ការចិញ្ចឹមកូនជាការងារសំខាន់ និងចាំបាច់មួយសម្រាប់ម៉ាក់ប៉ាគ្រប់រូប។ ស្របពេលចិញ្ចឹមកូន ម៉ាក់ប៉ាត្រូវធ្វើការរកស៊ីរកចំណូលចូលផ្ទះផង ធ្វើកិច្ចការក្នុងផ្ទះផង មមាញឹកខ្លាំង ល្វីងមុខឆាប់ធ្វើឲ្យអារម្មណ៍មួម៉ៅជាដើម។ ពេលខ្លះ គ្រាន់តែកូនធ្វើឲ្យខុសបន្តិចម៉ាក់ប៉ាបែរជាខឹង ស្រែកគំហកដាក់កូន ឬអាចប្រើដៃជើងវាយកូនក៏ថាបាន។ តែយើងដឹងហើយថា ការវាយ ការស្រែកខ្លាំងៗដាក់កូន មិនមែនជាអាកប្បកិរិយាល្អទេ ដូចនេះហើយ ម៉ាក់ប៉ាគួរតែព្យាយាមទប់កំហឹងខ្លួនឯងពេលអាអូនធ្វើឲ្យទាស់ចិត្តម្ដងៗ។
១. កំណត់កំហឹងរបស់យើង
ជំហានដំបូងដែលយើងត្រូវធ្វើ គឺស្គាល់ពីសញ្ញាដំបូងដែលបញ្ជាក់ថា យើងចាប់ផ្ដើមខឹងហើយ។ ឧ. ពេលយើងនិយាយជាមួយកូនស្រួលបួលតែកូនស្រែកមកយើង ហើយគប់របស់របរចោល យើងអាចមានអារម្មណ៍កំហឹងចាប់ផ្ដើមកើនឡើងហើយ។
២. ដកដង្ហើមវែងៗ សម្រួលអារម្មណ៍
ដកដង្ហើមចេញចូលវែងៗ យឺតៗ ដើម្បីរម្ងាប់ភាពខឹងរបស់យើង មិនបញ្ចេញទៅលើកូន។ ធ្វើបែបនេះរហូតយើងឃើញថា ចង្វាក់បេះដូងយើងដើរមួយៗ តាមធម្មតាវិញ សឹមនិយាយជាមួយកូនម្ដងទៀត។
៣. មើលស្ថានការណ៍ឡើងវិញ
ប្រសិនបើយើងបានធូរអារម្មណ៍ យើងអាចគិតពីស្ថានការណ៍ដែលបានកើតឡើង។ ការធ្វើបែបនេះអាចជួយយើងរៀនពីបទពិសោធន៍ និងដោះស្រាយស្ថានការណ៍ស្រដៀងគ្នាកាន់តែប្រសើរនាពេលអនាគត។
៤.ក្លាយជាគំរូល្អដល់កូន
វាមិនអីទេដែលយើងមានអារម្មណ៍ខឹង អ្វីដែលជាបញ្ហានោះគឺយើងស្រែក ឬប្រើដៃប្រជើងពេលយើងទប់កំហឹងមិនបាន។ ដូចនេះហើយ ក្រោយពេលដែលយើងខឹងកូនខ្លាំងពេក រហូតស្រែក ឬវាយដំកូន យើងគួរតែនិយាយពាក្យសុំទោសទៅកាន់កូន ដើម្បីជាគំរូថា ការស្រែក ឬបញ្ចេញកំហឹងទៅលើអ្នកដទៃមិនមែនជារឿងត្រឹមត្រូវដែលយើងគួរធ្វើទេ។
បើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ ពេលខឹងអាអូនម្ដងៗ ម៉ាក់ប៉ាមិនចាំបាច់វាយ ឬស្រែកគំហកដាក់កូនទេ ព្រោះអំពើវាយតប់ ស្រែកគំហកដាក់កូននេះ សុទ្ធតែផ្ដល់ភាពអវិជ្ជមានដល់កូន ថែមទាំងអាចឲ្យកូនខ្លាច យើងជាម៉ាក់ប៉ាមិនហ៊ាននៅជិតទៀត។
[embed-health-tool-vaccination-tool]