ម៉ាក់ៗដែលបំបៅដោះកូនប្រាកដជាបានកត់សម្គាល់ហើយ ទឹកដោះមានទាំងថ្លា និងខាប់។ តើទឹកដោះទាំង ២ ប្រភេទនេះខុសគ្នាម៉េចខ្លះ? មួយណាសម្បូរសារធាតុចិញ្ចឹមជាង?
លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានពន្យល់ថា ទឹកដោះម្តាយមាន ទឹកដោះដើម និងទឹកដោះចុង។ ទឹកដោះដើម មានសភាពថ្លាៗ ជាទឹកដោះដែលចេញពេលកូនចាប់ផ្តើមម៉ឹមដំបូងគេ ហើយសម្បូរជាតិទឹកខ្លាំង។ “ឧបមាថា ពេលដែលហូរ ឬយើងច្របាច់ចេញដំបូង ទឹកដោះមានសភាពថ្លា គេហៅថាទឹកដោះដើម ដែលសម្បូរដោយជាតិទឹក និងជាតិស្ករតិចតួច”។
ចំពោះទឹកដោះខាប់ៗជាទឹកដោះចុង ដែលនៅបាតដោះ មានសភាពខាប់ជាងទឹកដោះដើម សម្បូរគ្រប់សារធាតុចិញ្ចឹមទាំងអស់។ លោកជំទាវវេជ្ជបណ្ឌិតបានពន្យល់ថា បើសិនជាម្តាយឲ្យកូនបៅតែទឹកដោះដើមតិចៗ មិនបានឲ្យកូនបៅអស់ដល់ទឹកដោះចុង នោះកូនមិនបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។
“ម្តាយខ្លះលើកឡើងថា ខ្ញុំបំបៅដោះកូនដែរ ម៉េចក៏កូនអត់ថ្លោស កូនគេបៅដោះដូចគ្នា ម៉េចក៏កូនគេថ្លោស? អាហ្នឹងពាក់ព័ន្ធនឹងការបំបៅដែរ អ៊ីចឹងបានពេលយើងឲ្យកូនបៅម្តងៗ ធ្វើម៉េចឲ្យកូនទទួលបានទាំងទឹកដោះដើម និងទឹកដោះចុង”។ លោកជំទាវវេជ្ជបណ្ឌិតរៀបរាប់។
[embed-health-tool-vaccination-tool]