យើងទាំងអស់គ្នាសុទ្ធតែចូលចិត្តទឹកដោះគោ ហើយពេលខ្លះក៏មានអាលែកហ្ស៊ីកើតឡើងផងដែរ ពិសេសលើកុមារនិងទារក (២ទៅ៣%លើកុមារ)។ អាលែកហ្ស៊ីទឹកដោះគោលើកុមារ គឺបណ្ដាលមកពីប្រតិកម្មខ្លាំងជ្រុលរវាងប្រូតេអ៊ីន និងប្រព័ន្ធភាពស៊ាំរបស់កុមារ។ ដូចនេះគ្នាយើងគួរដឹងពីមូលហេតុដែលនាំឲ្យមានអាលែកហ្សីនេះ និងវិធីបង្ការកូនរបស់យើងដូចខាងក្រោម៖
១. ភាពខុសគ្នារវាងអាលែកហ្ស៊ីទឹកដោះគោ និងការមិនស៊ាំនឹងជាតិឡាក់តូស
មនុស្សភាគច្រើនគិតថាវាដូចគ្នា។ សូមកុំយល់ច្រឡំ។ អាលែកហ្ស៊ីទឹកដោះគោ គឺជាប្រតិកម្មរវាងប្រព័ន្ធភាពស៊ាំរបស់កុមារទៅនឹងប្រូតេអ៊ីនរបស់ទឹកដោះគោ។ នៅពេលពេលប្រូតេអ៊ីនទឹកដោះគោត្រូវបានញ៉ាំចូលទៅហើយ វានឹងបង្កើតជាប្រតិកម្មដែលលេចចេញជាកន្ទួលរមាស់ កន្ទាលត្រអាក ស្បែកឡើងក្រហម ហើមមុខ ពិបាកដកដង្ហើម ថប់ដង្ហើម និងបាត់ស្មារតីជាដើម។ ពេលខ្លះទៀតការអាលែកហ្ស៊ីនឹងចំណីអាហារបែបនេះអាចប៉ះពាល់ដល់ជីវិតទៀតផង។
ចំណែកភាពមិនស៊ាំនឹងជាតិឡាក់តូសរបស់ទឹកដោះគោវិញ គឺគ្មានទំនាក់ទំនងជាមួយប្រព័ន្ធភាពស៊ាំនោះទេ។ មនុស្សដែលមានបញ្ហានេះគឺដោយសារមានកង្វះអង់ស៊ីមដើម្បីបំបែកជាតិស្ករក្នុងទឹកដោះគោ។ រួចវានឹងមានសញ្ញាដូចជា វិលមុខ ឈឺសាច់ដុំ ហើមពោះ និងរាកជាដើម។ វិបត្តិនេះជាកត្តាធ្វើឲ្យមានផលរំខានប៉ុន្តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
រោគសញ្ញាអាលែកហ្ស៊ីទឹកដោះគោ
បន្ទាប់ពីញ៉ាំទឹកដោះគោហើយកូនអាចនឹងមានអាលែកហ្ស៊ីប្រសិនបើមានសញ្ញាដូចខាងក្រោមនេះ៖
- កណ្តាស់
- ពិបាកដកដង្ហើម
- ក្អក
- ស្អកសំឡេង
- តឹងណែនបំពង់ខ្យល់
- ឈឺពោះ
- ក្អួត
- រាក
- ហូរទឹកភ្នែកព្រមទាំងមានហើមនិងរមាស់
- មុខឡើងក្រហម
- ចេញចំណុចក្រហមលើស្បែក
- ហើម
- សំពាធឈាមធ្លាក់ចុះ
- ឈឺក្បាល និងអាចដល់សន្លប់ទៀតផង
២. តើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យដូចម្ដេចក្នុងករណីអាលែកហ្ស៊ីនេះ?
ប៉ាម៉ាក់ត្រូវស្វែងរកគ្រូពេទ្យប្រសិនបើកូនអ្នកមានសញ្ញាដូចបានរៀបរាប់ខាងលើ។ គ្រូពេទ្យនឹងសាកសួរព័ត៌មានបន្ថែមទៀតពីកូនរបស់យើង។ បន្ទាប់ពីពិនិត្យរាងកាយរួចហើយអាចនឹងត្រូវធ្វើតេស្តលាមក និងឈាមផងដែរ។ ក្នុងករណីខ្លះអាចឈានដល់តេស្តស្បែកទៀតផង។ តេស្តស្បែក គឺគេធ្វើដោយជ្រលក់យកជាតិទឹកដោះគោដាក់លើស្បែកដើម្បីមើលប្រតិកម្មវា។ ប្រសិនបើមានអាលែកហ្ស៊ីពិតមែននោះ ស្បែកដែលធ្វើតេស្តនឹងមានការហើមប៉ោង។ កូនអាចនឹងចាំបាច់ត្រូវចាក់ថ្នាំអេពីនេហ្រ្វីនដើម្បីបន្ថយអាការអាលែកហ្សីនេះ។ ក្នុងពេលបំបៅដោះ បើដឹងថាទារកមានអាលែកហ្ស៊ីហើយ ម្ដាយគួរតែចៀសវាងញ៉ាំទឹកដោះគោ និងសារធាតុដែលមានជាតិទឹកដោះគោផ្សេងទៀតដែលអាចនាំឲ្យកុមារមានអាលែកហ្ស៊ីដែរ។
ទឹកដោះគោ គឺត្រូវបានគេចាត់ទុកថាជាអាហារដែលមានអាលែកហ្ស៊ីជាងគេសម្រាប់កុមារ។ ប្រសិនបើមានរោគសញ្ញាដូចជាមុខឡើងក្រហម រាក និងសញ្ញាអាលែកហ្ស៊ីផ្សេងទៀត ម៉ាក់ៗត្រូវបញ្ឈប់ការឲ្យបៅទឹកដោះគោ និងស្វែងរកគ្រូពេទ្យជាបន្ទាន់។ បើអូនៗមិនអាចញ៉ាំទឹកដោះគោបានទេសូមជៀសឲ្យឆ្ងាយពីផលិតផលដែលមានជាតិទឹកដោះគោផ្សេងទៀតជាដាច់ខាត។
[embed-health-tool-vaccination-tool]