំពុង​កើន​ឡើង​​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​​។ តើ​អ្នកមាន​បញ្ហា​ធាត់​អាច​ប្រឈម​នឹង​ជំងឺ​អ្វី​ខ្លះ?

ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​​ ជា​ពិសេស​អាស៊ីអាគ្នេយ៍ ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​បាន​ផ្លាស់​ប្តូរ​របៀប​រស់​របស់​ប្រជាជន​ដែល​បណ្តាល​ឱ្យ​ចំនួន​ប្រជាជន​លើស​ទម្ងន់​កើន​ឡើង​គួរ​ឱ្យ​បារម្ភ ព្រោះ​ប្រជាជន​ញ៉ាំ​ច្រើន តែ​ធ្វើ​ចលនា​ ឬ​ហាត់ប្រាណ​តិច​។

ភាព​ធាត់​ គឺ​ជា​មូល​ហេតុ​ធំ​បំផុត​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​​ធ្វើ​ឱ្យ​យើង​មាន​ជំងឺ​រុំារ៉ៃ​ ​។ ការ​មាន​សន្ទស្សន៍​ BMI​ ខ្ពស់​ (ទម្ងន់​ដង​ខ្លួន​ធៀប​នឹង​កម្ពស់) អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​រ៉ាំ​រ៉ៃ​មួយ​ចំនួន​។​

១. ជំងឺ​តម្រង​នោម

ពេល​យើង​ធាត់​ យើង​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​លើស​សម្ពាធ​ឈាម​ណាស់។ តាម​ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​យើង​កើត​ជំងឺ​តម្រង​នោម​ ព្រោះថា​​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​មាន​ជំងឺ​តម្រង​នោម​។​

២. ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ (ជំងឺ​ស្ទះ​សរសៃ​ឈាម​)

ភាព​ធាត់​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ ព្រោះ​ជំងឺនេះ​បណ្តាល​មក​ពី​ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម​។ យូរៗ​ទៅ​ កំណក​ខ្លាញ់​ធ្វើ​ឱ្យ​រន្ធ​សរសៃ​ឈាម​កាន់​តែ​តូច​ទៅៗ​ និង​អាច​ធ្វើ​ឱ្យ​ស្ទះ​ចរន្ត​ឈាម​ (អាច​ស្ទះ​ទាំង​ស្រុង​) ដែល​អាច​បណ្តាល​ឱ្យយើង​គាំង​បេះដូង​ ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។

៣. ជំងឺ​មហារីក​

​​ការ​សិក្សា​បាន​បង្ហាញ​ថា ​ភាព​​ធាត់​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​។ យោង​តាម​ស្ថិតិ​ជំងឺ​មហារីក​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា ​ស្រ្តី ៥៥% និង​បុរស ២៤%​ ដែល​កើត​មហារីក ជា​មនុស្ស​​ធាត់​។

ការ​មាន​កោសិកា​ខ្លាញ់​ច្រើន​បង្កើន​ការ​រលាក​ និង​បង្កើន​ការ​ផលិត​អ័រម៉ូន​អ៊ឺស្ត្រូសែន​ ក៏​ដូចជា​អ័រម៉ូន​លូត​លាស់​ផ្សេង​ទៀត​ ដែល​សុទ្ធ​តែ​បណ្តាល​ឱ្យ​កោសិកា​បំបែក​ខ្លួន​កាន់​តែ​ញឹក​ញាប់​។ ការ​បំបែក​កោសិកា​យ៉ាង​ឆាប់​រហ័ស​នេះ​បង្កើន​ហានិភ័យ​ក្នុង​ការ​វិវត្ត​ទៅ​ជា​កោសិកា​មហារីក​។

ការ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​មហារីក​ដូច​ជា​ មហារីក​ថ្លើម​ ​តម្រង​នោម​ សុដន់​ ក្រពេញ​អូវែ​ ពោះវៀន​ធំ និង​លំពែង​។​

