ជំងឺកកឈាមស្រួចស្រាវចន្លោះស្រោមខួរ (Acute Subdural Hematoma) គឺជាការកកឈាមក្រោយពីការប៉ះទង្គិចរហូតដល់រយៈពេលមួយសប្ដាហ៍ ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺកកឈាមចន្លោះស្រោមខួរទាំងអស់ (Subdural Hematoma)។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ជាទូទៅ វាកើតឡើងបន្ទាប់ពីរបួសក្បាលធ្ងន់ធ្ងរដែលកើតឡើងដោយសារការប៉ះទង្គិចត្រង់ក្បាលខ្លាំងដូចជាការរអិលដួលបោកក្បាល ការធ្លាក់ពីលើទីខ្ពស់ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម ហើយការប៉ះទង្គិចធ្ងន់ធ្ងរដែលធ្វើឲ្យខួរក្បាលរបស់មនុស្សខូចដោយសារមូលហេតុចំនួន៣គឺ៖
១. បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូង និងសួត
២. បណ្ដាលមកពីការបែកសរសៃអាកទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល
៣. ការខូចខាតដល់ជាលិកាខួរក្បាល ដែលបណ្ដាលឲ្យមានការហូរឈាមក្នុងខួរក្បាល។
លើសពីនេះ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយ និងបង្អាក់នូវលំហូររបស់សរសៃឈាមខួរក្បាល ហើយជាលទ្ធផល វានឹងធ្វើឲ្យមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាល ដែលជាមជ្ឈមណ្ឌលបញ្ជាវិញ្ញាណរបស់យើងម្នាក់ៗ។
ក្នុងករណីដែលអ្នកជំងឺប៉ះទង្គិចក្បាល រោគសញ្ញារបស់ជំងឺកកឈាមស្រួចស្រាវនៅក្នុងស្រទាប់ខួរក្បាល ASH នឹងលេចចេញបន្ទាប់ពីរងគ្រោះហើយដូចជា ឈឺក្បាលខ្លាំង ឬតិច វង្វេង ក្អួតចង្អោរ ពិបាកនិយាយ ឬនិយាយមិនចេញ បាត់បង់ស្មារតី ឬសន្លប់។ល។
មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺកកឈាមប្រភេទនេះ មានហានិភ័យខ្ពស់រហូតអាចបណ្ដាលឲ្យអ្នកជំងឺប្រឈមនឹងការបាត់បង់ជីវិត និងទាមទារឲ្យអ្នកជំងឺចូលសម្រាកក្នុងមន្ទីរពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់យកឈាមកកចេញ។
[embed-health-tool-bmi]