backup og meta

ស្រ្តូក កើតលើមនុស្សវ័យក្មេង អាចមកពីមូលហេតុ​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 06, 2021

    ស្រ្តូក កើតលើមនុស្សវ័យក្មេង អាចមកពីមូលហេតុ​ទាំងនេះ

    គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ ឬ​ស្រ្តូក ជា​ទូ​ទៅ​មិន​កើត​លើ​មនុស្ស​វ័យ​ក្មេង​នោះ​ទេ ប៉ុន្តែ​បើ​វា​កើត​មាន​ នោះ​បាន​ន័យ​ថា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ហើយ​។ តើ​បញ្ហា​នេះ​កើត​លើ​មនុស្ស​វ័យ​ក្មេង​បាន​យ៉ាង​ដូច​ម្ដេច និង​ត្រូវ​ដោះ​ស្រាយ​បែប​ណា​?​

    ហេតុ​អ្វី​មនុស្ស​វ័យ​ក្មេង​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល?​

    ជា​ទូ​ទៅ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ច្រើន​តែ​កើត​លើ​មនុស្ស​វ័យ​ចំណាស់ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខ​ភាព។ នេះ​មាន​ន័យ​ថា​មនុស្ស​មាន​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​កើត​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​កើន​ឡើង​ដែរ​។

    អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ គឺ​មនុស្ស​វ័យ​ក្មេង​នៅ​ពេល​នេះ​ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដែរ​។ តាម​ការ​ប៉ាន់​ប្រមាណ ​ក្នុង​ចំណោម​អ្នក​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ចន្លោះ​ពី​៣,៧​ទៅ​១០​ភាគ​រយ ជា​មនុស្ស​មាន​វ័យ​៤៥​ឆ្នាំ ឬ​តិច​ជាង​នេះ​ ហើយ​ថា​ចំនួន​នេះ​បាន​កើន​ឡើង​រាល់​ឆ្នាំ​។​​

    ដួលសន្លប់

    តើ​អ្វី​ជា​មូល​ហេតុ​បង្ក​?

    កត្តា​ប្រឈម​​ដែល​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​កើត​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​លើ​មនុស្ស​​វ័យ​​ចំណាស់​ ក៏​អាច​ជា​កត្តា​ប្រឈម​សម្រាប់​មនុស្ស​វ័យ​ក្មេង​ដែរ​។ កត្តា​ប្រឈម​ទាំង​​នោះ​មាន​ដូច​ជា​ការ​ជក់​បារី ​ធាត់​ លើស​សម្ពាធ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម ឡើង​កម្រិត​កូលេស្តេរ៉ូល និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​ជា​ដើម​។​

    យ៉ាង​ណា អ្វី​ទាំង​នេះ​មិន​មែន​ជា​មូលហេតុ ឬ​កត្តា​ប្រឈម​​ផ្ដាច់​មុខ​នោះ​ទេ នៅ​មាន​កត្តា​មួយ​ចំនួន​ទៀត​ធ្វើ​ឲ្យ​មនុស្ស​វ័យក្មេង​ជួប​បញ្ហា​គ្រ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

    បញ្ហា​បេះ​ដូង​

    មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​បេះដូង​ពី​កំណើត ដែល​អាច​នាំ​ឲ្យ​មាន​​​ដុំ​កំណក​ឈាម​កើត​ឡើង​នៅ​ក្នុង​បេះ​ដូង និង​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរក្បាល​។​

    បញ្ហា​បេះ​ដូង​ផ្សេង​ទៀត គឺ​​បញ្ហា​ថត​បេះដូង​មិន​បិទ​ភ្លាម​ៗ​ក្រោយពេល​កើត​​ តែ​ថា​អ្នក​​មាន​​បញ្ហា​នេះ​ភាគ​ច្រើន​មិន​​បង្ក​ជា​បញ្ហា​សុខភាព​ទេ។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី គ្រូពេទ្យ​នៅ​តែ​រក​ឃើញ​ថា​អ្នក​មាន​​ជួប​​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​មួយ​ចំនួន​តូច រងគ្រោះ​ព្រោះ​បញ្ហា​នេះ​ដែរ​។​​​​​​​

    ជំងឺ​ឈាម​

    គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​ដោយសារ​តែ​មាន​ដុំ​កំណក​ឈាម ដែល​អាច​ទៅ​បិទ​លំហូរ​ឈាម​ចូល​​ទៅ​ខួរ​ក្បាល​។ នៅ​ពេល​មនុស្ស​វ័យ​ក្មេង​​កើត​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ មូល​ហេតុ​ដែល​អាច​បង្ក​ឡើង​បាន​គឺ​ជំងឺ​ឈាម​នេះ​ដែរ​។