៤. ជំងឺ​រលាក​សន្លាក់​ឆ្អឹង

ភាព​ធាត់​អាច​បណ្តាល​ឱ្យ​យើង​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា ​ជំងឺ​ពុក​ឆ្អឹង​ជា​ដើម​ ដោយ​សារ​តែ​ការ​លើស​ទម្ងន់​ផ្តល់​សម្ពាធ​បន្ថែម​លើ​រាង​កាយ​។ ការ​មាន​ទម្ងន់​កាន់​​ធ្ងន់​​បាន​បន្ថែម​សម្ពាធ​លើ​ជង្គង់​ ដែល​ធ្វើ​ឱ្យ​ជង្គង់​ពិបាក​ក្នុង​ការ​ទ្រ​ទម្ងន់​របស់​យើង​ និង​អាច​បណ្តាល​ឱ្យ​ខូច​សន្លាក់​ ព្រោះ​សាច់ដុំ​មាន​ការ​ពិបាក​ក្នុង​ការ​ទ្រទ្រង់​ចលនា​របស់​យើង​។

និន្នាការ​ភាព​ធាត់​នៅ​អាស៊ី​​

ជំងឺ​សរសៃ​ឈាម​បេះដូង​ ដូច​ជា​ជំងឺ​ខ្សោយ​បេះដូង​ គាំង​បេះ​ដូង​ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ បាន​ក្លាយ​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​ស្លាប់​មុន​អាយុ​នៅ​អាស៊ី​។ ទន្ទឹម​នឹង​នេះ​ ប្រទេស​ឥណ្ឌា​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចំនួន​ ៧៧​លាន​នាក់​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ចិន​។

ខណៈ​ដែល​គេ​ដឹង​ថា​អាស៊ីអាគ្នេយ៍​មាន​ចំនួន​​អ្នក​លើស​ទម្ងន់​ និង​ធាត់​ ទាប​ជាង​គេ​​បំផុត​នៅ​លើ​ពិភព​លោក​ តែ​តំបន់​នេះ​​ក៏​កំពុង​មាន​និន្នាការ​កើន​ឡើង​នូវ​អ្នក​លើស​ទម្ងន់​ និង​ធាត់​គួរ​ឱ្យ​​បារម្ភ​ដែរ​ក្នុង​រយៈ​ពេល​ ១០​ មក​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។

រង្វាស់​សុខភាព BMI ​របស់ Hello Health​ បាន​ប្រមូល​ព័ត៌មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​នាក់​នៅ​​តំបន់​នេះ​ក្នុង​រយៈ​ពេល ​៦​ខែ។ ផ្អែក​លើ​អ្នក​ដែល​បាន​ប្រើ​រង្វាស់​សុខភាព​ BMI​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​វៀតណាម​ ៤៣,៧៤% ប្រទេស​កម្ពុជា​ ៤៣,០៣%) និង​កោះ​តៃវ៉ាន់​ ៤១,៦២% ​មាន​ចំនួន​មនុស្ស​ដែល​មាន​សុខ​ភាព​ល្អ​ច្រើន​ជាង​គេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​ទាំង​នេះ​ក៏​មាន​ការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ជិត​លើស​ទម្ងន់​ដែរ​ដូ​ច​ជា​ វៀត​ណាម​កើន​ ១៧,៨៣% កម្ពុជា​កើន ១៧,៧៩% និង​កោះ​តៃវ៉ាន់​កើន ១៩,២៣% បើ​ធៀប​នឹង​​ហ្វីលីពីន​ដែល​មាន​ការ​កើន​ ១៣,៧១%​ ដែល​សុទ្ធ​តែ​ជា​ប្រទេស​ប្រឈម​នឹង​ភាពធាត់​។

ប្រទេស​ឥណ្ឌា​ និង​ម៉ាឡេស៊ី​មាន​ចំនួន​មនុស្ស​ធាត់​ច្រើន​ជាង​គេ ក្នុង​នោះ​ឥណ្ឌា​បាន​កត់​ត្រា​អ្នក​ធាត់​កម្រិត​១ មាន​ ២៧,១៩% និង​អ្នក​ធាត់​កម្រិត​២ ​មាន ១០,៨២%។ ប្រទេស​ម៉ាឡេស៊ី​បាន​កត់​ត្រា​អ្នក​ធាត់​កម្រិត​១ មាន ២៣,៤៣% និង​អ្នក​ធាត់​កម្រិត​២ មាន ១៣,៤៧%​។

