ម៉ាក់ប៉ាមួយចំនួនតែងស្រែកឲ្យកូនពេលធ្វើអ្វីមួយខុសដោយគិតថានេះអាចជួយឲ្យកូនដឹងថាខ្លួនបានបង្កកំហុសអ្វីមួយ។ តាមពិតទៅការស្រែកគឺជាការបង្ហាញកំហឹងដែលអាចធ្វើឲ្យកូនមានភាពភ័យខ្លាច និងពិបាកក្នុងការប្រដៅ។ ចំណែកឯការនិយាយជាមួយកូនដោយអារម្មណ៍ត្រជាក់គឺមានប្រសិទ្ធភាពជាងស្រែកដាក់កូន។ ម៉ាក់ប៉ាអាចអនុវត្តប៉ុន្មានវិធីនេះដើម្បីបញ្ឈប់ការស្រែកដាក់កូន។
១. ធ្វើចិត្តឲ្យត្រជាក់
នៅពេលដឹងខ្លួនថាកំពុងខឹង និងអាចដំឡើងសំឡេងស្រែកដាក់កូន ម៉ាក់ប៉ាអាចដកខ្លួនចេញពីស្ថានការណ៍នោះមួយសន្ទុះដើម្បីរំងាប់អារម្មណ៍សិន។ ម៉ាក់ប៉ាអាចបិទភ្នែក និងដកដង្ហើមវែងៗដែលនេះអាចជួយឲ្យចិត្តត្រជាក់បាន។
អត្ថបទពាក់ព័ន្ធ៖
- វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់
- ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយអំបិលពីរបបអាហារ
- តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត
២. និយាយអំពីអារម្មណ៍
កំហឹងគឺជាអារម្មណ៍មួយដែលម៉ាក់ប៉ាអាចរៀនពីវាបានប្រសិនជាចេះគ្រប់គ្រងកំហឹងបានត្រឹមត្រូវ។ ការយល់ពីអារម្មណ៍ផ្សេងៗដូចជាសប្បាយចិត្ត ពិបាកចិត្ត រំភើប កំហឹង និងច្រណែនគឺអាចជួយបង្រៀនកូនឲ្យដឹងថាអារម្មណ៍ទាំងនេះជាផ្នែកមួយនៃមនុស្ស។ ការនិយាយអំពីអារម្មណ៍របស់យើងទៅកាន់កូនជួយជំរុញកូនឲ្យនិយាយអំពីអារម្មណ៍របស់ពួកគេប្រាប់យើងវិញដូចគ្នា។ នេះអាចជួយដល់ពួកគេក្នុងការរៀនពីការគោរពអ្នកដទៃ និងបង្កើតទំនាក់ទំនងល្អនៅពេលអនាគត។
៣. លើកឡើងអំពីអាកប្បកិរិយាមិនល្អ
កូនក្មេងតែងប្រព្រឹត្តខុសជាញឹកញាប់ នេះជាផ្នែកមួយនៃការលូតលាស់។ ដូចនេះនៅពេលកូនធ្វើខុស ម៉ាក់ប៉ាមិនគួរស្រែកទៅឲ្យកូន ឬដាក់ពិន័យកូនភ្លាមៗទេ។ ម៉ាក់ប៉ាគួរលើកឡើងពីអាកប្បកិរិយាមិនល្អនេះមកនិយាយជាមួយកូន និងបង្រៀនពួកគេថាអាកប្បកិរិយានេះគឺមិនសមរម្យ។
៤. និយាយដោយសំឡេងធម្មតា
ការណែនាំកូនក្មេងដែលមានប្រសិទ្ធភាពគឺប្រើសំឡេងម៉ឺងម៉ាត់ ប៉ុន្តែជាសំឡេងធម្មតាមិនខ្លាំង។ នៅពេលម៉ាក់ប៉ានិយាយជាមួយកូនដោយចិត្តត្រជាក់ កូនតែងស្ដាប់ និងធ្វើតាម។ ម៉្យាងទៀត នៅពេលនិយាយជាមួយកូន ម៉ាក់ប៉ាគួររក្សាកម្រិតភ្នែកឲ្យស្មើនឹងកូនចៀសជាងនៅខ្ពស់ជាង ឬនៅឆ្ងាយពីកូន។ នៅពេលនោះដែរ កុំភ្លេចលើកឡើងពីអាកប្បកិរិយាដែលត្រូវកែតម្រូវផង។
៥. បង្កើនទំនាក់ទំនងជាមួយកូន
ម៉ាក់ប៉ាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកូនតែងមានភាពងាយស្រួលក្នុងការនិយាយណែនាំ ឬប្រដៅកូន។ ពេលកូននៅតូច ពួកគេតែងចង់នៅជិតម៉ាក់ប៉ា ដូចនេះម៉ាក់ប៉ាគួរប្រើឱកាសនេះជាប្រយោជន៍ក្នុងការបង្កើនទំនាក់ទំនង។ កូនកាន់តែស្និទ្ធស្នាលនឹងម៉ាក់ប៉ា កូននឹងមានការគោរពទៅលើម៉ាក់ប៉ា និងមិនសូវព្រហើន។
[embed-health-tool-vaccination-tool]