ប៉ាម៉ាក់ភាគច្រើន នៅពេលដែលកូនៗធ្វើអំពើមួយយើងមិនពេញចិត្ត ឬធ្វើខុស បើមិនបានវាយកូនមួយដៃដូចនៅមិនសុខ ព្រោះខ្លាចកូននៅតែខូច។ ប៉ុន្តែយើងត្រូវដឹងថា ការដែលប្រើពាក្យគំរោះគំរើយ ឬវាយដំកូនដោយសារចង់កែទង្វើឆ្គាំឆ្គងរបស់កូនចេញ មិនមែនជាតិចនិកល្អ ដូចដែលយើងគិតទេ ហើយបែរជាផ្ដល់ការចងចាំមិនល្អដល់កូនថែមទៀត។
ក្នុងករណីដែលកូនមិនស្ដាប់បង្គាប់ យើងមិនចាំបាច់វាយ ឬស្រែកគំហកដាក់កូនទេ ព្រោះអំពើវាយតប់ ស្រែកគំហកដាក់កូននេះ សុទ្ធតែផ្ដល់ភាពអវិជ្ជមានដល់កូន ថែមទាំងអាចឲ្យកូនខ្លាចយើងជាម៉ាក់ប៉ាមិនហ៊ាននៅជិតក៏ថាបាន។ នេះបើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។
ការប្រើអំពើហិង្សាទៅលើកូន ជំនួសដោយការបង្រៀនលួងលោមកូន មិនអាចកែប្រែទង្វើខុសឆ្គងរបស់កូនបានទេ ហើយលើសពីនេះ វាអាចធ្វើឲ្យចរិតកូនកាន់តែយ៉ាប់៖
– ការដាក់ទណ្ឌកម្មកូន អាចធ្វើឲ្យកូនចេះនិយាយកុហក ដើម្បីគេចពីការវាយ ឬស្ដីឲ្យរបស់ម៉ាក់ប៉ា ហើយកូនអាចទម្លាក់កំហុសទៅឲ្យអ្នកផ្សេង ជាដើម
– ការដាក់ទណ្ឌកម្មមិនជួយសម្រួលដល់អារម្មណ៍កូនទេ បែរជាធ្វើឲ្យកូនគិតថា ម៉ាក់ប៉ាមិនស្រលាញ់ហើយលាក់ទុកអារម្មណ៍ខ្លួន រហូតផ្ទុះចេញមកក្រៅនៅថ្ងៃណាមួយ
– ទំនាក់ទំនងរវាងកូន និងម៉ាក់ប៉ានឹងត្រូវថយចុះនៅពេលដែលយើងវាយកូន ស្រែកគំហកខ្លាំងៗដាក់កូន
– យើងគិតថា ការដាក់ទណ្ឌកម្មកូននឹងធ្វើឲ្យកូនស្គាល់កំហុស ឬកែប្រែចរិតមកត្រឹមត្រូវវិញ តែពេលខ្លះ យើងកាន់តែដាក់ទណ្ឌកម្ម កូនកាន់តែល្មើសសម្ដីយើង ធ្វើរឿងអាក្រក់ៗលើសដើម
– ចំពោះក្មេងៗ នៅពេលដែលយើងងាកវាយ ងាយស្រែកឲ្យ អាអូនច្បាស់ជាគិតថា ម៉ាក់ប៉ាមិនស្រឡាញ់ ហើយអាចបណ្ដាលឲ្យកូនបាត់បង់ភាពជឿជាក់លើខ្លួនឯង ឬអាចប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់កូនថែមទៀត។ល។
នៅពេលដែលកូនមួរម៉ៅ កិកកុក ឬមានចរិតមិនសមរម្យ យើងត្រូវរកមូលហេតុច្បាស់មុនសិនថា ហេតុអីបានសុខៗកូនមានចរិតបែបនេះ។ ម៉ាក់ប៉ាក៏អាចដោះស្រាយចរិតមិនសមរម្យរបស់កូនបានដោយវិធីត្រជាក់អស់នេះបានដែរដូចជា៖
- បង្ហាញក្ដីស្រលាញ់ទៅកូន
- បង្រៀនកូនឲ្យចេះសុំទោស
- បញ្ជាក់ពីវិន័យច្បាស់ៗជាមួយកូន
- បង្រៀនកូនឲ្យចេះទទួលខុសត្រូវកំហុសខ្លួន។ល។
[embed-health-tool-vaccination-tool]