ផ្ទុយ​ទៅ​វិញ​ ប្រទេស​ឥណ្ឌា​ និង​ហ្វីលីពីន​មាន​ចំនួន​មនុស្ស​ធាត់​ខ្លាំង (អ្នក​ធាត់​កម្រិត​៣) ​ច្រើន​ជាង​គេ ដែល​មាន ពិន្ទុ​សន្ទស្សន៍​ម៉ាស​រាង​កាយ​ (BMI) ៤០ ឬ​ខ្ពស់​ជាង​នេះ​។ ក្នុង​នោះ​​ឥណ្ឌា​មាន​ មនុស្ស​ធាត់​ខ្លាំង​ ៥,៣៥% និង​ហ្វីលីពីន​មាន​ ៥,៣៣%។​

ទិន្នន័យ​ដែល​ប្រមូល​ដោយ​ Hello Health ទាំង​នេះ​ត្រូវ​គ្នា​នឹង​និន្នាការ​សកល​លោក​។ យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៦​ របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា នៅ​អាស៊ី​មនុស្ស​ពេញវ័យ​ ១,៩ពាន់​លាន​នាក់​លើស​ទម្ងន់​ និង​មាន​មនុស្ស​ធាត់​ ៦៥០​លាន​នាក់​​។

តើ​អ្នក​ប្រឈម​នឹង​ជំងឺ​ធាត់​មែន​ទេ​? តោះ​ចាប់​ផ្តើម​គណនា ​BMI​ នៅទី​នេះ

ចំណុច​​សំខាន់​ៗ​គួរដឹង

  • ខណៈ​ពេល​ដែល​អាស៊ីអាគ្នេយ៍​មាន​ករណី​មនុស្ស​លើស​ទម្ងន់​ និង​ធាត់​ទាប​បំផុត​លើ​​ពិភពលោក តំបន់​នេះ​មាន​និន្នាការ​នៃ​ការ​កើន​ឡើង​មនុស្ស​លើស​ទម្ងន់​ និង​ធាត់​គួរ​ឱ្យ​ព្រួយ​បារម្ភ​ក្នុង​រយៈ​ពេល​ ១០ ទៅ ១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។
  • ផ្អែក​លើ​ការ​គណនា​ជា​មួយ​ឧបករណ៍​គណនា​ BMI ​របស់​ Hello Health យើង​បាន​រក​ឃើញ​ថា៖
  • ប្រទេស​ឥណ្ឌា​មាន​ចំនួន​មនុស្ស​លើស​ទម្ងន់​ និង​ធាត់​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រុមហ៊ុន Hello Health ធ្វើ​ប្រតិបត្តិការ​។
  • ប្រទេស​ឥណ្ឌូណេស៊ី​មាន​ចំនួន​មនុស្ស​មិន​គ្រប់​ទម្ងន់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រុមហ៊ុន Hello Health ធ្វើ​ប្រតិបត្តិការ​។
  • ប្រទេស​វៀតណាម​មាន​មនុស្ស​ដែល​មាន​សុខ​ភាព​ល្អ​បំផុតក្នុង​​​ចំណោម​ប្រទេស​ដែល​ក្រុមហ៊ុន Hello Health ធ្វើ​ប្រតិបត្តិការ​។
  • ប្រទេស​ម៉ាឡេស៊ី​មាន​ប្រជាជន​លើស​ទម្ងន់ និង​ធាត់​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។
  • កំណើន​សេដ្ឋកិច្ច​របស់​អាស៊ី​បាន​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ក្នុង​តំបន់​
  • ការ​ផ្លាស់​ប្តូរ​ទៅ​របៀប​រស់​នៅ​តាម​បែប​អ្នក​ទីក្រុង​កាន់​តែ​ច្រើន​នៅ​ទូទាំង​អាស៊ី​បាន​នាំ​ឱ្យ​មាន «អន្តរកាល​អាហារូបត្ថម្ភ» ដែល​មនុស្ស​ទទួល​ទាន​អាហារ​ដែល​មាន​ថាមពល​ខ្ពស់​កាន់​តែ​ច្រើន ​ដោយសារ​មនុស្ស​ញ៉ាំ​អាហារ​ខាង​ក្រៅ​ច្រើន និង​ស្វែង​រក​អាហារ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​។
  • មនុស្ស​វ័យ​ក្មេង (ក្មេង​ជំទង់ និង​មនុស្ស​ពេញ​វ័យ​) ដែល​រស់​នៅ​ក្នុង​តំបន់​ទី​ក្រុង​ងាយ​នឹង លើស​ទម្ងន់​ ឬ​ធាត់​។

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?