ជំងឺអេពីឡឹបស៊ី ឬឆ្កួតជ្រូក មកពីអី? ពេលប្រកាច់ត្រូវជួយអ្នកជំងឺរបៀបណា?
ជំងឺអេពីឡឹបស៊ី ដែលពលរដ្ឋយើងស្គាល់ និងចំណាំតែហៅថា ឆ្កួតជ្រូកនោះ តើបណ្តាលមកពីមូលហេតុអី? យើងត្រូវជួយអ្នកជំងឺដោយរបៀបណា ទើបមិនមានគ្រោះថ្នាក់ដល់ជីវិត? តាមពិតជំងឺអេពីឡឹបស៊ី មិនមែនជាជំងឺឆ្កួតជ្រូកដូចដែលគេហៅនោះឡើយ ជំងឺនេះពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃចរន្តអគ្គិសនីនៅក្នុងកោសិកាខួរក្បាល។ ជំងឺអេពីឡឹបស៊ី មានច្រើនទម្រង់ ដូចជា ការប្រកាច់ដោយផ្នែក ការភ្លឹក ការកន្ត្រាក់សាច់ដុំ និងការប្រកាច់ពេញទាំងខ្លួនជាដើម។ សមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា នាពេលកន្លងមកបានស្នើឲ្យបានសំណូមពរឲ្យពលរដ្ឋខ្មែរយើងប្រើឈ្មោះ អេពីឡឹបស៊ី ជំនួសឲ្យជំងឺឆ្កួតជ្រូក ដើម្បីកុំឲ្យមានការរើសអើង ពេបជ្រាយលើអ្នកជំងឺ។ តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត មិនថានៅស្រុកខ្មែរ ឬបរទេសនោះទេ អ្នកជំងឺអេពីឡឹបស៊ី ច្រើនមិនបានមកទទួលការព្យាបាល ដោយសារទម្លាប់ និងកង្វះការយល់ដឹងអំពីជំងឺនេះ ពេលខ្លះអ្នកជំងឺត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។ ឯមូលហេតុដែលបណ្តាលឲ្យមានជំងឺអេពីឡឹបស៊ីមានច្រើន ហើយអ្នកជំងឺលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុនាំឲ្យកើតជំងឺអេពីឡឹបស៊ី – ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃរឈាមខួរក្បាល – ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល – ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល – មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនញ៉ា នៅក្នុងខួរក្បាល – ការវិវត្តខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ – ពុលដោយសារផឹកគ្រឿងស្រវឹងច្រើនពេក ឬប្រើថ្នាំញៀនផ្សេងៗ។ ចំពោះវិធីជួយសង្គ្រោះអ្នកជំងឺ អេពីឡឹបស៊ី នៅពេលមានអាការៈប្រកាច់ សន្លប់បាត់ស្មារតីដួលម្តងៗ យើងត្រូវជួយអ្នកជំងឺឲ្យដេកផ្អៀង ចៀសវាងការដាក់ឲ្យគេងត្រង់ ឬផ្ងារ ដើម្បីបង្ការពេលអ្នកជំងឺច្រាលអាហារចេញមកអំឡុងពេលប្រកាច់ បង្កទៅជាស្ទះដង្ហើម ប៉ះពាល់ដល់ជីវិត។ […]