    ជំងឺ​ឈាម​ជាក់​លាក់​មួយ​ចំនួន អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​នាំ​ឲ្យ​កើត​មាន​​បញ្ហា​ដុំ​កំណក​ឈាម ដែល​នេះ​មាន​ន័យ​ថា​​ដុំ​កំណក​ឈាម​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរ​ក្បាល និង​បង្ក​ជា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។​

    ​​

    ជំងឺ​ប៉ោង​សរសៃឈាម​ក្រហម

    ជំងឺ​ប៉ោង​សរសៃ​ឈម​ក្រហម ជា​បញ្ហា​សុខ​ភាព​មួយ​ដែល​សរសៃ​ឈាម​អាក់ទែ​ចាប់​ផ្ដើម​ចុះ​ខ្សោយ និង​ឡើង​ប៉ោង​។ យូ​រ​ៗ​ទៅ ​សរសៃឈាម​ក្រហម​ដែល​​ប៉ោង នឹង​បែក​ធ្លាយ ហើយ​បង្ក​ជា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​បាន​។​​

    មនុស្ស​មួយ​ចំនួន​កើត​មក​មាន​បញ្ហា​នៅ​សរសៃ​ឈាម​អាក់ទែ ដែល​បង្ក​ឲ្យ​អ្នក​​ទាំង​នោះ​ខ្សោយ និង​ងាយ​កើត​ជំងឺ​ប៉ោង​សរសៃ​ឈាម​ក្រហម​។ ជាក់ស្ដែង បើ​សិន​ជា​សមាជិក​គ្រួសារ​យើង​មាន​ជំងឺ​បែប​នេះ យើង​ក៏​មាន​ហានិភ័យ​ដូច​គ្នា​។

    រហែក​សរសៃឈាម​អាក់ទែ

    ការ​រហែក​សរសៃ​ឈាម​អាក់ទែ ដែល​អាច​កើត​មាន​នៅ​ត្រង់​ក​របស់​មនុស្ស​យើង​ ក៏​អាច​បង្ក​ជា​​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​សម្រាប់​មនុស្ស​វ័យ​ក្មេង​ដូច​គ្នា​។​

    ឈឺ​ក្បាល​ប្រកាំង​ញឹក​ញាប់

    ឈឺក្បាល​ប្រកាំង​ ​លើស​ពី​ការ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ​។ ឈឺ​ក្បាល​ប្រកាំង ជា​ប្រភេទ​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ ហើយ​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា អ្នក​ជួប​បញ្ហា​ប្រកាំង​ញឹក​ញាប់​ អាច​កើន​ឡើង​ហានិភ័យ​ជួប​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ដែរ​។

    នេះ​មាន​ន័យ​ថា​បើ​អ្នក​ណា​ម្នាក់ ​តែង​តែ​ឈឺ​ក្បាល​ប្រកាំង នោះ​ហានិភ័យ​កើត​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ក៏​កាន់​តែ​ខ្ពស់​ដែរ​ ហើយ​នៅ​ពេល​មាន​វ័យ​កាន់​តែ​ចាស់ កត្តា​ប្រឈម​នេះ​ក៏​កាន់​តែ​ខ្ពស់​ថែម​ទៀត​។​​

    ប្រើ​ប្រាស់​សារធាតុ​ញៀន​ខុស​ច្បាប់​

    សារធាតុ​ញៀន​ខុស​ច្បាប់ អាច​បន្សល់​ទុក​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​រាង​កាយ​របស់​យើង​ ដោយ​មួយ​ក្នុង​ចំណោម​នោះ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។

    មនុស្ស​វ័យ​ក្មេង ដែល​ប្រើ​ប្រាស់​សារធាតុ​ញៀន​ខុស​ច្បាប់ អាច​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

    វិធី​ការពារ​

    ​ជាក់​ស្ដែង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​កើត​លើ​មនុស្ស​វ័យ​ក្មេង​មិន​អាច​ការពារ​បាន​គ្រប់​ពេល​នោះ​​ទេ ពិសេស​បើ​បញ្ហា​នេះ​កើត​ឡើង​​ពេល​យើង​មិន​ដឹង​ថា​មាន​បញ្ហា​សុខ​ភាព​ណា​មួយ​ទៀត​​នោះ​។ យ៉ាងណា វិធី​បង្ការ​ទូ​ទៅ​មួយ​ចំនួន​ដើម្បី​បន្ថយ​ហានិភ័យ​​បញ្ហា​សុខភាព​មួយ​នេះ​ក៏​មាន​ខ្លះ​ដែរ។ ការ​ញ៉ាំ​អាហារ ​សុខភាព មាន​បន្លែ ផ្លែ​ឈើ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ និង​ការពារ​ខ្លួន​ឲ្យ​មាន​កូលេស្តេរ៉ូល​ឡើង​ខ្ពស់។ ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​បាន​ជាប់​ជាប្រចាំ ដូចជា​ហាត់​ប្រាណ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព និង​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម