ក្រោយសម្រាលកូនរួចហើយ មានម៉ាក់ថ្មីថ្មោងមួយចំនួនពិបាកចិត្ត ដោយសារមិនអាចផលិតទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ ពោលគឺម៉ាក់ៗមានទឹកដោះតិច អាអូនបៅមិនឆ្អែត។ ទារកដែលបៅដោះម្ដាយមិនគ្រប់គ្រាន់ អាចមិនឡើងគីឡូគ្រប់ស្តង់ដា មើលទៅតូចជាងក្មេងដទៃជាដើម។ តែម៉ាក់ៗមិនបាច់បារម្ភពេកទេ បើខ្វះទឹកដោះឲ្យកូនបៅ អាចសាកល្បងប្រើតិចនិកបូមទឹកដោះ ដើម្បីជួយបង្កើនបរិមាណទឹកដោះបាន។
១.ប្រើប្រដាប់បូមមានគុណភាពខ្ពស់
ម៉ាក់ៗគួរប្រើប្រដាប់បូមទឹកដោះដែលមានគុណភាពខ្ពស់។ ប្រដាប់បូមទឹកដោះដោយដៃ ឬប្រដាប់បូមទឹកដោះអគ្គិសនីតូចៗនោះ គ្រាន់តែជួយបានមួយពេលៗប៉ុណ្ណោះ តែប្រដាប់បូមប្រភេទអស់នេះ មិនសូវខ្លាំងរហូតអាចជួយបង្កើនបរិមាណទឹកដោះម៉ាក់ៗបានទេ។
២. ប្រើប្រដាប់បូមទឹកដោះបានត្រឹមត្រូវ
ដើម្បីទទួលបានលទ្ធផលល្អ ម៉ាក់ៗគួរធ្វើតាមការណែនាំពីរបៀបប្រើម៉ាស៊ីនឲ្យបានត្រឹមត្រូវ និងតាមលំដាប់លំដោយល្អ។ ត្រូវប្រាកដថា ប្រដាប់បូមដាក់ស៊ុបជាប់នឹងសុដន់ម៉ាក់ៗ មិនត្រូវធំពេក ឬតូចពេកទេ។ បើមានចម្ងល់ ម៉ាក់ៗគួរតែពិភាក្សាជាមួយអ្នកជំនាញពីការប្រើប្រដាប់បូមទឹកដោះឲ្យបានត្រឹមត្រូវ។
៣.រៀបចំមុនពេលបូម
មុនពេលម៉ាក់ៗចាប់ផ្ដើមបូម ត្រូវលាងដៃ និងជ្រើសរើសកំប៉ុងដាក់ទឹកដោះណាដែលគិតថាជាជម្រើសល្អសម្រាប់ខ្លួន។ មួយទៀត គឺត្រូវរកកន្លែងសម្រាក ឬអង្គុយឲ្យសមរម្យ ព្រោះម៉ាក់ៗត្រូវប្រើពេលយ៉ាងតិច២០-៣០នាទីសម្រាប់ការបូម។
៤.បូមឲ្យញឹកញាប់
ចំពោះម៉ាក់ៗដែលឲ្យកូនបៅដោះ គួរតែបូមទឹកដោះរាល់ពេលអាអូនបៅរួច។ កាលណាដែលម៉ាក់ៗឧស្សាហ៍បូម វាជួយរំញោចដល់រាងកាយម៉ាក់ៗឲ្យផលិតទឹកដោះបន្ថែម។
៥.ស្អំកំណាត់ជ្រលក់ទឹកក្ដៅឧណ្ហៗលើសុដន់
មុនពេលបូមទឹកដោះ ម៉ាក់ៗគួរស្អំកំណាត់ជ្រលក់ទឹកក្ដៅឧណ្ហៗលើសុដន់ ដើម្បីសម្រួលដល់លំហូរទឹកដោះម្ដាយ ឲ្យការបូមកាន់តែមានភាពងាយស្រួល។
៦.បូមសុដន់១០-១៥នាទី/ម្ខាង
ប្រសិនបើម៉ាក់ៗបូមទឹកដោះម្ដងម្ខាង គួរតែផ្លាស់ប្ដូរទៅម្ខាងទៀតពេលដែលទឹកដោះឈប់ហូរ ឬហូរត្រឹម២ ៣តំណក់។ អំឡុងពេលបូមនោះ ម៉ាក់ៗគួរតែម៉ាស្សាសុដន់ ដើម្បីជួយដល់ចលនានៃលំហូរទឹកដោះចេញមក។
បន្ថែមពីលើតិចនិកខាងលើនេះ ម៉ាក់ៗត្រូវតែញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងសម្បូរជីវជាតិ មានទាំងត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ នោះទើបសម្បូរទឹកដោះឲ្យកូនម៉ឹម។
[embed-health-tool-vaccination-tool]