អាការៈប្រកាច់ អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិត បើសិនភ្លាមៗ មិនទទួលបានការជួយសង្គ្រោះបឋមត្រឹមត្រូវ ឬមិនទាន់ពេល។ ករណីភាគច្រើន អាចមានរឹងថ្គាម ខាំអណ្តាត ហើយករណីកម្រ អាចធ្វើឲ្យខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ នៅពេលប្រទះឃើញនរណាម្នាក់មានអាការៈប្រកាច់ គ្នាយើងគួរតែចេះវិធីសង្គ្រោះបឋមខ្លះៗ “Hello គ្រូពេទ្យ” នឹងណែនាំក្នុងអត្ថបទនេះ។
១- សង្គ្រោះបឋមអាការៈប្រកាច់អាស្រ័យលើស្ថានភាពជាក់ស្តែង
ការប្រកាច់មានច្រើនប្រភេទ ហើយភាគច្រើន កើតឡើងត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ ទាំងនេះជាគន្លឹះទូទៅ ដើម្បីជួយអ្នករងគ្រោះដែលប្រកាច់ ដូចជា៖
– បន្ធូរសំលៀកបំពាក់នៅជុំវិញកជនរងគ្រោះ ដើម្បីចៀសវាងកុំឲ្យពិបាកដកដង្ហើម។
– យកវត្ថុអាចមុត ឬរឹងចេញឲ្យឆ្ងាយពីជនរងគ្រោះ បើជនរងគ្រោះស្ថិតនៅកន្លែងអាចបង្កគ្រោះថ្នាក់។ ត្រូវចាំថា មិនត្រូវលើកជនរងគ្រោះកំពុងប្រកាច់ ចេញទេ។
– នៅជិតជនរងគ្រោះ រហូតទាល់តែគេដឹងខ្លួនឡើងវិញ ហើយបន្ទាប់ពីប្រកាច់ចប់ ត្រូវជួយឲ្យគេអង្គុយនៅកន្លែងមានសុវត្ថិភាព។ ពេលមានស្មារតី និងអាចនិយាយវិញ ត្រូវប្រាប់ជនរងគ្រោះឲ្យនៅស្ងៀម និងប្រាប់ពីអ្វីដែលកើតឡើងចំពោះគាត់។
– លួងជនរងគ្រោះ និងនិយាយដោយថ្នម ហើយស្ងាត់ៗ។
– ប្រើខ្នើយទន់ ដើម្បីលើកក្បាលគាត់ឡើង ប្រសិនបើមានដួលទៅលើដី។
– បន្ទាប់ពីប្រកាច់ ត្រូវផ្អៀងជនរងគ្រោះទៅម្ខាង ដើម្បីឲ្យផ្លូវដង្ហើមបើក និងការពារកុំឲ្យគាត់ស្រូបចូល សារធាតុរាវណាមួយហៀរពីមាត់។
– ពិនិត្យមើលពេលវេលាម្ដងទៀត បើប្រកាច់មិនឈប់ក្នុងពេល ៥នាទី ប្រញាប់ហៅរថយន្តសង្គ្រោះបន្ទាប់ភ្លាម។
– បន្ទាប់ពីប្រកាច់ ត្រូវដាក់ជនរងគ្រោះក្នុងស្ថានភាពសុវត្ថិភាព (Recovery position) ស្ថានភាពដេកផ្អៀងទៅម្ខាងដោយលើកជង្គង់ទប់ និងពិនិត្យមើលដង្ហើម ត្រលប់មកធម្មតាហើយឬនៅ។ បើដង្ហើមឮសូរពិបាកដក ត្រូវពិនិត្យមើលក្នុងមាត់ ដើម្បីប្រកដថាគ្មានអ្វីស្ទះផ្លូវដង្ហើម ហើយហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម។
– អាចជួយហៅតាក់ស៊ី ឬសាច់ញាតិជនរងគ្រោះ ដើម្បីប្រាកដថា ជូនគាត់ទៅដល់ផ្ទះដោយសុវត្ថិភាព។
២- សកម្មភាពផ្សេងទៀតគួរតែគិត
– ត្រូវនៅស្ងៀមនឹងតាំងចិត្តឲ្យស្ងប់ តាមដែលអាចធ្វើបាន
– កត់សម្គាល់ ពេលវេលាប្រកាច់ ទាំងពេលចាប់ផ្ដើម និងបញ្ចប់ តើមានអ្វីកើតឡើងមុនពេលប្រកាច់។
– មិនត្រូវចាប់ជំងឺឲ្យស្ងៀម ឬលើកគាត់ចេញទាំងកំពុងប្រកាច់ជាដាច់ខាត។
– មិនត្រូវដាក់អ្វីចូលមាត់គាត់ឡើយ ព្រោះវាអាចធ្វើឲ្យរបួសថ្គាម និងធ្មេញ។
– មិនត្រូវព្យាយាមជំនួយដង្ហើមតាមមាត់ដល់ជនរងគ្រោះឡើយ ដូចជាវិធីសង្គ្រោះបឋម CPR ជាដើម។ ជនរងគ្រោះជាទូទៅ នឹងចាប់ផ្ដើមដកដង្ហើមដោយខ្លួនឯងវិញ បន្ទាប់ពីប្រកាច់រួច។
– ក្នុងករណីខ្លះ បើដឹងថាជនរងគ្រោះមានជំងឺឆ្កួតជ្រូក (Epilepsy patient) មិនចាំបាច់ហៅរថយន្តសង្គ្រោះបន្ទាន់ឡើយ។
– មិនត្រូវឲ្យអាហារ ឬទឹកទៅជនរងគ្រោះ រហូតទាល់តែមានស្មារតីធម្មតាវិញ។
– បើជនរងគ្រោះមានរបួស ឬប្រកាច់ម្ដងទៀតដោយមិនទាន់ធូរស្រាល ពីការប្រកាច់លើកទីមួយទេ ត្រូវហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម។
៣- ករណីយើងខ្លួនឯងមានជំងឺឆ្កួតជ្រូក
– ត្រូវពាក់ស្លាកសម្គាល់ជំងឺជានិច្ច បើមានករណីបន្ទាន់ណាមួយកើតឡើង ចំណេះដឹងពីការប្រកាច់យើងទទួលបាន អាចជួយមនុស្សជុំវិញខ្លួន តាមរយៈវិធីសាស្ត្រត្រឹមត្រូវ និងមានសុវត្ថិភាព។
– ចៀសវាងការផឹកស្រា ដោយសារអាចធ្វើឲ្យប្រសិទ្ធិភាពថ្នាំថយចុះ និងបន្ថយរលកសញ្ញាប្រកាច់របស់ខួរក្បាល (Brain’s seizure threshold)។
– ត្រូវប្រាកដថាគ្រួសារ មិត្តភក្ដិ និងមិត្តរួមការងារ ដឹងថាត្រូវធ្វើដូចម្ដេចនៅពេលយើងប្រកាច់។
[embed-health-tool-bmi]