ជឿថា ប៉ាម៉ាក់សម័យថ្មីភាគច្រើន ចង់ចិញ្ចឹមបីបាច់កូនឲ្យលូតលាស់ទៅជាមនុស្សរឹងមាំម្នាក់ ដែលអាចប្រឈម និងដោះស្រាយបញ្ហាបានដោយខ្លួនឯង ហើយជាបុគ្គលមានទំនួលខុសត្រូវម្នាក់។ ផ្ទុយទៅវិញ បើម៉ាក់ប៉ាណាដែលមានទម្លាប់ធ្វើរឿងប៉ុន្មានខាងក្រោម កូនៗអាចធំឡើងហើយ តែនៅតែត្រូវពឹងផ្អែកលើម៉ាក់ប៉ានៅពេលជួបបញ្ហា។
១.ទំរើសកូន
ទង្វើនេះ អាចជាទម្លាប់របស់ប៉ាម៉ាក់មួយចំនួន ដោយហេតុថា ខ្លាចកូនហត់ ខ្លាចពិបាកដល់កូន។ ការដែលទំរើសកូន ខ្លាចលំបាកកូន គឺជាទង្វើមួយដែលមិនអនុញ្ញាតឲ្យពួកគេយល់ពីភាពហត់នឿយក្នុងជីវិត បណ្តោយឲ្យពួកគេស្គាល់តែភាពស្រណុកសុខស្រួល ដូចនេះទោះដល់វ័យណាក៏ដោយ កូនៗនៅតែរំពឹងលើម៉ាក់ប៉ាពេលដែលជួបរឿងពិបាក។ បងស្រី សុផាលីន អ្នករកស៊ីម្នាក់នៅម្តុំចំការដូង ឲ្យដឹងថា“និយាយពីរឿងទំរើសកូន គឺខ្ញុំនេះហើយ។ ខ្លាចណាស់កូនហត់ សុខចិត្តធ្វើខ្លួនឯង ដល់ពេលឥឡូវ ខ្ចិលបាត់ ប្រើធ្វើអីមួយ នៅស្ពឹកនៅហ្នឹង។”
២.បណ្តោយឲ្យធ្វើតាមចិត្តចង់
ម៉ាក់ប៉ាមួយចំនួនគិតថា កូននៅក្មេង ចឹងហើយចេះតែបណ្តោយឲ្យកូនធ្វើអីតាមចិត្ត ចង់បានអីបានហ្នឹង ប៉ុន្តែទោះស្រលាញ់កូនប៉ុនណាក៏ដោយ ក៏មិនគួរចេះតែបណ្តោយកូនឲ្យធ្វើតាមតែចិត្តចង់ដែរ។ ឧទាហរណ៍ កូនចង់បានរបស់លេងនេះ ម៉ាក់ប៉ាទិញឲ្យភ្លាម អាចធ្វើឲ្យកូនក្លាយជាក្មេងទំនើង ហើយមិនល្អទេនៅពេលដែលកូនធំ ព្រោះកាលណាកាន់តែធំ កាន់តែចង់បានរបស់ល្អៗ រហូតអាចហួសពីសមត្ថភាពម៉ាក់ប៉ាក៏ថាបាន។
៣.មិនខ្វល់ពីកំហុសកូន
នៅពេលដែលកូនធ្វើខុសអ្វីមួយ ម៉ាក់ប៉ាមិនគួរធ្វើហីៗ មិនបង្រៀនកូនឲ្យត្រឹមត្រូវវិញទេ ព្រោះកាលណាបើមិនយកចិត្តទុកដាក់ពីកំហុសដែលកូនធ្វើ វាអាចបណ្តាលឲ្យពួកគេ គិតថាទង្វើដែលធ្វើនោះត្រឹមត្រូវ ចឹងអាចធ្វើម្តងហើយម្តងទៀតបាន គ្មានបញ្ហាអីទេ។ ហើយពេលធំឡើង វាអាចបណ្តាលកូនក្លាយជាមនុស្សគ្មានទំនួលខុសត្រូវម្នាក់ក្នុងសង្គម។
៤.ប្រៀបធៀបកូននឹងអ្នកដទៃ
មានម៉ាក់ប៉ាមួយចំនួន ចូលចិត្តយកកូនខ្លួនទៅប្រៀបនឹងកូនគេ ឬបងប្អូន។ ឧទាហរណ៍ កូនគេល្អនេះ ល្អនោះ តែកូនឯងមិនបានស្មើកូនគេ ដោយគិតថា វាអាចជួយឲ្យកូនធ្វើបានល្អដូចគេ។ ផ្ទុយទៅវិញ ទង្វើបែបនេះ វាធ្វើឲ្យកូនមិនសប្បាយចិត្ត ហើយអាចក្លាយទៅជាក្មេងទំនើង មិនស្តាប់បង្គាប់ ហើយបើធ្ងន់ធ្ងរ អាចបណ្តាលឲ្យកូនកើតជំងឺផ្លូវចិត្ត អាចគិតខ្លីក៏ថាបាន។
ស្របនឹងបញ្ហាប្រៀបធៀបកូននេះដែរ លោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា ធ្លាប់បានឲ្យដឹងថា ក្មេងម្នាក់ៗមិនដូចគ្នាទេ បើម៉ាក់ប៉ាប្រៀបកូននឹងកូនអ្នកដទៃគ្មានបានប្រយោជន៍អី ហើយអាចបណ្ដាលឲ្យកូនកើតជំងឺបាក់ទឹកចិត្តទៀត។
[embed-health-tool-vaccination-tool]