អំឡុងពេលដែលកូនលូតលាស់ធំទៅៗ អាអូនច្បាស់ជាដួល ឬមុតនេះ មុតនោះ ដោយសារតែភាពរពឹស និងភាពងឿងឆ្ងល់ពីធម្មជាតិរបស់ក្មេង។ ពេលខ្លះ របួសដែលបង្កឡើងដោយការមុត ឬដួលអស់នោះ អាចបន្សល់ជាស្លាកស្នាម ជាប់រហូតដល់អាអូនធំបាន។
ចំពោះក្មេងៗ ស្លាកស្នាមតូចៗអាចបាត់ទៅវិញដោយឯកឯង ប៉ុន្តែបើស្នាមលើរាងកាយកូនធំ ឬជ្រៅទាមទារឲ្យមានការព្យាបាល ដើម្បីបំបាត់ស្លាកស្នាម។ វិធីសាស្ត្រខាងក្រោមប៉ុន្មាននេះ ម៉ាក់ប៉ាអាចជួយបំបាត់ស្លាកស្នាមលើខ្លួនអាអូនបានរួមមាន៖
១. ថ្នាំលាបបំបាត់ស្នាម៖ ថ្នាំលាបបំបាត់ស្នាម គ្រីម ជែល ឬឡេផ្ដល់សំណើម ដែលមានសារធាតុ វីតាមីនE ឬប្រេង អាចជួយឲ្យរូបរាងស្នាមគ្រាន់បើជាងមុន និងធ្វើឲ្យស្នាមមើលមិនសូវឃើញ។ តែ មុននឹងសម្រេចប្រើថ្នាំអ្វីមួយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
២. ការព្យាបាលដោយឡាស៊ែរ៖ ស្រទាប់លើនៃជាលិកាស្លាកស្នាមត្រូវបានយកចេញដោយការប្រើកាំរស្មីឡាស៊ែរ ជាហេតុកាត់បន្ថយកម្រាស់របស់ស្លាកស្នាមបាន។ ការណែនាំឲ្យព្យាបាលដោយកាំរស្មីឡាស៊ែរ គឺអាស្រ័យទៅលើជម្រៅរបស់ស្លាកស្នាម។ គ្រប់ស្លាកស្នាមទាំងអស់អាចប្រើវិធីព្យាបាលដោយប្រើឡាស៊ែរបាន សូម្បីតែស្នាមផ្លែក៏អាចព្យាបាលបានដែរ។
៣. ការចាក់ថ្នាំ៖ ការចាក់ថ្នាំស្តេរ៉យ ត្រូវបានប្រើដើម្បីកាត់បន្ថយទំហំ និងកែល្អរូបរាងរបស់ស្នាម។ វិធីព្យាបាលស្នាមដោយការចាក់ថ្នាំនេះ ភាគច្រើនប្រើទៅលើស្នាមផ្លែ ហើយការចាក់ថ្នាំស្តេរ៉យ អាចជួយកាត់បន្ថយការឈឺចាប់ រមាស់ និងឡើងកន្ទួលក្រហម បង្កឡើងដោយស្លាកស្នាមបាន។ បន្ទាប់ពីចាក់ថ្នាំនេះហើយ ស្លាកស្នាមអាចជាល្អប្រសើរបាន៥០% ឬអាចជាបាត់ទៅវិញទាំងស្រុងតែម្ដង។ ប៉ុន្តែ ការចាក់ថ្នាំនេះមានផលរំខានតិចតួច ដែលយើងត្រូវពិគ្រោះជាមួយពេទ្យជាមុនសិន។
ក្រៅពីវិធីព្យាបាលស្លាកស្នាមខាងលើនេះ ម៉ាក់ប៉ាគួរតែមានវិធីបង្ការផ្សេងៗ ការពារកូនមិនឲ្យកើតស្លាកស្នាមលើខ្លួនបានដូចជា៖
– ចំពោះស្នាមរយះ និងមុតតូចៗ ត្រូវលាងសម្អាតមុខរបួសដោយទឹក និងសាប៊ូ។ ការលាងសម្អាត អាចជួយកាត់បន្ថយឱកាសនៃការឆ្លងមេរោគ ហើយអាចជួយការពារកុំអោយមានស្នាម។ នៅពេលដែលមុខរបួសត្រូវបានសម្អាត ម៉ាក់ប៉ាអាចលាបគ្រីមប្រឆាំងនឹងបាក់តេរី ហើយប្រើបង់រុំរបួស។
– ជំរុញឲ្យកូនពាក់ឧបករណ៍ការពារសុវត្ថិភាពដូចជា មួកសុវត្ថិភាព និងជ័រការពារកែងដៃ ជង្គង់។ល។ ពេលជិះកង់ ឬជិះស្គីលេង ដើម្បីការពារកូនពីរបួសផ្សេងៗ។
– ពេលរមាស់ ហាមកូនកុំឲ្យកេះ ឬអេះវា ព្រោះអាចធ្វើឲ្យឆ្លងមេរោគ និងដំបៅកាន់តែធ្ងន់ធ្ងរ។ល។
[embed-health-tool-vaccination-tool]